ថ្ងៃសុក្រ ទី២៨ ខែមីនា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី២៨ ខែមីនា ឆ្នាំ២០២៥
ការនាំចេញទូរស័ព្ទស្មាតហ្វូនសកល បានកើនឡើង ៦% នៅក្នុងត្រីមាសទី ២ ដែលជំរុញដោយផលិតផលរបស់ក្រុមហ៊ុន Samsung និង Apple ប៉ុន្តែការស្ទុះងើបឡើងវិញនៃតម្រូវការ មិនទាន់កើតឡើងនៅឡើយទេ។
បើតាមសាជីវកម្មទិន្នន័យអន្តរជាតិ IDC បានបង្ហាញថា ការនាំចេញទូរស័ព្ទស្មាតហ្វូនជាសកល បានកើនឡើងសម្រាប់រយៈពេល ៤ត្រីមាសជាប់ៗគ្នា ខណៈដែលក្រុមហ៊ុនផលិតស្មាតហ្វូន បន្តស្វែងរក និងប្រើប្រាស់បញ្ញាសិប្បនិម្មិត AI ដើម្បីទាក់ទាញអ្នកប្រើប្រាស់ និងចាប់យកចំណែកទីផ្សារធំ។
នាយកស្រាវជ្រាវនៃ IDC បានលើកឡើងថា មាន ភាពរំភើបជាច្រើន នៅក្នុងទីផ្សារស្មាតហ្វូន ដោយសារតម្លៃលក់ជាមធ្យម កើនខ្ពស់ជាងមុន និងការភ្ញាក់ផ្អើលជុំវិញស្មាតហ្វូនដែលប្រើប្រាស់បច្ចេកវិទ្យា AI ដែលត្រូវបានគេរំពឹងថា នឹងចាប់យកទីផ្សារ ១៩% នៅឆ្នាំនេះ។
ជាក់ស្តែង ក្រុមហ៊ុន Apple បានធ្វើសន្និសីទរបស់ខ្លួនកាលពីខែមិថុនា ដែលបានបង្ហាញពីលក្ខណៈពិសេស AI ថ្មីសម្រាប់ទូរស័ព្ទ iPhone របស់ខ្លួន ដែលដំណើរការដោយ ChatGPT ។
Samsung ក៏បានរៀបចំព្រឹត្តិការណ៍កាលពីសប្តាហ៍មុន ដែលបានប្រកាសម៉ូដែលថ្មីសម្រាប់ Galaxy fold និង flip ក៏ដូចជាមុខងារ AI ថ្មី។សូមជម្រាបថា ក្រុមហ៊ុន Samsung បានកាន់កាប់តំណែងទី ១ ជាមួយនឹងចំណែកនៃការនាំចេញ ១៩% នៅក្នុងត្រីមាសទី ២ បន្ទាប់មកក្រុមហ៊ុន Apple ដែលមានចំណែក ១៥% និង Xiaomi ដែលមាន ១៤%៕
អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ