ថ្ងៃច័ន្ទ ទី១៦ ខែមិថុនា ឆ្នាំ២០២៥

មេដឹកនាំតៃវ៉ាន់បាននិយាយថា ប្រទេសចិនគ្មានសិទ្ធិធ្វើជាតំណាងរបស់តៃវ៉ាន់នោះឡើយ

ប្រធានាធិបតីតៃវ៉ាន់លោក ឡៃ ឈីងតេ (Lai Ching-te) បានថ្លែងសុន្ទរកថានៅថ្ងៃបុណ្យជាតិតៃវ៉ាន់នៅថ្ងៃនេះថា ប្រទេសចិនគ្មានសិទ្ធិតំណាងឱ្យកោះតៃវ៉ាន់ឡើយ ប៉ុន្តែកោះនេះមានឆន្ទៈក្នុងការធ្វើការជាមួយនឹងទីក្រុងប៉េកាំងដើម្បីប្រយុទ្ធប្រឆាំងនឹងបញ្ហាប្រឈមជាសកល។

 

 

 

លោក ឡៃ ដែលបានចូលកាន់តំណែងកាលពីខែឧសភា ត្រូវបានចិនស្អប់ខ្ពើមយ៉ាងខ្លាំងដោយហៅលោកថាជា «អ្នកបំបែកទឹកដី» ខណៈដែលក្រុងប៉េកាំងបានអះអាងថាកោះតៃវ៉ាន់គឺជាផ្នែកមួយនៃទឹកដីរបស់ចិនដីគោក ប៉ុន្តែទស្សនៈនេះត្រូវបានលោក ឡៃ និងរដ្ឋាភិបាល តៃវ៉ាន់ បដិសេធទាំងស្រុង។

 

 

លោក ឡៃ បាននិយាយនៅក្នុងទិវានេះថា សាធារណរដ្ឋចិនគឺជាឈ្មោះផ្លូវការរបស់តៃវ៉ាន់ ដូច្នេះហើយវាមិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់សាធារណរដ្ឋប្រជាមានិតចិន (ឬចិនដីគោក) នោះឡើយ។ លោក ឡៃ បានបន្ថែមថា តៃវ៉ាន់នៅតែប្រកាន់ជំហរឥតងាករេក្នុងការប្តេជ្ញាចិត្តរបស់ខ្លួនដើម្បីការពារអធិបតេយ្យ រក្សាសន្តិភាពច្រកសមុទ្រ  តៃវ៉ាន់ និងស្វែងរកការចរចាដោយស្មើភាព និងថ្លៃថ្នូរជាមួយនឹងប្រទេសចិន។

 

 

ទិវាជាតិរបស់តៃវ៉ាន់ នេះគឺជាថ្ងៃរំលឹកខួបនៃការដួលរលំរាជវង្សចិនចុងក្រោយក្នុងឆ្នាំ១៩១១ និងការចាប់ផ្ដើមសាធារណរដ្ឋរបស់ចិន ហើយរដ្ឋាភិបាលដែលមាននិន្នាការសេរីនិយមបានភៀសខ្លួនទៅតៃវ៉ាន់ក្នុងឆ្នាំ១៩៤៩ បន្ទាប់ពីពួកគេបានចាញ់សង្គ្រាមស៊ីវិលជាមួយនឹង របបកុម្មុយនិស្ត ម៉ៅ សេទុង នៅចិនដីគោក៕

 

ប្រែសម្រួល៖ ប៉ិច ស៊ីនួន
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025