ថ្ងៃសុក្រ ទី១៣ ខែកញ្ញា ឆ្នាំ២០២៤

ការនាំចេញផលិតផលជលផលវៀតណាម សម្រេចបាន ៥,២ពាន់លានដុល្លារ ក្នុងរយៈពេល ៧ខែ

០៦ សីហា ២០២៤ | សេដ្ឋកិច្ច

 

សមាគមអ្នកនាំចេញ និងផលិតអាហារសមុទ្រវៀតណាម បានឱ្យដឹងថា ប្រទេសវៀតណាម រកចំណូលបានជាង ៥ពាន់ ២រយលានដុល្លារអាមេរិកពី ការនាំចេញផលិតផលជលផល ក្នុងរយៈពេល ៧ ខែដំបូងឆ្នាំ ២០២៤ កើនឡើង ៧% ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានក្នុងស្រុកវៀតណាម នៅថ្ងៃនេះ។

 

 

សមាគម បន្តថា ក្នុងខែកក្កដា ការនាំចេញផលិតផលជលផលរបស់វៀតណាម បានឈានដល់ ៨៨៥លានដុល្លារអាមេរិក កើនឡើង ១៤% ដោយការនាំចេញត្រីធូណា ត្រីប្រា បង្គាជាដើម សុទ្ធតែមានកំណើនវិជ្ជមាន បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។

 


ក្នុងរយៈពេល ៧ខែនេះ ការនាំចេញបង្គា ទទួលបានចំណូល ២ពាន់លានដុល្លារអាមេរិក ហើយការនាំចេញត្រីប្រា សម្រេចបាន ១ពាន់លានដុល្លារ និងត្រីធូណា សម្រេចបានជាង ៥៥០លានដុល្លារអាមេរិក។

 


ការនាំចេញទៅកាន់ ទីផ្សារធំៗចំនួន ៤ បានស្ទុះងើបឡើងវិញ ដោយក្នុងរយៈពេល ៧ខែនេះ ការនាំចេញទៅកាន់សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងចិន មានកំណើន ១០% ដូចៗគ្នា ខណៈការនាំចេញទៅកាន់ កូរ៉េខាងត្បូង កើនឡើង ១%។

 


សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ត្រូវបានគេរំពឹងថា នឹងក្លាយជាទីផ្សារដ៏មានសក្តានុពលសម្រាប់ផលិតផលកក ក្នុងឆមាសទី ២ ដោយមើលឃើញពី សញ្ញាវិជ្ជមាននៃការងើបឡើងវិញនៃសេដ្ឋកិច្ច ការបន្ធូរបន្ថយអតិផរណា និងអត្រាការប្រាក់នៅថេរ។


សូមជម្រាបថា សមាគមអ្នកនាំចេញ និងផលិតអាហារសមុទ្រវៀតណាម បានអះអាងថា ការនាំចេញអាហារសមុទ្រសរុបសម្រាប់ឆ្នាំ ២០២៤ រំពឹងសម្រេចបានប្រហែល ៩ពាន់ ៥រយលានដុល្លារអាមេរិក ទោះបីជាមានការប្រឈមមុខនិងបញ្ហាជាច្រើនក្តី៕

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024