ថ្ងៃអង្គារ៍ ទី១០ ខែធ្នូ ឆ្នាំ២០២៤

កម្ពុជា ផ្តល់ភាពជាម្ចាស់អាជីវកម្មបរទេស ១០០% ដោយមិនមានការរឹតបន្តឹង លើប្រាក់ចំណេញ

២៧ ​វិច្ឆិកា ២០២៤ | សេដ្ឋកិច្ច

 

កម្ពុជា ផ្តល់ជូននូវភាពជាម្ចាស់អាជីវកម្មបរទេស ១០០% ដោយមិនមានការរឹតបន្តឹងលើប្រាក់ចំណេញ និងការផ្ញើដើមទុនត្រឡប់ទៅវិញនោះទេ នេះជាចំណុចខុសគ្នាជាមួយ ប្រទេសមួយចំនួនក្នុងតំបន់។

 

 

នៅក្នុងពិធីបើកកិច្ចប្រជុំកំពូលសេដ្ឋកិច្ច និងបច្ចេកវិទ្យាចិនពិភពលោក (GCET) ឆ្នាំ២០២៤ និងកិច្ចប្រជុំពាក់ព័ន្ធនានា នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា កម្ពុជា ជាប្រទេសមួយក្នុងចំណោមប្រទេស ដែលមានសេដ្ឋកិច្ចបើកចំហ និងសេរីបំផុតនៅអាស៊ី។

 


ស្ថិតក្នុងឱកាសនោះ សម្តេចបវរធិបតី បន្ដថា តាមរយៈការអនុញ្ញាតឱ្យអ្នកវិនិយោគរក្សាប្រាក់ចំណេញរបស់ពួកគេកាន់តែច្រើន ពិតជាបានធ្វើឱ្យកម្ពុជា ក្លាយជាគោលដៅដែលមានភាពប្រកួតប្រជែងសម្រាប់ការវិនិយោគ ហើយភាពជោគជ័យរបស់អ្នកវិនិយោគ គឺជាជោគជ័យរបស់រាជរដ្ឋាភិបាលផងដែរ។ 

 


ជាមួយគ្នានេះ សម្តេចបវរធិបតី បន្ថែមថា កម្ពុជាមានកម្មវិធីលើកទឹកចិត្តកម្រិតខ្ពស់ ដែលមានភាពទន់ភ្លន់ខ្លាំង នៅក្នុងតំបន់ ដែលត្រូវបានរចនាឡើងដើម្បីជួយអាជីវកម្ម និងការវិនិយោគឱ្យមានការរីកចម្រើន។ បណ្តាញនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មរបស់កម្ពុជា បានផ្តល់នូវវិសាលភាពទីផ្សារធំទូលាយ។ សម្តេចបវរធិបតី ជឿជាក់ថា សន្តិភាព និងស្ថិរភាពនយោបាយ មិនមែនគ្រាន់តែជាភាពទាក់ទាញ សម្រាប់អ្នកវិនិយោគនោះទេ ប៉ុន្តែ «ជាកត្តាដែលចាំបាច់ខានពុំបាន» ។

 


សម្តេចនាយករដ្ឋមន្រ្តីនៃកម្ពុជា បានគូសបញ្ជាក់ថា ដើម្បីគាំទ្រដល់ការធ្វើអាជីវកម្មរបស់វិនិយោគិនទាំងក្នុង និងក្រៅស្រុក សម្តេច បានបង្កើតយន្តការកម្រិតខ្ពស់មួយចំនួន ដែលជាយន្តការផ្ទាល់របស់សម្តេច ដើម្បីធានាប្រសិទ្ធភាពក្នុងការគាំទ្រអាជីវកម្ម មានដូចជា គណៈកម្មាធិការផ្តល់យោបល់លើគោលនយោបាយពាណិជ្ជកម្ម ដែលធ្វើការជាអ្នកគិតគូរ ផ្នែកយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលតាមដាននិន្នាការសកល និង ធានាឱ្យគោលនយោបាយនៅតែមានភាពប្រកួតប្រជែង និងគណៈកម្មាធិការជំរុញការដោះស្រាយវិវាទវិស័យឯកជន ដែលធ្វើការដោះស្រាយបញ្ហាយ៉ាងឆាប់រហ័ស និង មានប្រសិទ្ធភាព។

 


គួរជម្រាបថា តាមរយៈភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) កម្ពុជា ផ្តល់នូវទីផ្សារដែលមានប្រជាជន ២,៣ ប៊ីលាននាក់ និងកម្លាំងសេដ្ឋកិច្ច ដែលស្មើនឹងជិតមួយភាគបី នៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក៕

 

 

 

អត្ថបទ៖ ថុន សុកេតុមាលា រូបភាព៖ ឯកសារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024