ថ្ងៃអង្គារ៍ ទី១៥ ខែតុលា ឆ្នាំ២០២៤

២២ឆ្នាំក្នុងសិល្បៈ ប៉ែន ចំរុង រៀបចំកម្មវិធីធំៗ ៣ក្នុងពេលតែមួយផ្អៀងអស់ពិភពសិល្បៈ  

១១ កញ្ញា ២០២៤ | កម្សាន្ដ

 

 

ចូលសិល្បៈអស់ពេល ២២ ឆ្នាំហើយលោក ប៉ែន ចំរុង ទើបតែមានឱកាសល្អរៀបចំកម្មវិធីពិធីធំ ៣ ក្នុងពេលមួយ ដោយបានអញ្ជើញមិត្តសិល្បករជាច្រើនចូលរួមអបអសាទរ ។ 

 

 

ពិធីករល្បីឈ្មោះលោក ប៉ែន ចំរុង បានរៀបចំកម្មវិធីពិសេសរបស់ខ្លួនឡើង ដោយបានអញ្ជើញមិត្តសិល្បករជាច្រើនចូលរួមអបអរសាទរ ។ ក្នុងថ្ងៃពិសេសនេះលោកបានរៀបចំកម្មវិធីចំនួន ៣ ក្នុងពេលតែមួយ ដើម្បីរំលឹកជីវិតតស៊ូក្នុងសិល្បៈ ២២ ឆ្នាំរបស់ខ្លួនផង ដើម្បីធ្វើខួបកំណើតដល់កូនស្រីទាំង២ផង ជាពិសេសគឺបង្ហាញពីការដឹងគុណព្រមទាំងបង្ហាញពីអាជីវកម្មថ្មីរបស់ខ្លួនដែលទើបនិងចាប់ផ្តើម ។

 

 

កម្មវិធីខូបកំណើតកូនស្រីទាំងពីររបស់តារារូបនេះ បានរៀបចំឡើងកាលពីថ្ងៃទី ០៩ ខែ កញ្ញា ឆ្នាំ២០២៤ម្សិលមិញនេះ ប៉ែន ចំរុង ពិតជារំភើបចិត្តខ្លាំងណាស់នៅ ពេលឃើញមិត្តភក្តិក្នុងនិងក្រៅសិល្បៈចូលរួមយ៉ាងច្រើនកុះករ ជាពិសេសកម្មវិធីនោះវត្តមានលោកជំទាវចិត្តធម៌ ហ៊ុន ស៊ីណាត ចូលរូមអបអរសាទរផងដែរ ។

 

 

ក្នុងទឹកមុខញញឹម ប៉ុន្តែក្នុងចិត្តពោរពេញដោយអារម្មណ៍ក្តុកក្តួលចិត្ត និងអួលដើមករ លោក បានឱ្យដឹងថា ថ្ងៃនេះពិតលោកពិតជារំភើបចិត្តរកអ្វីប្រៀបផ្ទឹមពុំបាន ដោយសារតែថ្ងៃនេះលោកបានរៀបចំកម្មវិធីពិសេសៗជាច្រើនក្នុងពេលតែម្តង ។ 

 


លោក ប៉ែន ចំរុងក៏បានរំលឹកពីជីវិតដល់ជីវិត ២២ ឆ្នាំក្នុងសិល្បៈរបស់ខ្លួនថា លោកស្ទើរតែបោះបង់ខ្លួនឯងចោលទៅហើយ នៅពេលដែលលោកបានជួបព្យុះភ្លៀងដ៏ខ្លាំងក្លាកាលពីប៉ុន្មានឆ្នាំមុន ប៉ុន្តែបានៅរិយា និងមិត្តភក្តិនៅជុំវិញខ្លួនផ្តល់កម្លាំងចិត្ត និងលើកទឹកចិត្តដល់លោក ទើបលោកតស៊ូក្នុងជីវិតរហូតមកដល់សព្វថ្ងៃនេះ ។

 

 

លោក ប៉ែន ចំរុង ក៏បានលុតជង្គង់ និងជូនភួងផ្កាម្លិះលាយជាមួយផ្កាឈូកយ៉ាងស្រស់ស្អាតជូនដល់អ្នកមានគុណទាំងអស់ដែលបានជួយជ្រោមជ្រោងលោកក្នុងវិស័យសិល្បៈដូចជាលោក គឹមហេង , សោម ធីសែន , ហ្វៃ សំអាង , អ្នកស្រី ពាន់ ភួងបុប្ជា , ខាត់ សុឃីម , យុគ ចិន្តា ជាដើម... ។ 

 


ក្រៅពីបង្ហាញពីជីវិតតស៊ួក្នុងវិស័យសិល្បៈអស់ពេល ២២ ឆ្នាំយ៉ាងជូរចត់ លោក ប៉ែន ចំរុង ក៏បានខំប្រឹងប្រែងធ្វើការងារដែលខ្លួនស្រឡាញ់ និងបានបើកអាជីវកម្មបន្ថែមដើម្បីរកប្រាក់ចំណូល ដោយលោកបានបើកក្រុមហ៊ុន 4U Media និងចំរុង Entertainment  ផ្តល់នូវសេវាកម្មរៀបចំការប្រគំតន្រ្តីខ្នាតតូចនិងខ្នាតធំ ។  

 


ជាមួយគ្នានោះផងដែរតារាល្បីឈ្មោះខាងលើ ក៏បានទទួលស្គាល់ផងដែរថា ការរៀបចំពិធីខួបកំណើតសម្រាប់កូនស្រីទាំងពីរនៅក្នុងថ្ងៃនោះ គឺទទួលបានការជួយជ្រោមជ្រែងពីអ្នកនៅជុំវិញខ្លួន បើតាមសមត្ថភាព គឺលោកមិនអាចរៀបចំកម្មវិធីនេះឡើងបានឡើយ ។ ចំណែកភរិយាលោក ប៉ែន ចំរុង វិញរំភើបស្ទើរស្រក់ទឹកភ្នែកនៅពេលដែលឃើញស្វាមីរៀបចំកម្មវិធីនេះឡើងយ៉ាងធំដុំ និងនឹកស្មានមិនដល់ ពីព្រោះដើមឡើយនិយាយគ្នាថា ធ្វើតូចតាចប៉ុណ្ណោះ ជាក់ស្តែង ហួសពីការរំពឹងទុក  ៕ 

 

 

អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ឃាង ទូច

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024