ថ្ងៃព្រហស្បតិ៍ ទី២៦ ខែធ្នូ ឆ្នាំ២០២៤
ថ្ងៃព្រហស្បតិ៍ ទី២៦ ខែធ្នូ ឆ្នាំ២០២៤
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើង នៅក្នុងកិច្ចប្រជុំកំពូលសេដ្ឋកិច្ច និងបច្ចេកវិទ្យាចិនពិភពលោក (GCET) ឆ្នាំ២០២៤ ថា ក្នុងបរិបទមានការផ្លាស់ប្តូរបច្ចេកវិទ្យា សេដ្ឋកិច្ចឌីជីថលបានបង្កើតឲកាសជាច្រើនសម្រាប់ធុរកិច្ច និងការវិនិយោគថ្មីនៅក្នុងប្រទេសទេសកំពុងអភិវឌ្ឍន៍។ ក្នុងនោះ កម្ពុជាបានចាត់ទុកចិន ជាអ្នកជំរុញដោយកម្លាំងផលិតភាពថ្មីនៅក្នុងប្រទេស ដូចជាបញ្ញាសប្បនិម្មិត (AI) សេដ្ឋកិច្ចកិច្ចឌីជីថល មនុស្សយន្តព្រមទាំង ឧបករណ៍នៅក្នុងវិស័យនវានុវត្ត៍ផ្សេងទៀត។
ជាមួយគ្នានេះ សម្តេចបវរធិបតី បានចាត់ទុកចិន ជាប្រទេសដឹកនាំកំណើនសេដ្ឋកិច្ចដ៏សំខាន់របស់ពិភពលោក ជាពិសេស នៅពេលទីក្រុងប៉េកាំង ផ្តោតលើការអភិវឌ្ឍន៍ប្រកបដោយគុណភាពខ្ពស់ ប្រទេសនានា នឹងទទួលបានអត្ថប្រយោជន៍ ពីការតម្រង់ទិស នៃគោលនយោបាយរបស់ចិន លើវិស័យបច្ចេកវិទ្យារបស់ចិន។ ការផ្លាស់ប្តូរបច្ចេកវិទ្យាមានសារៈសំខាន់ខ្លាំងណាស់ ជាពិសេស នៅក្នុងបរិបទនៃទំនាក់ទំនងជិតស្និតរវាងកម្ពុជា និងចិន ដែលជាដៃគូវិនិយោគ និងដៃគូពាណិជ្ជកម្មយុទ្ធសាស្រ្តធំបំផុតរបស់កម្ពុជា។ លើសពីនេះ សម្តេច ក៏បានរំលេចពីគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ( BRI) របស់ចិន ក្នុងការរឹតចំណងទំនាក់ទំនងទ្វេភាគីជាមួយកម្ពុជា ដែលក្នុងនោះ ធុរកិច្ចចិនបានឈានមុខគេសម្រាប់ការនាំយកភាពជឿនលឿនបច្ចេកវិទ្យាមកកម្ពុជា។
ប្រមុខរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា ប្រកាន់ខ្ជាប់នូវជំហច្បាល់លាស់មួយថា តួអង្គសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច មិនមែនជារដ្ឋាភិបាលនោះទេ ប៉ុន្តែជាអ្នកធុរកិច្ច និងវិនិយោគិន។ ពួកគេ មានតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងជំនាញនវានុវត្តន៍នៅកម្ពុជា។ ចំណែក តួនាទីរបស់រដ្ឋាភិបាល គឺបង្កើតបរិយាកាសអំណោយផល ដែលធុរកិច្ចអាចរីកចម្រើន និងនវានុវត្តន៍អាចមានភាពជឿនលឿន។
ទន្ទឹមនឹងនេះ កម្ពុជា ជាប្រទេសដែលមានប្រជាជនវ័យក្មេងជាងគេនៅអាស៊ី ២ភាគ៣ នៃប្រជាជនកម្ពុជា មានអាយុក្រោម ៣៥ឆ្នាំ។ ត្រង់ចំណុចនេះ សម្តេចបានលើកឡើងពីកម្មវិធីអភិវឌ្ឍន៍មូលធន តាមរយៈការបណ្តុះបណ្តាលបច្ចេកវិទ្យា និងវិជ្ជាជីវៈគ្រប់ជ្រុងជ្រោយដល់យុវជន ១,៥លាននាក់ ហើយកម្ពុជា ក៏បានសម្រួលដល់អ្នកវិនិយោគ ក្នុងការចុះបញ្ជីតាមប្រព័ន្ធអេឡិចត្រូនិក ដែលកាត់បន្ថយរយៈពេលបានខ្លីជាងមុនផងដែរ។
គួរជម្រាបថា ក្នុងរយៈពេល ១០ខែឆ្នាំ ២០២៤ កម្ពុជាមានទំហំពាណិជ្ជកម្មជាមួយចិន ចំនួនជាង ១២ពាន់លានដុល្លារ កើន ២៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ កម្ពុជា នាំចូលពីចិន ភាគច្រើនជាវត្ថុធាតុដើម ដែលបម្រើឱ្យវិស័យកាត់ដេរ វាយនភណ្ឌ សំណង់ និងឧបករណ៍បច្ចេកវិទ្យាផ្សេងៗ ខណៈការនាំចេញទៅចិនវិញមាន គ្រឿងបង្គុំអគ្គិសនី ផលិតកសិកម្ម និងផ្លែឈើភាគច្រើនដូចជា អង្ករ ស្វាយ ចេក និងផលិតផលផ្សេងទៀតជាដើម៕
អត្ថបទ៖ ថុន សុកេតុមាលា រូបភាព៖ ឯកសារ