ថ្ងៃព្រហស្បតិ៍ ទី២៦ ខែធ្នូ ឆ្នាំ២០២៤
ថ្ងៃព្រហស្បតិ៍ ទី២៦ ខែធ្នូ ឆ្នាំ២០២៤
ក្នុងរយៈពេល ១០ខែដើមឆ្នាំ ២០២៤នេះ វិស័យអាកាសចរណ៍ស៊ីវិល របស់ប្រទេសចិន សម្រេចបាននូវ ជើងហោះហើរ ៦២០លានជើង កើនឡើងប្រមាណ ១៨% ធៀបនឹងពេលដូចគ្នា កាលពីឆ្នាំមុន។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CCTV នៅថ្ងៃនេះ។
រដ្ឋបាលអាកាសចរណ៍ស៊ីវិលចិន បានបង្ហាញថា វិស័យអាកាសចរណ៍ស៊ីវិលរបស់ប្រទេសចិន កំពុងតែមានកំណើនជាលំដាប់ ជាពិសេសនៅក្នុងខែតុលា ដែលការធ្វើដំណើររបស់អ្នកដំណើរ បានឈានដល់ ៦៤លានជើង កើនឡើង ១៤%។
ក្នុងចំណោមនោះ ការធ្វើដំណើររបស់អ្នកដំណើរក្នុងស្រុកមានចំនួន ៥៨លានជើង កើនឡើង ១០% ខណៈ ការធ្វើដំណើររបស់អ្នកដំណើរអន្តរជាតិ បានលើសពី ៥លាន ៨សែននាក់ កើនឡើង ៧៦%។
បរិមាណទំនិញនៃទីផ្សារអាកាសចរណ៍ស៊ីវិលបានកើនឡើងដល់ ៨សែនតោន កាលពីខែតុលា ដោយការដឹកជញ្ជូនទំនិញអន្តរជាតិ បានកើនឡើងដល់ ៣៣ម៉ឺនតោន កើនឡើង ៥២% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩ អំឡុងពេលមុនកូវីដ។
សូមជម្រាបថា ក្នុងរយៈពេល ១០ខែដំបូងនៃឆ្នាំនេះ វិស័យនេះ បានគ្រប់គ្រងអ្នកដំណើរចំនួន ៦២០ លានជើង កើនឡើង ១៨% ខណៈទំនិញ និងសំបុត្រសរុបប្រហែល ៧លាន ៣សែនតោន ត្រូវបានដឹកជញ្ជូន កើនឡើង ២៤% ជាពិសេស បរិមាណដឹកជញ្ជូនទំនិញ និងសំបុត្រនៅលើផ្លូវអាកាសអន្តរជាតិបានកើនឡើង ៤៨% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន៕
អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ