ថ្ងៃសុក្រ ទី១៨ ខែតុលា ឆ្នាំ២០២៤

ប្រាក់រង្វាន់ដ៏ធំសម្បើម និងការងារដ៏សម្បូរបែបកំពុងរង់ចាំម្ចាស់ជយលាភី RAPPER FIGHTER 

១៩ កក្កដា ២០២៤ | កម្សាន្ដ

 

កម្មវិធីប្រឡងចម្រៀងរ៉េបដ៏ធំមិនធ្លាប់មាននៅលើកញ្ចក់ទូរទស្សន៍ទំនើបភីអិនអិន RAPPER FIGHTER បានរៀបចំពិធីសន្និសីទសារព័ត៌មានយ៉ាងអធិកអធម កាលពីរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ ម្សិលមិញ ដោយមានការចូលរួមពីសិល្បករ-សិល្បការនី តារារ៉េបល្បីៗ រួមទាំងវត្តមាន Coach ដ៏មានឥទ្ធិពលទាំង ៥រូប រួមមាន៖ ក្រុមក្មេងខ្មែរ កៅ ពន្លឺ និង ជា សុជាតិ , ជើងខ្លាំងវោហាសព្ទរ៉េប វុទ្ធា , តារារ៉េប RUTHKO និង កំពូលស្ទាយសម្លេងរ៉េប KING CHI។

 

 

RAPPER FIGHTER កំពុងបើកទ្វារស្វាគមន៍ពុកម៉ែបងប្អូនគ្រប់ស្រទាប់វណ្ណៈ ដែលស្រលាញ់ហើយមានទេពកោសល្យលើការតែងនិពន្ធចម្រៀងរ៉េប ឱ្យគ្រប់គ្នាមានឱកាសបានបញ្ចេញសមត្ថភាពដ៏អស្ចារ្យក្នុងសង្វៀន RAPPER FIGHTER ឆ្ពោះទៅដណ្តើមពានរង្វាន់ម្ចាស់ជយលាភីការប្រឡងចម្រៀងរ៉េបដ៏ធំនេះ។

 

 

លោក រ៉ូមីអូ ផលិតករកម្មវិធី RAPPER FIGHTER បានឱ្យដឹងថា គ្រាន់តែបើកដំណើរការប្រព័ន្ធចុះឈ្មោះ និងពិធីសន្និសីទសារព័ត៌មានភ្លាម យើងទទួលបានបេក្ខជនដាក់ពាក្យចូលរួមប្រកួត។ ការដាក់ពាក្យទទួលបេក្ខជននៅតែបន្តរហូតដល់មានការជូនដំណឹងនៅចុងខែសីហា ឆ្នាំ២០២៤ខាងមុខ។

 

 

គណៈកម្មការជំនាញៗទាំង ៥រូប ដែលមានឆន្ទៈ និងគោលដៅរួមគ្នាតែមួយក្នុងការបណ្តុះបេក្ខជនបេក្ខនារីក្នុងវិស័យចម្រៀងរ៉េប ដោយសុក្រិត និងយុត្តិធម៌ ឆ្ពោះទៅកាន់វគ្គជម្រុះចំនួន ៧ វគ្គធំៗ គឺ ONLINE AUDICTION ជម្រុះមកវគ្គ PRE-AUDICTION  បន្តជម្រុះមកវគ្គ JUDGE AUDICTION បន្តជម្រុះមកវគ្គ SCREENING STAGE បន្តជម្រុះមកវគ្គ FIGHTING STAGE បន្តជម្រុះមកវគ្គ KILLING STAGE និងវគ្គធំចុងក្រោយ SEMI-FINAL រួមជាមួយ FINAL ។

 

 

រឹតតែរំភើប និងគួរឱ្យញ៉ាប់ញ័រខ្លាំងជាងនេះ ម្ចាស់ជយលាភី RAPPER FIGHTER នឹងទទួលបានខ្សែករបណ្តោង RAPPER FIGHTER ដ៏ធំ ជាមួយប្រាក់រង្វាន់ ៦០ ០០០ ០០០ រៀល (៦០លានរៀល) កុងត្រាការងារពីភីអិនអិន រួមជាមួយការងារ Concert ជាច្រើនពីដៃគូររបស់យើងដូចជា ស្រាបៀរ GANZBERG ភេសជ្ជៈ IDOL ភេសជ្ជៈ BOOSTRONG និងទឹកផ្លែឈើ Freshy ផងដែរ។

 

 

មិនទាន់អស់នៅឡើយទេ បេក្ខជនកំពូល៤រូបទៀត ក្នុងចំណោម Top 5 ក៏ទទួលបានប្រាក់រង្វាន់ ៥ ០០០ ០០០ (៥លានរៀល) ក្នុង ១នាក់ ជាមួយកុងត្រា Concert ចំនួន ១០លើក បូករួមឱកាសការងារជាច្រើនទៀតពី ស្រាបៀរ GANZBERG និងពីស្ថានីយទូរទស្សន៍ភីអិនអិន សម្រាប់បេក្ខជនកំពូល ៥រូបចុងក្រោយ។

 

 

ដើម្បីដាក់ពាក្យចូលរួមប្រឡងចម្រៀងរ៉េបដ៏ធំ Rapper FIGHTER បេក្ខភាពនានាអាចចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការ Rapper Fighter ហើយអនុវត្តតាមការណែនាំ ដោយគ្រាន់តែធ្វើការស្កេន QR កូដលើផ្ទាំងផ្សព្វផ្សាយរបស់កម្មវិធី រួចបំពេញព័ត៌មានលម្អិត និងភ្ជាប់មកជាមួយនូវវីដេអូបង្ហាញទេពកោសល្យការរ៉េបដ៏មានគុណភាព។ សម្រាប់ការទិញពាក្យចូលរួមប្រកួតកម្មវិធី Rapper FIGHTER តម្លៃត្រឹមតែ ១ម៉ឺនរៀល តែប៉ុណ្ណោះ។ 

 

សូមបញ្ជាក់ថា Rapper FIGHTER ជាកម្មវិធីស្នាដៃផលិតករខ្មែរ ដែលមានទម្រង់ប្រតិដ្ឋផ្ទាល់ខ្លួន មិនចាញ់កម្មវិធីទិញទម្រង់ពីបរទេសនោះឡើយ។ RAPPER FIGHTER ជាកម្មវិធីប្រឡងចម្រៀងរ៉េបដ៏ធំបំផុតប្រចាំឆ្នាំ២០២៤ ដែលដឹកនាំផលិត និងរក្សាសិទ្ធគ្រប់បែបយ៉ាងដោយស្ថានីយទូរទស្សន៍ភីអិនអិន។ 

 

ការប្រកួតនេះមានលក្ខណៈពិសេសជាច្រើន ទាំងការរចនាស្ទាយបែប Khmer Hip-Hop នៃវគ្គនីមួយៗ ទាំងព្រមបំពាក់បច្ចេកវិទ្យាចុះឈ្មោះ ដោយប្រើ QR កូដ និងតំណរភ្ជាប់ Link ងាយស្រួលក្នុងការងារទិញពាក្យពីគ្រប់ទីកន្លែងទូទាំងប្រទេស។កុំឱ្យឱកាសពិសេសនេះកន្លងផុតទៅឱ្យសោះ ប្រមូលភាពក្លាហានរបស់លោកអ្នកក្នុងការរ៉េបមកបញ្ចេញលើឆាកប្រកួតដ៏ស្វិតស្វាញ ដើម្បីក្លាយជាម្ចាស់ជយលាភីដំបូងបង្អស់នៃកម្មវិធី Rapper FIGHTER។ សម្រាប់ព័ត៌មានលម្អិតផ្សេងៗលោកអ្នកអាចធ្វើការតាមដានលើទំព័រហ្វេសប៊ុក Rapper Fighter!៕
 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច 

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024