ថ្ងៃអាទិត្យ ទី១៣ ខែកក្កដា ឆ្នាំ២០២៥
ថ្ងៃអាទិត្យ ទី១៣ ខែកក្កដា ឆ្នាំ២០២៥
ដ្បិតទីផ្សារសម្ដែងមិនទាន់វិលមកដូចដើមតែតារាសម្តែងលោក អែត វីន បានរំលឹកពីទុកលំបាករបស់ខ្លួនដែលបានជួបប្រទះនាកន្លងមក ក្រោយពីជីវិតធ្លាក់ដល់សូន្យ ទំរាំតែខ្លួនអាចងើបមុខឡើងវិញបានខ្លះៗដូចសព្វថ្ងៃនេះ ។
ស្របពេលដែលជីវិត និងការងារចាប់ផ្តើមល្អប្រសើរឡើងវិញខ្លះៗ ស្រាប់តែថ្មីៗនេះតារាសម្តែងរូបសង្ហា អែត វីន បានបង្ហាញពីការតស៊ូយ៉ាងលំបាកទំរាំងើបឈរបានឡើងវិញ បន្ទាប់ពីមានរឿងរ៉ាវអាក្រក់បានកើតឡើងចំពោះខ្លួនកាលពីប៉ុន្មានឆ្នាំមុន ។
តារាសម្ដែងរូបនេះ បានកប់រឿងអាក្រក់ដែលខ្លួនបានជួបប្រទះនាពេលកន្លងមកចោលអស់ហើយ ហើយលោកក៏មិនចង់រំលឹកពីរឿងចាស់ដែរ ពីព្រោះបទពិសោធដែលលោកបានជួបប្រទះនាឆ្នាំនោះ គឺវាធ្ងន់ធ្ងរខ្លាំងសម្រាប់ជីវិតលោក ។ជួបជាមួយលោក អែត វីន កាលពីពេលថ្មីៗនេះ លោកហាក់មានស្នាមញញឹម និងមានជីវិតភ្លឺថ្លាជាងមុន ហើយលោកក៏បានលេចមុខនៅក្នុងកម្មវិធីធំៗជាច្រើន ។
អែត វីន បានឱ្យដឹងថា ជីវិតរបស់លោកពេលនេះល្អប្រសើរច្រើន ទាំងរឿងការងារសិល្បៈ និងការងារឯកជន ក្រៅពីកំពុងថតរឿងឱ្យទូរទស្សន៍មួយ លោកក៏បានបើកក្លឹបហាត់ប្រាណមួយកន្លែងរួមជាមួយមិត្តភក្តិ ដែលអាចទទួលបានប្រាក់ចំណូលច្រើនគួរសមសម្រាប់ចិញ្ចឹមជីវិត ។
តារាស្ដែងធ្លាប់មានទីផ្សារ និងប្រជាប្រិយភាពខ្លាំងខាងលើ ក៏បានរំលឹកប្រាប់ផងដែរថា ប៉ុន្មានឆ្នាំចុងក្រោយនេះជីវិតលោកជួបការលំបាកខ្លាំងណាស់ ដូច្នេះហើយទើបលោកខំប្រឹងតស៊ូធ្វើការ មិនរុញរា មិនថា ការងារតូចធំ លំបាក ហត់នឿយយ៉ាងណា គឺលោកទទួលធ្វើទាំងអស់ ដើម្បីរកប្រាក់ចិញ្ចឹមជីវិត និងទិញអង្ករច្រក់ឆ្នាំង ។
ថ្វីដ្បិតតែសព្វថ្ងៃនេះជីវភាពរបស់លោកបានល្អប្រសើរជាងមុនច្រើន តែលោកមិនបានបណ្តោយឱ្យពេលវេលាកន្លងហួសផុតទៅដោយឥតប្រយោជន៍ឡើយ លោកត្រូងប្រឹងរកលុយទាំងយប់ទាំងថ្ងៃដើម្បីរស់ ៕
អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ភីអិនអិន