ថ្ងៃអង្គារ៍ ទី១០ ខែធ្នូ ឆ្នាំ២០២៤
ថ្ងៃអង្គារ៍ ទី១០ ខែធ្នូ ឆ្នាំ២០២៤
មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានបញ្ជាក់ថា សេដ្ឋកិច្ចរបស់ប្រទេសថៃ ត្រូវបានព្យាករណ៍ថានឹងកើនឡើង ២,៧% នៅឆ្នាំនេះ និងបន្តកើនឡើងដល់ ២,៩% នៅឆ្នាំ ២០២៥។ នេះបើយោងតាមការចេញផ្សាយរបស់ សារព័ត៌មានអន្តរជាតិធំៗជាច្រើន នៅថ្ងៃនេះ។
IMF បានបញ្ជាក់ថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសថៃនៅឆ្នាំនេះ គឺឆ្លុះបញ្ចាំងពី វិធានការជំរុញសារពើពន្ធដែលបានគ្រោងទុក និងការកើនឡើងនៃការវិនិយោគសាធារណៈ។
លើសពីនេះ កំណើននៃការប្រើប្រាស់ឯកជន ត្រូវបានគេរំពឹងថា នឹងនៅតែរឹងមាំ ដែលត្រូវបានជំរុញដោយរាជរដ្ឋាភិបាលថៃ ខណៈពេលដែលការវិនិយោគឯកជន ក៏ត្រូវបានព្យាករណ៍ថា នឹងកើនឡើងផងដែរ។
ធនាគារកណ្តាលថៃ នឹងពិនិត្យឡើងវិញនូវគោលនយោបាយរូបិយវត្ថុ បន្ទាប់នៅថ្ងៃទី ១៨ ខែធ្នូ ខណៈការកាត់បន្ថយអត្រាគួរឱ្យភ្ញាក់ផ្អើលកាលពីខែមុន គឺជាការកែតម្រូវគោលនយោបាយឡើងវិញ។
សេដ្ឋកិច្ចរបស់ប្រទេសថៃបានកើនឡើង ៣% នៅក្នុងត្រីមាសទី ៣ ដែលជាកំណើនលឿនបំផុតក្នុងរយៈពេល ២ឆ្នាំ ហើយទីភ្នាក់ងារផែនការរដ្ឋថៃ បានព្យាករថា នឹងមានកំណើន ២,៦% នៅឆ្នាំនេះ ដែលកើនឡើងពីឆ្នាំមុន ១,៩%។
ជាចុងក្រោយ របាយការណ៍របស់ IMF បានព្យាករថា កំណើនសេដ្ឋកិច្ចពិភពលោក ក្នុងរយៈពេល ២ឆ្នាំខាងមុខ នឹងមានកម្រិតមធ្យម ហើយបានលើកទឹកចិត្តឱ្យអាជ្ញាធរថៃ អនុវត្តកំណែទម្រង់រចនាសម្ព័ន្ធ ដើម្បីជំរុញការវិនិយោគ និងលើកកម្ពស់ការប្រកួតប្រជែង និងផលិតភាពផងដែរ៕
អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ