ថ្ងៃអាទិត្យ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤
ថ្ងៃអាទិត្យ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤
នាយករដ្ឋមន្ត្រីកាណាដាលោក ចាស្ទីន ទ្រូឌូ បាននិយាយក្នុងសន្និសីទកាសែតថា កាណាដាបានបណ្តេញអ្នកការទូតឥណ្ឌាចំនួន៦នាក់រួមទាំងឧត្ដមស្នងការផងដែរកាលពីថ្ងៃចន្ទ ដោយចោទពួកគេថាបានពាក់ព័ន្ធនឹងការសម្លាប់មេដឹកនាំផ្តាច់ខ្លួននិកាយស៊ីក (Sikh) របស់ឥណ្ឌានៅលើទឹកដីរបស់ប្រទេសកាណាដា។ ប្រទេសនេះក៏បានចោទរដ្ឋាភិបាលឥណ្ឌាថាបន្តប្រឹងប្រែងដ៏ទូលំទូលាយដើម្បីកំណត់មុខសញ្ញានៃអ្នកប្រឆាំងរដ្ឋាភិបាលឥណ្ឌានៅកាណាដាផងដែរ។
នៅថ្ងៃនោះដែរ ភាគីឥណ្ឌាក៏បានចាត់វិធានការសងសឹកវិញភ្លាមដោយបានបញ្ជាឱ្យបណ្ដេញអ្នកការទូតជាន់ខ្ពស់របស់កាណាដាចំនួន៦នាក់ រួមទាំងឧត្ដមស្នងការស្ដីពីចេញពីឥណ្ឌាផងដែរ។ ហើយឥណ្ឌាក៏បាននិយាយដែរថា ខ្លួននឹងដកប្រេសិតរបស់ខ្លួនចេញពីកាណាដាដែលផ្ទុយនឹងសេចក្ដីថ្លែងការណ៍នៃការបណ្ដេញចេញរបស់កាណាដា។
ជម្លោះការទូតនេះបានធ្វើឱ្យទំនាក់ទំនងនៃប្រទេសទាំងពីរធ្លាក់ចុះយ៉ាងខ្លាំងចាប់តាំងពីនាយករដ្ឋមន្ត្រីកាណាដាលោក ទ្រូឌូ បាននិយាយកាលពីឆ្នាំមុនថា លោកមានភស្តុតាងបង្ហាញថា ភ្នាក់ងារឥណ្ឌាបានពាក់ព័ន្ធនឹងការធ្វើឃាតមេដឹកនាំនិកាយ ស៊ីក របស់ឥណ្ឌាគឺលោក ហាឌីប ស៊ីង នីច្ចា (Hardeep Singh Nijjar) នៅលើទឹកដីរបស់កាណាដា។ ហើយកាលពីខែតុលា ឆ្នាំមុន កាណាដាក៏បានដកមន្ត្រីទូតរបស់ខ្លួនជាង ៤០ នាក់ចេញពីឥណ្ឌាក្រោយពីក្រុងញូវដែលីបានស្នើឱ្យទីក្រុងអូតាវ៉ាកាត់បន្ថយវត្តមានមន្ត្រីទូតនៅលើទឹកដីរបស់ឥណ្ឌាផងដែរ៕
ប្រែសម្រួល៖ ប៉ិច ស៊ីនួន