ថ្ងៃសុក្រ ទី២៨ ខែមីនា ឆ្នាំ២០២៥

តំណាង កម្ពុជា លើឆាកអន្តរជាតិលើកដំបូង ស្ងួន កវី ម៉ូនីកា ប្ដេជ្ញាក្រសោបមកុដមិនឱ្យអ្នកគាំទ្រអស់សង្ឃឹម !

១២ កុម្ភៈ ២០២៥ | កម្សាន្ដ

 

 

ទើបឈ្នះមកុដ Miss Pre Teen Cambodia 2024 ក្តៅៗ ពេលនេះបវរកញ្ញាវ័យក្មេង ស្ងួន កវី ម៉ូនីកា ត្រូវបានជ្រើសតាំងជា Miss Icon Cambodia 2024 ដើម្បីតំណាងកម្ពុជាចូលរួមប្រកួតកម្មវិធី Miss Icon International 2024 នៅអំឡុងខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ។

 

 

មិនខុសពីបវរកញ្ញាវ័យក្មេងឯទៀតនោះឡើយ ក្រោយឈ្នះតំណែងជា Miss Pre Teen Cambodia 2024 យុវតីរូបស្រស់សោភា ស្ងួន កវី ម៉ូនីកា ក៏នឹងត្រូវតំណាងកម្ពុជាចូលរួមប្រកួតកម្មវិធីអន្តរជាតិ នៅអំឡុងខែតុលា ឆ្នាំ២០២៥ ខាងមុខនេះផងដែរ។ ក្នុងនោះ ម៉ូនីកា ត្រូវបានស្ថាប័នមេឌៀឡូតជ្រើសតាំងជា Miss Icon Cambodia 2024 ដើម្បីតំណាងកម្ពុជាចូលរួមប្រកួតកម្មវិធី Miss Icon International 2024 ដែលកម្ពុជាជាម្ចាស់ផ្ទះរៀបចំការប្រកួត។

 

 

ខណៈវេទិកាប្រកួតអន្តរជាតិកាន់តែរំកិលខិតជិតមកដល់ ម្ចាស់មកុដរូបនេះ មិនបង្អង់ក្នុងការត្រៀមខ្លួនសម្រាប់ការប្រកួត ដោយសព្វថ្ងៃនាងបានចំណាយពេលហ្វឹកហាត់ពង្រឹងសមត្ថភាពការដើរ ការប្រើប្រាស់ភាសា និងការនិយាយស្តីផងដែរ ដើម្បីប្រាកដថា ខ្លួនអាចដណ្តើមមកុដអន្តរជាតិជាមុខមាត់សម្រាប់ប្រទេសកម្ពុជាយើង។

 

 

 

ដ្បិតនេះជាលើកដំបូងដែលមានឱកាសតំណាង កម្ពុជា លើឆាកអន្តរជាតិ បវរកញ្ញាវ័យក្មេងដែលសមត្ថភាព ទេពកោសល្យ និងភាពក្លាហាន ស្ងួន កវី ម៉ូនីកា គ្មានភាពភ័យខ្លាចអ្វីឡើយ តែនាងបែរជារំភើបដែលបានពាក់ឈៀង CAMBODIA ចូលរួមប្រកួត ថែមទាំងប្តេជ្ញាបញ្ចេញឱ្យអស់ពីសមត្ថភាពដើម្បីឈ្នះមកុដអន្តរជាតិទៀតផង។

 

 


សូមជម្រាបថា ក្រៅពីការត្រៀមខ្លួនលើផ្នែកសំខាន់ៗ យុវតី ស្ងួន កវី ម៉ូនីកា ក៏ឆ្លៀតធ្វើកម្មវិធីសប្បុរសធម៌ផ្សេងៗជាហូរហែរ ដើម្បីជាគំរូបង្ហាញទៅបវរកញ្ញាវ័យក្មេងឯទៀត។

 

 

 ទោះជាយ៉ាងនេះក្តី យុវតីរូបនេះក៏នៅតែស្វាគមន៍ទទួលធ្វើការងារផ្សេងៗប្រសិនផលិតករ ឬបណ្តាក្រុមហ៊ុនឯកជនចាប់អារម្មណ៍សមត្ថភាព ហើយចង់ទំនាក់ទំនងធ្វើការ គឺនាងស្វាគមន៍ជានិច្ច ព្រោះបវរកញ្ញាវ័យក្មេងរូបនេះយល់ថា បើយើងធ្វើការកាន់តែច្រើនយើងនឹងទទួលបានបទពិសោធន៍ច្រើនតាមនោះដែរ។ 

 

 

ឆ្លៀតឱកាសនេះ ម្ចាស់មកុដ Miss Pre Teen Cambodia 2024 ស្ងួន កវី ម៉ូនីកា សំណូមពរឱ្យពុកម៉ែបងប្អូនជួយគាំទ្ររូបនាងផង ហើយលោកអ្នកអាចតាមដានសកម្មភាពថ្មីៗរបស់នាងបានលើទំព័រហ្វេសប៊ុកផ្លូវការឈ្មោះថា Sngoun Kavei Monika-ស្ងួន កវី ម៉ូនីកា ៕

 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច និងផ្តល់ឱ្យ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025