ថ្ងៃអង្គារ៍ ទី១៥ ខែតុលា ឆ្នាំ២០២៤
ថ្ងៃអង្គារ៍ ទី១៥ ខែតុលា ឆ្នាំ២០២៤
ក្រសួងមុខងារសាធារណៈ ចាប់ផ្តើមដំណើរការកែសន្លឹកកិច្ចការរបស់បេក្ខជនប្រឡងប្រជែងជ្រើសរើសមន្ត្រី ក្នុងក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ និងប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនបឋម ក្នុងក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡា ហើយនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤នេះ នៅមណ្ឌលកំណែសាលាភូមិន្ទរដ្ឋបាល។
នៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤នេះ ក្រសួងមុខងារសាធារណៈ បានចាប់ផ្តើមដំណាក់កាលកែសន្លឹកកិច្ចការ របស់បេក្ខជនប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ និងគ្រូបង្រៀនមត្តេយ្យសិក្សា ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡា ហើយដោយមានវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង ដើម្បីពិនិត្យលើរបៀបរបប និងនីតិវិធី កែសន្លឹកកិច្ចការប្រឡងប្រជែងជ្រើសរើសក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួង អប់រំ យុវជន និងកីឡានេះ។
ក្នុងនោះក៏មានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ អន្តរក្រសួង ស្ថាប័នពាក់ព័ន្ធ ក្រុមការងារអនុគណៈកម្មការជំនាញ អ្នកសង្កេតការណ៍មកពី សាកលវិទ្យាល័យ និងសាធារណជន រួមទាំងបេក្ខជន ព្រមទាំងអ្នកសារព័ត៌មាន ជាច្រើនរូប។
សន្លឹកកិច្ចការ ចាប់ផ្តើមកែពីម៉ោង ៨៖០០ ព្រឹក តាមរយៈការកាត់ក្បាលសន្លឹកកិច្ចការ ការចុះលេខ និងនីតិវិធីនានា ដែលស្ថិតក្រោមការឃ្លាំមើលជាប់ជាប្រចាំពី អង្គភាពប្រឆាំងអំពើពុករលួយ និងអនុគណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃ ស្របតាមនិយាមនីតិវិធីប្រតិបត្តិដែលបានកំណត់ដោយឈរលើគោលការណ៍គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព។
គួរឱ្យដឹងដែរថា សន្លឹកកិច្ចការដែលត្រូវធ្វើកំណែនេះ មានចំនួន ២១៨៧ច្បាប់ ជារបស់បេក្ខជនប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ ៧២៩នាក់ ដែលបានបញ្ចប់កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ នៅមណ្ឌលសាលាភូមិន្ទរដ្ឋបាល និងសន្លឹកកិច្ចការចំនួន ១០ ៥១១ច្បាប់ របស់បេក្ខជន ប្រឡងប្រជែងជ្រើសរើស គ្រូបង្រៀនមត្តេយ្យសិក្សា ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡា ដែលទើបនឹងបញ្ចប់កាលពីម្សិលមិញនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៤ នៅមណ្ឌលសាកលវិទ្យាល័យភូមិន្ទភ្នំពេញ៕
អត្ថបទ៖ អ៊ីសា ហាសាណះ រូបភាព៖ ហ៊ុន សុជាតា