ថ្ងៃព្រហស្បតិ៍ ទី០៥ ខែធ្នូ ឆ្នាំ២០២៤

អ្នកគ្រប់គ្រងស្ថាប័ន MPI ដាក់ចំៗទៅ ដេត ស្រីនាថ និងរឿងផ្តល់មកុដធំ២ក្នុងពេលតែមួយ !  

០៣ ធ្នូ ២០២៤ | កម្សាន្ដ

 

រឿងរ៉ាវ Miss Planet International 2024 បានបញ្ចប់ទៅហើយក្តី តែអ្នកគ្រប់គ្រងស្ថាប័ន Miss Planet International បែរជាអះអាងថា ដេត ស្រីនាថ ធ្វើពហិការមិនចូលរួមប្រកួតព្រោះមិនជឿជាក់លើសមត្ថភាពខ្លួន ទើបខាងស្ថាប័នជ្រើសរើសអ្នកថ្មីជំនួសដើម្បីកុំឱ្យខូចកម្មវិធី ។ 

 

 

នៅក្នុងសន្នីសីទសារព័ត៌មានមួយកាលពីពេលថ្មីៗនេះ ខាង ស្ថាប័ន Miss Planet International បានអះអាងថា កញ្ញា ដេត ស្រីនាថ ធ្វើពហិការមិនចូលរួមប្រកួតគឺដោយសារតែមិនមានការជឿជាក់លើខ្លួនឯង ។ ចុងក្រោយត្រូវសម្រេចជ្រើសរើសកញ្ញា ខន សុវណ្ណសូនីតា ចូលរួមប្រកួតជំនួសទាំងនាងមិនទាន់បានត្រៀមខ្លួន ។ 

 

 

នៅក្នុងឆ្នាំនេះ Miss Planet International 2024 មានអ្នកគ្រងមកុដធំៗដល់ទៅពីរនាក់ ដែលធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពីមហាជនទាំងក្នុងនិងក្រៅប្រទេស ពីព្រោះការប្រកួតបវរកញ្ញានាពេលកន្លងមកកម្រនឹងមានរឿងនេះណាស់ ។ សម្រាប់ម្ចាស់មកុដទាំងពីររូបនោះ បានបង្ហាញនូវអារម្មណ៍រីករាយកក៏ដូចជាប្តេជ្ញាចិត្តចូលរួមផ្សព្វផ្សាយពីវប្បធម៌ និងអរិយធម៌ ខ្មែរ ឱ្យបានកាន់តែទូលំទូលាយ ជាពិសេសគឺតំបន់ទេសចរណ៍នៅក្នុងប្រទេស កម្ពុជា នៅលើទឹកដីខេត្ត សៀមរាប អង្គរ ។ 

 


ដើម្បីបញ្ចប់ព័ត៌មានរឿងផ្តល់មកុដ២ក្នុងកម្មវិធីតែមួយ លោកស្រី ហាលី អាមីន អ្នកគ្រប់គ្រងស្ថាប័ន Miss Planet International បានបញ្ជាក់ប្រាប់នៅក្នុងសន្នីសីទសារព័ត៌មានមួយបន្ទាប់ពីបញ្ចប់ការប្រកួត Miss Planet International 2024 ថា លោកស្រីមើលឃើញខាង បេក្ខភាពវរកញ្ញាទាំង២នេះខ្លាំងដូចគ្នា ដូច្នេះហើយទើបលោកស្រីគិតថា មិនអាចឱ្យមួយអត់មួយបានទេ ។ 

 


ទន្ទឹមកនិងការបកស្រាយពីរឿងរ៉ាវខាងលើនោះលោកស្រី ហាលី អាមីន ក៏បានបន្ថែមទៀតថា សម្រាប់ កញ្ញា ដេត ស្រីនាថ ដែលបានធ្វើពហិការមិនចូលរួមប្រកួតនោះ គឺដោយសារនាងមិនទុកចិត្តលើខ្លួនឯង ។ ក្រឡេកមកមើកកញ្ញា ខន សុវណ្ណសូនីតា ដែលជាអ្នកជំនួស កញ្ញា ដេត ស្រីនាថ នោះនាងបានប្រាប់ថា នាងភ្ញាក់ផ្អើលខ្លាំងណាស់នៅពេលដែលឃើញគេទាក់ទងឱ្យនាងឡើងទៅជំនួសកញ្ញា ដេត ស្រីនាថ ទាំងដែលខ្លួនមិនបានត្រៀមខ្លួន សូម្បីតែងូតទឹកនិងតុបតែងខ្លួនក៏មិនទាន់បានធ្វើផង ។ 

 


កម្មវិធីបវរកញ្ញាភពផែនដីអន្តរជាតិ Miss Planet International មានការទទួលស្គាល់ពី រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ប្រទេសកម្ពុជា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រដ្ឋមន្ត្រីនៃអគ្គស្នងការនគរបាលជាតិ រដ្ឋមន្ត្រីនៃក្រសួងសេដ្ឋកិច្ច ។ នៅឆ្នាំក្រោយៗទៀតលោកស្រី ហាលី អាមីន មានគម្រោងធ្វើយ៉ាងណាឱ្យកម្មវិធីកូនខ្មែរនេះកាន់តែល្បីល្បាញនិងល្អជាងឆ្នាំមុនៗ ជាពិសេសដើម្បីបញ្ជៀសនូវរាល់បញ្ហាទាំងឡាយ លោកស្រីនឹងធ្វើកុងត្រាទៅតាមផ្លូវច្បាប់កុំឱ្យមានហេតុការណ៍កើតឡើងដូចឆ្នាំនេះ ៕

 

 

អត្ថបទ ៖ ម៉ា រីសា  រូបភាព ៖  អ៊ិន អាត

 

 


 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024