ថ្ងៃអង្គារ៍ ទី១០ ខែធ្នូ ឆ្នាំ២០២៤
ថ្ងៃអង្គារ៍ ទី១០ ខែធ្នូ ឆ្នាំ២០២៤
មហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជា លើកទី៤ ក្រោមពាក្យស្លោក «ភាពយន្តខ្នាតខ្លីជាជំហានឆ្ពោះទៅភាពយន្តខ្នាតវែង» កំពុងត្រឡប់មកវិញហើយ ដោយសិល្បករ-សិល្បការនីល្បីៗបង្ហាញភាពវិជ្ជមានចំពោះមហោស្រពនាឆ្នាំនេះ។
ការទន្ទឹងរង់ចាំជាយូររបស់យុវសមិទ្ធិករ និងអ្នកស្នេហាវិស័យភាពយន្តនៅកម្ពុជាបានមកដល់ហើយ មហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជា លើកទី៤ កំពុងវិលត្រឡប់មកវិញហើយ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤។
ជាក់ស្តែង ពិធីបើកមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជា លើកទី៤ ត្រូវបានរៀបចំឡើងយ៉ាងអធិកអធមកាលពីថ្ងៃទី២៥ វិច្ឆិកា ឆ្នាំ២០២៤ ម្សិលមិញ ក្រោមវត្តមាន ផលិតករភាពយន្តជាតិ-អន្តរជាតិ , យុវសមិទ្ធិករ រួមទាំងសិល្បករ-សិល្បការនីប្រុសស្រីល្បីៗយ៉ាងច្រើនកុះករ។
ឆ្នាំនេះ ជាឆ្នាំទី៤ដែលនាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានរៀបចំមហោស្រពនេះឡើង ក្រោមពាក្យស្លោក «ភាពយន្តខ្នាតខ្លីជាជំហានឆ្ពោះទៅភាពយន្តខ្នាតវែង» ក្រោយមហោស្រពនេះបានចាប់បដិសន្ធិឡើងកាលពីឆ្នាំ២០១៦។
ក្រោយប្រកាសជូនដំណឹងស្តីពីការរៀបចំមហោស្រពកាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤កន្លងទៅ គណៈកម្មការរៀបចំមហោស្រពបានទទួលស្នាដៃភាពយន្តខ្នាតខ្លីសុំចូលប្រកួតប្រជែងចំនួន ៤៦ស្នាដៃ ដែលក្នុងនោះស្នាដៃភាពយន្តខ្លីសម្រាប់ប្រកួតប្រជែងមានចំនួន ៣៤ស្នាដៃ និងស្នាដៃឯកសារភាពយន្តខ្នាតខ្លីសម្រាប់ប្រកួតប្រជែងមានចំនួន ១២ស្នាដៃ។
ចំនួននេះមានការកើនឡើងប្រមាណជិត ២០% បើប្រៀបធៀបនឹងស្នាដៃភាពយន្តដែលបានចូលរួមប្រកួតប្រជែងក្នុងមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជា លើកទី៣ កាលពីឆ្នាំ២០២២។ នេះបើតាមការបញ្ជាក់របស់ លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចត្រសិល្បៈ។
ស្របជាមួយគ្នានោះផងដែរ សិល្បករ-សិល្បការនីល្បីៗបាននាំគ្នាបង្ហាញភាពវិជ្ជមានចំពោះការវិលត្រឡប់មកវិញរបស់មហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជា លើកទី៤ និងការនាំមកនូវភាពយន្តខ្លីប្លែកៗជាច្រើនមកចាក់បញ្ចាំងជូនសាធារណជនបានទស្សនាកម្សាន្ត និងអាចចូលរួមបោះឆ្នោតគាំទ្រភាពយន្តដែលខ្លួនពេញចិត្តថែមទៀតផង។
សូមបញ្ជាក់ថា មហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជា លើកទី៤ មានពានរង្វាន់ធំចំនួន ៤ និងរង្វាន់លើកទឹកចិត្តចំនួន ៩ ផ្សេងទៀត រួមនឹងកម្មវិធីជាច្រើនទៀតដែលញាំងឱ្យមហាស្រពភាពយន្តឆ្នាំនេះរំពឹងទទួលបានផ្លែផ្កាខ្ពស់៕
អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច