ថ្ងៃអាទិត្យ ទី០៦ ខែកក្កដា ឆ្នាំ២០២៥
ថ្ងៃអាទិត្យ ទី០៦ ខែកក្កដា ឆ្នាំ២០២៥
ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ប្រទេសចិន ដែលមានឈ្មោះថា GAC Aion ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ GAC Group បានបើករោងចក្រដំបូងរបស់ខ្លួននៅក្នុងប្រទេសថៃ ដែលជាមជ្ឈមណ្ឌលនាំចេញ និងដំឡើងរថយន្តក្នុងតំបន់ដ៏សំខាន់។ នេះបើយោងតាម សារព័ត៌មានក្នុងស្រុកថៃ ចេញផ្សាយនៅថ្ងៃនេះ។
ប្រធាន GAC Group បានថ្លែងនៅក្នុងពិធីសម្ពោធរោងចក្រនៅឯ តំបន់ឧស្សាហកម្មក្នុងខេត្ត រ៉ាយ៉ុង ថា ក្រុមហ៊ុននឹងគាំទ្រដល់ការផលិតរថយន្តអគ្គិសនី របស់ប្រទេសថៃ និងលើកកម្ពស់ប្រទេសថៃជាមជ្ឈមណ្ឌលឧស្សាហកម្មរថយន្តអគ្គិសនីនៅអាស៊ីអាគ្នេយ៍។
ជាក់ស្តែង ប្រទេសថៃ ជាមជ្ឈមណ្ឌលផលិតរថយន្តក្នុងតំបន់អស់ជាច្រើនទសវត្សរ៍មកហើយ ដែលគ្រប់គ្រងដោយអ្នកផលិតជប៉ុនដូចជា Toyota Motor និង Isuzu Motor។
ប៉ុន្តែរលកនៃក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិន កំពុងឈានចូលទីផ្សារយ៉ាងគំហុក ជាមួយនឹងការវិនិយោគជាង ១ពាន់ ៤រយលានដុល្លារអាមេរិក ដែលប្រកួតប្រជែងជាមួយក្រុមហ៊ុនជប៉ុន ខណៈដែលអ្នកប្រើប្រាស់ថៃ ក៏បាននិងកំពុងប្រើប្រាស់រថយន្តអគ្គិសនីយ៉ាងឆាប់រហ័សផងដែរ ដោយសារការឧបត្ថម្ភធនរបស់រាជរដ្ឋាភិបាល និងការលើកទឹកចិត្តផ្នែកពន្ធ។
រាជរដ្ឋាភិបាលថៃ ក៏មានគោលដៅចង់បាន ផលិតកម្មរថយន្តអគ្គិសនី ស្មើនឹង ៣០% នៃរថយន្តចំនួន ២លាន ៥សែនគ្រឿងរបស់ខ្លួន ដែលផលិតជារៀងរាល់ឆ្នាំ នៅត្រឹមឆ្នាំ ២០៣០។សូមជម្រាបថា រដ្ឋមន្ត្រីឧស្សាហកម្មថៃ បានបញ្ជាក់ថា រោងចក្រតម្លៃ ៦៤លានដុល្លារអាមេរិករបស់ GAC Aion នឹងអាចផលិតរថយន្តបាន ៥ម៉ឺនគ្រឿងក្នុងមួយឆ្នាំ៕
អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ