ថ្ងៃអាទិត្យ ទី១៩ ខែមករា ឆ្នាំ២០២៥
ថ្ងៃអាទិត្យ ទី១៩ ខែមករា ឆ្នាំ២០២៥
មិនត្រឹមតែចូលរួមញ៉ាំងភាពសប្បាយរីករាយក្នុងពិព័រណ៌នារីប៉ុណ្ណោះទេ សិល្បករ-សិល្បការនីល្បីៗ តារា Tik Tok និង Influencer ល្បីៗ ក៏បានចែករំលែកពីការថែទាំសម្រស់ដល់សុភាពនារីឱ្យត្រឹមត្រូវទៀតផង។
សិល្បករ-សិល្បការនីល្បីៗ តារា Tik Tok និង Influencer ល្បីៗជាច្រើននាក់ រួមមាន៖ កញ្ញា ម៉ៃយ៉ា Miss Queen Cambodia 2023, គូស្នេហ៍វ័យក្មេង ធុច សាលិ និង អា មួយ , តារាម៉ូដែល និងជា influencer ល្បីឈ្មោះ ងិចចា (Ngekjaa), ស្រីស្អាត ដេនី និងអតីតតារាសម្តែង ហង្ស ម៉ារ៉ានី រួមទាំងតារា Tik Tok ល្បីៗជាច្រើនរូបទៀត បាននាំគ្នាចូលរួមញ៉ាំងភាពសប្បាយរីករាយក្នុងកម្មវិធីពិព័រណ៌នារី ចុងឆ្នាំ២០២៤ ឱ្យកាន់តែអធិកអធម កាលពីចុងសប្តាហ៍កន្លងទៅ នៅផ្សារទំនើបអ៊ីអន ១។
ពិព័រណ៌នារីនាឆ្នាំនេះ មានការចូលរួមតាំងពិពរ័ណ៌ផលិតផលជាច្រើនមុខ ដែលមួយចំនួនធំជាយីហ៊ោផលិតឡើងដោយកូនខ្មែរតែម្តង។ តារាល្បីៗដែលចូលរួមកម្មវិធីនេះ បានប្រើប្រាស់មធ្យោបាយផ្ទាល់ខ្លួនក្នុងការផ្សព្វផ្សាយពីគុណភាព និងការថែទាំផ្សេងៗ ក្នុងបំណងបញ្ជ្រាបការយល់ដឹងបន្ថែមអំពីការថែទាំសម្រស់ឱ្យបានត្រឹមត្រូវដល់ខសុភាពនារីទាំងឡាយ។ ទៀតសោត ក៏មានការលេងហ្គេមសប្បាយៗដើម្បីយករង្វាន់ និងការបង្ហាញម៉ូដបង្អួតសម្រស់ពីតារាល្បីៗថែមទៀតផង។
សិល្បករ និង Influencer ល្បីៗលើកឡើងស្រដៀងគ្នាថា វាពិតជាសំខាន់ដែលសុភាពនារីទាំងឡាយគួរយកចិត្តទុកដាក់លើសម្រស់ជាចម្បង ដូច្នេះមុនសម្រេចចិត្តប្រើប្រាស់អ្វីមួយយើងគួរតែសិក្សាស្វែងយល់ពីវាឱ្យបានច្បាស់លាស់ ពិសេសវត្ថុធាតុដើម មុនយកទៅប្រើប្រាស់ ដើម្បីឱ្យទទួលបានប្រសិទ្ធភាព និងប្រាកដថា វាមិនប៉ះពាល់ដល់សុខភាពរបស់យើង។ បន្ថែមពីលើនោះ យើងក៏គួរឆ្លៀតពេលធ្វើលំហាត់ប្រាណខ្លះៗឱ្យសុខភាព និងសម្រស់របស់យើងមើលទៅក្មេងជាងវ័យផងដែរ។
គួររំឮកផងដែរថា ពិព័រណ៌នារី ចុងឆ្នាំ២០២៤ បានទាក់ទាញចិត្តសិល្បករ-សិល្បការនីជាច្រើនឱ្យចូលរួមលេងកម្សាន្តតាមស្តង់នីមួយៗ។ ក្រៅពីផ្តល់ភាពសប្បាយរីករាយ គ្រប់គ្នាក៏បានពន្យល់ណែនាំពីអត្ថប្រយោជន៍ផ្សេងៗដល់សុភាពនារីពីការថែទាំងសម្រស់ និងសុខភាពស្បែកឱ្យបានល្អទៀតផង៕
អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច