ថ្ងៃសុក្រ ទី២៧ ខែធ្នូ ឆ្នាំ២០២៤

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នឹងដាក់ឱ្យដំណើរការជាផ្លូវការ ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា ក្នុងសប្តាហ៍នេះ

២៦ ​វិច្ឆិកា ២០២៤ | សេដ្ឋកិច្ច

 

 

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នឹងដាក់ឱ្យដំណើរការជាផ្លូវការ ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា ដំណាល់កាលទី ១ ក្នុងសប្តាហ៍នេះ បន្ទាប់ពីបានដាក់ឱ្យដំណើរការសាកល្បង មួយរយៈកន្លងមកនេះ។

 

 

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានគូសបញ្ជាក់ឱ្យដឹងថា ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជារបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឬហៅថា ប្រព័ន្ធ cdcIPM ដំណាក់កាលទី១ គឺជាថ្នាលបច្ចេកវិទ្យា ដែលអនុញ្ញាតឱ្យ វិនិយោគិន អាចដាក់ពាក្យស្នើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ តាមប្រព័ន្ធអនឡាញ បានពីគ្រប់ទីកន្លែង គ្រប់ពេលវេលា។

 


លើសពីនេះ ការដាក់ពាក្យ និងការទទួលបានវិញ្ញាបនបត្រចុះបញ្ជីគម្រោង គឺសុទ្ធសឹងតែធ្វើឡើងជាទម្រង់ឌីជីថល ហើយនៅពេលឆាប់ៗខាងមុខ ប្រព័ន្ធនេះក៏នឹងឈានទៅដល់ការតភ្ជាប់ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធផងដែរ។

 


ជាក់ស្តែង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី តែងតែគូសរំលេចអំពី កិច្ចខិតខំរបស់រាជរដ្ឋាភិបាល ដែលបាននិងកំពុងដើរតួនាទីជាអ្នកសម្របសម្រួលធុរកិច្ច និងវិនិយោគ ដោយបានចាត់ទុកវិស័យឯកជនជាដៃគូ និងជាកាតាលីករសម្រាប់ ជំរុញកំណើនសេដ្ឋកិច្ច ហើយបេសកកម្មរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គឺត្រៀមខ្លួនជាស្រេច ដើម្បីផ្តល់កិច្ចសហការពេញទំហឹងជូនដល់ វិស័យឯកជន ដែលមានបំណងបណ្ដាក់ទុនវិនិយោគនៅកម្ពុជា។

 


សូមជម្រាបថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងទៀតថា គិតចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ ២០២៤នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទាក់ទាញគម្រោងវិនិយោគសរុបប្រមាណ ៣៤៦គម្រោង គិតជាទឹកប្រាក់ជាង ៥ពាន់ ៥រយលានដុល្លារអាមេរិក មានការកើនឡើងប្រមាណ ៣៨% ធៀបនឹងពេលដូចគ្នា កាលពីឆ្នាំមុន៕

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024