ថ្ងៃអង្គារ៍ ទី១០ ខែធ្នូ ឆ្នាំ២០២៤

កម្ពុជា ស្វាគមន៍ក្រុមហ៊ុនចិន ចង់ពង្រីកការវិនិយោគនៅកម្ពុជា តាមរយៈការបង្កើតរោងចក្រផលិតសម្លៀកបំពាក់ស្ត្រី និងកុមារ

០៨ ​វិច្ឆិកា ២០២៤ | សេដ្ឋកិច្ច

 

រាជរដ្ឋាភិបាលកម្ពុជា ស្វាគមន៍ក្រុមហ៊ុនចិន ដែលមានបំណងចង់ពង្រីកការវិនិយោគ បង្កើតរោងចក្រសម្លៀកបំពាក់ស្ត្រី និងកុមារនៅកម្ពុជា សម្រាប់ការនាំចេញទៅកាន់ទីផ្សារក្រៅប្រទេស។សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Mu Hsin Yuan ប្រធានក្រុមហ៊ុន Fortune Rich Trade Co.,Ltd. និង Ju Wang Footwear Co.,Ltd. ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) លើកទី៨ នៅថ្ងៃទី៦-៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងគុនមិញ ខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន។

 


ក្នុងឱកាសនោះ ប្រធានក្រុមហ៊ុន Fortune Rich Trade Co.,Ltd. បានលើកឡើងថា ការរីកចម្រើនលើគ្រប់វិស័យនៅកម្ពុជា និងមានជំនឿជឿជាក់ថា ប្រទេសកម្ពុជា នឹងបន្តអភិវឌ្ឍន៍រីកចម្រើនកាន់តែខ្លាំងក្លាថែមទៀត។ ប្រធានក្រុមហ៊ុន Fortune Rich បានបន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជា ធានាបាននូវបរិយាកាសវិនិយោគមួយ ប្រកបដោយស្ថិរភាព និងអនុគ្រោះ សម្រាប់វិនិយោគិន ដូចនេះ រាជរដ្ឋាភិបាលកម្ពុជា តែងតែផ្ដល់ការគាំទ្រដល់ដំណើរការអាជីវកម្មរបស់ក្រុមហ៊ុននៅកម្ពុជា។ជាមួយគ្នានេះ ប្រធានក្រុមហ៊ុន Fortune Rich មានចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគនៅកម្ពុជាបន្ថែមទៀត តាមរយៈការបង្កើតរោងចក្រផលិតសំលៀកបំពាក់ ស្ត្រី និងកុមារ សម្រាប់នាំចេញទៅកាន់ទីផ្សារក្រៅប្រទេស។

 


ជាការឆ្លើយតប សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានសាទរចំពោះជោគជ័យរបស់ក្រុមហ៊ុននៅកម្ពុជា និងបានគូសបញ្ជាក់ថា វិស័យវាយនភ័ណ្ឌ និងសម្លៀកបំពាក់ ជាវិស័យដែលកំពុងមានការរីកចម្រើនខ្លាំង ហើយរាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់លើវិស័យនេះ ព្រមទាំងបានដាក់ចេញនូវគោលនយោបាយជាច្រើន ដើម្បីគាំទ្រដល់ជោគជ័យរបស់ក្រុមហ៊ុន សហគ្រាស ដែលបានបណ្ដាក់ទុនវិនិយោគនៅកម្ពុជា ក្នុងនោះ រាជរដ្ឋាភិបាល បានដាក់ចេញការលើកទឹកចិត្តចំពោះក្រុមហ៊ុន ឬរោងចក្រណាដែលអាចប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក សម្រាប់ការទ្រទ្រង់ដល់ខ្សែច្រវាក់ផលិតកម្ម។ 

 


គួរជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា ស្វាគមន៍ និងបើកចំហកិច្ចពិភាក្សាជាមួយវិស័យឯកជន សំដៅរួមគ្នាធ្វើឱ្យការវិនិយោគរបស់ក្រុមហ៊ុនឯកជន ទទួលបាននូវភាពជោគជ័យបន្ថែមទៀតលើការវិនិយោគនៅកម្ពុជា៕

 

 

 

អត្ថបទ៖ ថុន សុកេតុមាលា  រូបភាព៖ ក្រុមការងារនាយករដ្ឋមន្ត្រី

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024