ថ្ងៃសុក្រ ទី១៣ ខែកញ្ញា ឆ្នាំ២០២៤

សិល្បករ ណាក់ ណយ នាំយកស្នាដៃគំនូរសហសម័យជិត ៣០ផ្ទាំង មកតាំងបង្ហាញក្រោមប្រធានបទ «ព្រះម៉ែធម្មជាតិ»

០៥ សីហា ២០២៤ | កម្សាន្ដ

 

សិល្បករសហសម័យដ៏មានថ្វីដៃ ណាក់ ណយ បាននាំយកស្នាដៃគំនូរជិត ៣០ផ្ទាំង ក្រោមប្រធានបទ «ព្រះម៉ែធម្មជាតិ» មកតាំងបង្ហាញយ៉ាងពិសេស ដែលសាធារណជនអាចចូលទស្សនាដោយសេរី។

 

 


 
សិល្បករជាតិ និងអន្តរជាតិ រួមទាំងភ្ញៀវកិត្តិយសជាច្រើន បានជួបជុំគ្នាយ៉ាងកុះករក្នុងថ្ងៃសម្ភោធការតាំងពិព័រណ៍គំនូរដ៏អស្ចារ្យររបស់សិល្បករ ណាក់ ណយ នៅសណ្ឋាគារផ្លេនថេស៊ិន រាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ កន្លងទៅ។

 

 


វិចិត្រករវ័យក្មេង ណាក់ ណយ បាននាំយកស្នាដៃគំនូរសហសម័យជិត ៣០ផ្ទាំង ក្រោមប្រធានបទ "ព្រះម៉ែធម្មជាតិ" និយាយពីការចងចាំ ផ្សាភ្ជាប់ជាមួយធម្មជាតិដែលនៅជុំវិញខ្លួន មកតាំងបង្ហាញយ៉ាងពិសេសរយៈពេល ២ខែ ចាប់ពីថ្ងៃទី១ សីហា ដល់ថ្ងៃទី៣០ កញ្ញា ឆ្នាំ២០២៤។

 

 
តាមការរៀបរាប់របស់សិល្បករដ៏មានថ្វីដៃរូបនេះ គំនូរនីមួយៗសុទ្ធតែមានអត្ថន័យឆ្លុះបញ្ចាំងពីតថភាពក្នុងសង្គម ដែលពាក់ព័ន្ធទៅនឹងធម្មជាតិ។ ក្នុងនោះ លោកបានភ្ជាប់អត្តសញ្ញាណប្រចាំនៃទឹកដីរបស់លោក តាមរយៈការបញ្ចូលរូបគ្រាប់ភ្នែកគ្រប់ស្នាដៃគំនូរតែម្តង។

 


 
ពិព័រណ៍គំនូរសហសម័យបង្ហាញពីព្រះម៉ែធម្មជាតិ បើកសាធារណជនអាចចូលទស្សនាដោយសេរីរយៈពេល ២ ខែ ចាប់ពីថ្ងៃទី១ ខែសីហា ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ នៅសណ្ឋាគារផ្លេនថេស៊ិន រាជធានីភ្នំពេញ។

 


ក្រៅពីការតាំងពិព័រណ៍នៅផ្លេនថេស៊ិននេះ លោកអ្នកអាចទៅទស្សនាស្នាដៃគំនូររបស់សិល្បករ ណាក់ ណយ នៅទីតាំង ២ ផ្សេងទៀតនៅខេត្តសៀមរាប គឺទី១ នៅសណ្ឋាគារ Raffles និងវិចិត្រសាល Tribe Cambodia និងមានគម្រោងនាំស្នាដៃទៅតាំងពិព័រណ៍នៅប្រទេសបារាំង ដើមខែវិច្ឆិកាខាងមុខនេះទៀតផង៕

 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024