ថ្ងៃអាទិត្យ ទី១០ ខែ​វិច្ឆិកា ឆ្នាំ២០២៤

Global House សាខាបាត់ដំបង កំពុងទទួលបានការគាំទ្រខ្លាំងពីប្រជាពលរដ្ឋក្នុងខេត្ត

២៣ កុម្ភៈ ២០២៤ | សេដ្ឋកិច្ច

Global House សាខាបាត់ដំបង កំពុងទទួលបានការគាំទ្រខ្លាំងពីប្រជាពលរដ្ឋក្នុងតំបន់ និងខេត្តក្បែរខាង ខណៈផ្សារទំនើបនេះ ទើបបើកដំណើរការជាផ្លូវការកាលពីពេលថ្មីៗនេះ ។ មានចំងាយមិនឆ្ងាយប៉ុន្មានពីទីរួមខេត្តបាត់ដំបង ផ្សារ Global House បាត់ដំបង បានបណ្តែតខ្លួនលើផ្ទៃដីវិនិយោគទំហំជិត ៤ហិតា ស្ថិតនៅតាមបណ្តោយផ្លូវក្រវ៉ាត់ក្រុង ចំងាយពីរង្វង់មូលយាយទេព ប្រហែល ១គីឡូម៉ែត្រ ស្ថិតក្នុងភូមិអង្គ សង្កាត់អូរចា ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ផ្សារ Global House ដែលជាមជ្ឈមណ្ឌលសម្រាប់ផ្គត់ផ្គង់សម្ភារៈគ្រឿងសំណង់ និងសម្ភារៈតុបតែងគេហដ្ឋាន ដ៏ទំនើបដំបូងគេក្នុងទឹកដីខេត្តបាត់បង ត្រូវបានវិនិយោគក្រោមកិច្ចសហប្រតិបត្តិការរួមគ្នាពីពាណិជ្ជករ កម្ពុជា-ថៃ ក្នុងទំហំទឹកប្រាក់វិនិយោគប្រមាណ១៦លានដុល្លារ។

 

 


វត្តមាន ផ្សារ Global House ក្នុងទឹកដីបាត់ដំបង ក្រោយបើកសម្ពោធជាផ្លូវការនាប៉ុន្មានថ្ងៃនេះ កំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រជាពលរដ្ឋក្នុងខេត្តទាំងមូល និងពលរដ្ឋតាមបណ្ដាខេត្តជិតៗនេះផងដែរ។ ដោយផ្សារទំនើប Global House សាខាបាត់ដំបង មានលក់នូវផលិតផលច្រើនជាង ១០ម៉ឺនមុខ និងទំនិញរាប់លានឯកតា ពោលគឺ ផ្គត់ផ្គង់សម្ភារៈគ្រឿងសំណង់ និងសម្ភារៈតុបតែងគេហដ្ឋាន យ៉ាងពេញលេញ និងមានសេវាកម្មដឹកជញ្ជូនដល់ផ្ទះ ហើយវត្តមាន Global House នឹងអាចធ្វើឱ្យលោកអ្នក មានភាពងាយស្រួល ចំណេញពេលវេលា និងទទួលបានតម្លៃថោកសមរម្យ។ដោយសារតែភាពសម្បូរបែបនៃ ផលិតផល និងទំនិញជាច្រើនម៉ឺនមុខនេះ បានទាក់ទាញអថិតិជនជាច្រើន មកគាំទ្រយ៉ាងភ្លូកទឹកភ្លូកដី ដែលពួកគាត់បានបង្ហាញពី ភាពជឿជាក់ទៅលើគុណភាពទំនិញ ភាពងាយស្រួលក្នុងការទិញទំនិញជាច្រើនមុខ នៅកន្លែងតែមួយ។

 


មុននឹងឈានមកដល់ថ្ងៃនេះ Global House បានបើកដំណើរការជាង ២៦ឆ្នាំមកហើយ បច្ចុប្បន្នមានសាខាច្រើនជាង ៨៤ នៅក្នុងប្រទេសថៃ ហើយបានបើកសាខារបស់ខ្លួនដំបូងប្រទេសកម្ពុជា ក្នុងរាជធានីភ្នំពេញ នៅចុងឆ្នាំ ២០១៨ និងសាខាទី ២នេះនៅ ខេត្តបាត់ដំបង។យើងដឹងហើយថា ការរីកចម្រើនយ៉ាងឆាប់រហ័សបែបនេះ ក៏ដោយសារតែ Global House នាំយក ផលិតផលដែលមានគុណភាពពី បណ្តាក្រុមហ៊ុនធំៗ ទូទាំងពិភពលោក និងជាតម្រូវការចាំបាច់ សម្រាប់អ្នកប្រើប្រាស់ ជាពិសេសតម្លៃថោកសមរម្យ សេវាកម្មល្អ និងងាយស្រួលក្នុងការទិញទំនិញ មកកាន់កន្លែងតែមួយ អាចរកទិញបានទំនិញគ្រប់មុខ។

 

 


ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានចាត់ទុកវត្តមានផ្សារ Global House សាខាបាត់ដំបងនេះ ជាជំហានដ៏សំខាន់មួយក្នុងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងកម្ពុជា-ថៃ ដោយក្រុមហ៊ុន Siam Global House Public Company Limited ដែលជាអាជីវកម្មផ្គត់ផ្គង់គ្រឿងសំណង់ឈានមុខគេមួយក្នុងប្រទេសថៃ ដែលបានសម្រេចចិត្តវិនិយោគលើអាជីវកម្មក្នុងប្រទេសកម្ពុជា ជាសាខាទី2 និងបានដាក់ឈ្មោះថា Global House Cambodia សាខាបាត់ដំបង ដែលជាការបណ្ដាក់ទុនរួមគ្នារវាងវិស័យឯកជនថៃ-កម្ពុជា និងមានគោលដៅអភិវឌ្ឍអាជីវកម្មសំណង់ក្នុងខេត្តបាត់ដំបងនៃប្រទេសកម្ពុជា ឱ្យរីកចម្រើន និងសាង មូលដ្ឋានគ្រឹះ សម្រាប់ ការធ្វើឱ្យប្រសើរឡើងនូវសេដ្ឋកិច្ច ក្នុង តំបន់ឱ្យមានការរីកចម្រើន ប្រកបដោយចីរភាព ។

 


ឯកឧត្តម បានបន្តទៀតថា រដ្ឋាភិបាលកម្ពុជា មើលឃើញពីសារៈសំខាន់ក្នុងការជម្រុញការវិនិយោគពីបរទេស ដោយមានការកែសម្រួលគោលការណ៍ផ្សេងៗ ដើម្បីសម្រួលដល់វិនិយោគិនដែលត្រូវការចូលមកវិនិយោគក្នុងប្រទេសកម្ពុជា ។ ខេត្តបាត់ដំបងគឺជាតំបន់ដ៏សំខាន់នៃប្រទេសកម្ពុជា ជាប្រភពស្បៀង ប្រភពទឹក មានស្ទឹង សង្កែហូរកាត់ធ្វើឱ្យខេត្តនេះមានភាពសម្បូរសប្យាយ។ ស្ថិតនៅទីតាំងដែលមានអំណោយផលខាងភូមិសាស្រ្ដ មានទីផ្សារអ្នកប្រើប្រាស់ដ៏ធំ ហើយនៅក្នុងដំណាក់កាលកំពុងរីកចម្រើន និងមានសក្ដានុពលក្នុងការក្លាយជាមូលដ្ឋានផលិតកម្មដ៏សំខាន់ ថែមទាំងបានផ្សាភ្ជាប់ទៅនឹងខ្សែសង្វាក់ផលិតកម្មរបស់ពិភពលោកតាមរយៈការផ្សាភ្ជាប់រចនាសម្ព័ន្ធការដឹកជញ្ជូនរវាងគ្នាទៅវិញទៅមក។ 

 


ការពង្រីកខ្លួនរបស់គ្លូប៊ល ហៅស៍ ក្រៅពីជួយជម្រុញសេដ្ឋកិច្ចនៅក្នុងខេត្តបាត់ដំបង ជាពិសេសក្នុងអាជីវកម្មគ្រឿងសំណង់ឱ្យរីកលូតលាស់នោះ ថែមទាំងបានបង្កើតការងារ និងឱកាសដល់ប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបង ច្រើនជាង១៦០នាក់ ។ ក្នុងឱកាសបើកសម្ពោធជាផ្លូវការសាខាទី២ Global House បាត់ដំបង លោក អភិសិដ្ឋ រុជិកៀតកាំចន ប្រធានគណៈក ម្មការក្រុមហ៊ុន គ្លូប៊ល ហៅស៍ (ខេមបូឌា) បានលើកឡើងថា “Global House” គឺជាក្រុមហ៊ុនថៃដំបូងគេបង្អស់ដែលនាំយកគំនិតច្នៃប្រឌិតប្រព័ន្ធពាណិជ្ជកម្មទំនើបបែប(Modern Trade) មកប្រើប្រាស់ជាមួយហាងផ្គត់ផ្គង់គ្រឿងសំណង់បែបពីមុន ដោយផ្លាស់ប្តូរមកជាឃ្លាំងលក់ទំនិញ ឬហៅបានថា Warehouse store ដែលមានផ្គត់ផ្គង់ទំនិញគ្រឿងសំណង់ ស៊ីម៉ង់ ក្បឿងដំបូល ដែកសរសៃ ដែកទីប សម្ភារះបន្ទប់ទឹក ការ៉ូ អំពូលភ្លើង ឧបករណ៍អគ្គីសនីយ សម្ភារះអគ្គីសនី ទុយោ ម៉ាស៊ីនបូមទឹក ទ្វារបង្អួច និង ឧបករណ៍ជាង រួមទាំងផលិតផលតុបតែងគេហដ្ឋាន ដែលមានទំនិញច្រើនជាង រាប់សែន លានមុខ នៅក្នុងកន្លែងតែមួយ ដើម្បីសម្រួលដល់ភាពងាយស្រួលដល់អតិថិជនក្នុងការជ្រើសរើសទំនិញ ។

 


 “Global House” បានទទួលការជឿទុកចិត្តពីអតិថិជនទូទាំងប្រទេសថៃអស់រយៈពេលជាង 26 ឆ្នាំ និងបើកបានដំណើរការជាង 84 សាខា ក្នុងប្រទេសថៃ។  ការជ្រើសរើសសម្រាប់ការវិនិយោគនាពេលនេះ គឺដោយសារ ខេត្តបាត់ដំបង គឺជាទីផ្សារដ៏សំខាន់មួយដែលមានអត្រារីកចម្រើនកើនខ្ពស់នៅក្នុងប្រទេសកម្ពុជា ហើយរដ្ឋាភិបាលគាំទ្រយ៉ាងពេញទំហឹងចំពោះការវិនិយោគពីបរទេស ដើម្បីទទួលកំណើន នៃតម្រូវការទិញ តម្រូវការការប្រើប្រាស់ផ្សេងៗ ។ លើសពីនេះ ការបំពេញតម្រូវការផ្សេងទៀត  ក៏មានអភិវឧ្ឍន៍ជាបន្តបន្ទាប់ មករហូត យើងបានឃើញនៅសក្តានុពលនៃការរីកចម្រើននេះផង ទើបបានសម្រេចចិត្តមកបណ្តាក់ទុនជាមួយពាណិជ្ជករកម្ពុជា។

 


វត្តមាន Global House ក្នុងទីផ្សារកម្ពុជាបន្ថែមនាពេលនេះ មិនត្រឹមតែជាការពង្រីកអាជីវកម្មប៉ុន្នោះទេ ថែមពីនេះវាក៏ជាផ្នែកមួយដ៏សំខាន់ក្នុងការជំរុញសេដ្ឋកិច្ចកម្ពុជា បង្កើតការងារ កាត់បន្ថយការចំណាយ និងលើកកំពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា ដើម្បី ជា ផ្នែក មួយ នៃ ការ អភិវឌ្ឍ ប្រទេស កម្ពុជា ឱ្យរីកចម្រើន និង ចីរភាពជារៀងរហូត។

 


ឯកឧត្តម អ្នកឧកញ៉ា លី យ៉ុងផាត់ ក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន គ្លូប៊ល ហៅស៍ ខេមបូឌា និងជាអគ្គនាយកក្រុមហ៊ុន LYP Group ក្នុងឱកាសបើកសម្ពោធសាខាទី២ នៅខេត្តបាត់ដំបង នៅថ្ងៃទី ១៧ កុម្ភៈ ឆ្នាំ ២០២៤នេះ បានគូសបញ្ជាក់ថា វត្តមាននៃផ្សារ គ្លូប៊ល ហៅស៍ ក្នុងខេត្តបាត់ដំបងនាពេលនេះ គឺជាផ្លែផ្កានៃការវិនិយោគរួមគ្នា រវាងក្រុមហ៊ុន សាយ៉ាម  គ្លូប៊ល ហៅស៍  ចំកាត់ ជាមួយក្រុមហ៊ុន LYP Group ដោយចំណាយដើមទុនសរុប ១៦ លានដុល្លារអាមេរិក និងផ្តល់ការងារដល់បុគ្គលិកចំនួន ១៦០ នាក់។

 


សាខាទី២ របស់ក្រុមហ៊ុន គ្លូប៊ល ហៅស៍ ខេមបូឌា នៅលើទឹកដីកម្ពុជា បន្ទាប់ពីសាខាទី១ ត្រូវបានបើកសម្ពោធដាក់ឱ្យដំណើរការកាលពីខែធ្នូ ឆ្នាំ ២០១៨ នៅក្នុងខ័ណ្ឌ សែនសុខ រាជធានីភ្នំពេញ ដោយចំណាយទុនវិនិយោគ ២០ លានដុល្លារអាមេរិក និងបង្កើតការងារដល់បុគ្គលិកចំនួន ១៨០ នាក់។ ការបើកសម្ពោធសាខាទី២ក្នុង ខេត្តបាត់ដំបងនាពេលនេះ បានបង្ហាញឱ្យឃើញពីសក្តានុពលសេដ្ឋកិច្ចរបស់ខេត្តបាត់ដំបង ក៏ដូចជាការវិនិយោគ ថ្មីៗទៀត ពីសំណាក់វិស័យឯកជននៅក្នុងប្រទេសកម្ពុជាក្រោមម្លប់សុខសន្តិភាពដែលបានផ្តល់ទំនុកចិត្តយ៉ាងរឹងមាំ ដល់អ្នកវិនិយោគទុន ទាំងក្នុងនិងក្រៅស្រុក ។ វត្តមានផ្សារ គ្លូប៊ល ហៅស៍  ប្រាកដជានឹងចូលរួមចំណែក យ៉ាងសំខាន់ ក្នុងការជួយ ជំរុញសន្ទុះកំណើនសេដ្ឋកិច្ចឱ្យងើបឡើងវិញក្រោយវិបត្តិកូវីដ ១៩ ។

 


គួរបញ្ជាក់ជូនដែរថា Global House ខេត្តបាត់ដំបង ត្រូវបានវិនិយោគនៅលើទំហំផ្ទៃដីប្រមាណ ៤ហិចតា ជាមួយនឹងទុនវិនិយោគជាង ១៦លានដុល្លារអាមេរិក ស្ថិតក្រោមការវិនិយោគរួមគ្នាពី ក្រុមហ៊ុន LYP Group និងក្រុមហ៊ុន Siam Global House។ Global House បាត់ដំបង មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវក្រវ៉ាត់ក្រុង ចំងាយពីរង្វង់មូលយាយទេព ប្រហែល ១គីឡូម៉ែត្រ ស្ថិតក្នុងភូមិអង្គ សង្កាត់អូរចា ក្រុងបាត់ដំបង ខេត្តបាត់ដំបង៕
 

 

អត្ថបទ៖ ម៉ៅ ចរិយា រូបភាព៖ ក្រុមការងារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024