ថ្ងៃអង្គារ៍ ទី១០ ខែធ្នូ ឆ្នាំ២០២៤
ថ្ងៃអង្គារ៍ ទី១០ ខែធ្នូ ឆ្នាំ២០២៤
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញឱ្យដឹងថា ក្នុងរយៈពេល ៣ត្រីមាស ឆ្នាំ ២០២៤នេះ អាមេរិក នៅតែជាទីផ្សារនាំចេញធំជាងគេបង្អស់របស់កម្ពុជា ខណៈអ្នកជំនាញសេដ្ឋកិច្ច ជឿជាក់ថា កម្ពុជា បន្តទទួលបានឥទ្ធិពលវិជ្ជមាន បន្ទាប់ពីការបោះឆ្នោតនៅអាមេរិក។
គិតចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២៤នេះ កម្ពុជា បាននាំចេញទំនិញទៅកាន់ ទីផ្សារអាមេរិកជាង ៧ពាន់ ៦រយលានដុល្លារអាមេរិក ហើយ កម្ពុជា ក៏បាននាំចូលពីអាមេរិក មកវិញប្រមាណ ១៩៣លានដុល្លារអាមេរិក មានន័យថា កម្ពុជា សម្រេចនូវអតិរេកពាណិជ្ជកម្មជាង ៧ពាន់ ៤រយលានដុល្លារអាមេរិក និងធ្វើឱ្យ អាមេរិក នៅតែជាទីផ្សារនាំចេញធំជាងគេបង្អស់របស់កម្ពុជា។
លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញផ្នែកសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បញ្ជាក់ប្រាប់ភីអិនអិនថា កម្ពុជា ដែលមានទីផ្សារអាមេរិក និងអឺរ៉ុប ជាទីផ្សារនាំចេញធំៗនោះ នឹងបន្តទទួលបានផលវិជ្ជមាន បន្ទាប់ពី លោកដូណាល់ ត្រាំ ឈ្នះការបោះឆ្នោតនៅអាមេរិក។
ទន្ទឹមគ្នានេះដែរ ឯកឧត្តម ហុង សុហួរ អគ្គនាយកនៃក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា ក៏សម្លឹងឃើញពី កត្តាវិជ្ជមានជាច្រើន ជាពិសេសការប្រែប្រួលនៃផ្សារហ៊ុន កើតចេញពីលទ្ធផលនៃការបោះឆ្នោតនៅសហរដ្ឋអាមេរិក ហើយជឿជាក់ថា វានឹងជះឥទ្ធិពលវិជ្ជមានច្រើនដល់កម្ពុជា។
ជាក់ស្តែង នៅក្នុងរយៈពេល ៣ត្រីមាស ដើមឆ្នាំ ២០២៤នេះ សហរដ្ឋអាមេរិក និងកម្ពុជា សម្រេចទំហំពាណិជ្ជកម្មទ្វេភាគីដល់ជាង ៧,៨ពាន់លានដុល្លារអាមេរិក កើនឡើង ១០% ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញថា ប្រទេសកម្ពុជា នាំចេញផលិតផលភាគច្រើនគឺជា ផលិតផលវាយនភណ្ឌកាត់ដេរ សម្លៀកបំពាក់ ស្បែកជើង កាបូបសម្រាប់ធ្វើដំណើរ និងផលិតផលកសិកម្ម និងបាននាំចូលពី សហរដ្ឋអាមេរិក មកវិញ មានដូចជា រថយន្ត គ្រឿងអេឡិចត្រូនិក ឱសថ និងបរិក្ខាពេទ្យជាដើម។សូមជម្រាបថា រយៈពេល ៩ខែ ដើមឆ្នាំ ២០២៤នេះ ប្រទេសកម្ពុជា សម្រេចបាននូវទំហំពាណិជ្ជកម្មជាង ៤១ពាន់លានដុល្លារអាមេរិក មានការកើនឡើង ១៦% បើប្រៀបធៀបនឹងពេលដូចគ្នា កាលពីឆ្នាំមុន៕
អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ