ថ្ងៃអង្គារ៍ ទី១០ ខែធ្នូ ឆ្នាំ២០២៤
ថ្ងៃអង្គារ៍ ទី១០ ខែធ្នូ ឆ្នាំ២០២៤
ក្រុមហ៊ុន Ford Motor Company បានប្រកាសថា ខ្លួននឹងកាត់បន្ថយការងារចំនួន ៤០០០កន្លែង នៅអឺរ៉ុប ចាប់ពីពេលនេះដល់ ចុងឆ្នាំ ២០២៧។ នេះបើយោងតាមការចុះផ្សាយដោយ សារព័ត៌មានអន្តរជាតិធំៗ នៅថ្ងៃនេះ។
ក្រុមហ៊ុន Ford បានលើកឡើងពី បញ្ហាសេដ្ឋកិច្ច ការកើនឡើងនៃការប្រកួតប្រជែងពីក្រុមហ៊ុនផលិតរថយន្តផ្សេងទៀត និងការលក់រថយន្តអគ្គិសនីទាបជាងការរំពឹងទុក ដែលឈានទៅដល់ការកាត់បន្ថយបុគ្គលិក។
ក្នុងចំណោមការកាត់បន្ថយការងារសរុប គឺថា ២៩០០កន្លែង នឹងត្រូវបានកាត់បន្ថយ នៅក្នុងប្រទេសអាល្លឺម៉ង់ និង ៨០០កន្លែងទៀត នៅចក្រភពអង់គ្លេស។នាពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនរថយន្តយក្សរបស់សហរដ្ឋអាមេរិកមួយនេះ គឺមានបុគ្គលិកចំនួន ១៧ម៉ឺននាក់នៅទូទាំងពិភពលោក ដែលក្នុងនោះមាន ២ម៉ឺន ៨ពាន់នាក់នៅអឺរ៉ុប។
បើតាមទិន្នន័យពី សមាគមក្រុមហ៊ុនផលិតរថយន្តអឺរ៉ុប បានបង្ហាញថា ការលក់រថយន្ត Ford បានធ្លាក់ចុះ ១៥% ក្នុងរយៈពេល ៩ខែដំបូងនៃឆ្នាំនេះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
គួរបញ្ជាក់ថា នៅសហរដ្ឋអាមេរិក ក្រុមហ៊ុន Ford ក្រុមហ៊ុន General Motors និងក្រុមហ៊ុនផលិតរថយន្តផ្សេងទៀត បានពន្យារពេល ឬលុបចោលម៉ូដែលអគ្គិសនីថ្មី ដើម្បីជៀសវាងការចំណាយច្រើនលើយានយន្តដែលអ្នកប្រើប្រាស់ មិនទិញលឿនដូចការរំពឹងទុក៕
អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ