ថ្ងៃសៅរ៍ ទី២៧ ខែកក្កដា ឆ្នាំ២០២៤

ក្រសួងសេដ្ឋកិច្ច បញ្ជាក់អំពី ការបន្តគាំទ្រដល់វិស័យសហគ្រាសធុនតូច និងមធ្យម ក្នុងឆ្នាំនេះ

២៣ កុម្ភៈ ២០២៤ | សេដ្ឋកិច្ច

 

ថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែងជួយដល់ សហគ្រាសធុនតូច និងមធ្យម ហៅកាត់ថា SME នាពេលកន្លងមក ហើយនឹងបន្តការខិតខំក្នុងឆ្នាំ ២០២៤នេះ និងនាពេលខាងមុខ។

 

 

ឯកឧត្ដម ផាន់ ផល្លា រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែង នាឱកាស វេទិកាសាធារណៈ ស្តីពីការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកា ឆ្នាំ២០២៤ ឱ្យដឹងថា ពាក់ព័ន្ធនឹងវិស័យ SME រាជរដ្ឋាភិបាល បានបន្តការគាំទ្រជាច្រើន តាមរយៈច្បាប់វិនិយោគថ្មី ដែលជួយពង្រឹងដល់ SME ផ្ទាល់តែម្តង ការបង្កើតធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ការបង្កើតធនាគារ SME ជាដើម ដែលសុទ្ធសឹងតែជា ការជួយជ្រោមជ្រែងដល់វិស័យមួយនេះ។

 


ឯកឧត្ដម ផាន់ ផល្លា បន្តទៀតថា រាជរដ្ឋាភិបាល ក៏បានបង្កើត Khmer Enterprise ដែលជាស្ថាប័នគាំទ្រ និងបង្កើតប្រព័ន្ធអេកូឡូស៊ីសហគ្រិន និងការវិនិយោគ ព្រមទាំងបង្កើត Techno Startup Center ដែលគាំទ្រដល់ ការបង្កើតអាជីវកម្មថ្មីៗជាដើម។

 


លើសពីនេះ រាជរដ្ឋាភិបាល ក៏បានបង្កើតមូលនិធិអភិឌ្ឍន៍ជំនាញ មិនមែនសម្រាប់តែក្រុមហ៊ុនធំៗនោះទេ ដែលអាចមកទទួលបាននូវ មូលនិធិនេះ ក្រុមហ៊ុន SME ទាំងឡាយណា ដែលចង់បណ្ដុះបណ្ដាលបុគ្គលិកលើជំនាញណាពិតប្រាកដ ក៏អាចដាក់ពាក្យសុំពី មូលនិធិអភិឌ្ឍន៍ជំនាញនេះបានដែរ។

 


សូមរម្លឹកដែរថា សម្រាប់ការព្យាករកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ក្នុងឆ្នាំ ២០២៤ គឺអាចសម្រេចបាន ៦,៦% ខណៈកាលពីឆ្នាំ ២០២៣កន្លងទៅ កម្ពុជា សម្រេចកំណើនបាន ៥,៦%៕

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ អ៊ិន អាត

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024