ថ្ងៃច័ន្ទ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥

ការរៀបចំវាយតម្លៃនូវការផ្តល់សេវាសាធារណៈ ជាការផ្តល់ឱកាសបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីរាជការ

២៣ កុម្ភៈ ២០២៤ | ព័ត៌មានជាតិ


ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានលើកឡើង នៅក្នុងនៅក្នុងសិក្ខាសាលាចែករំលែកបទពិសោធន៍នៃការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈនៃអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល កាលពីរសៀលថ្ងៃទី២១កុម្ភៈម្សិលមិញនេះថា ការរៀបចំយន្តការ និងវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈ គឺជាការផ្តល់ឱកាសទៅដល់អង្គភាពទាំងអស់ បង្ហាញពីកិច្ចខិតខំប្រឹងប្រែងបំពេញនូវតួនាទីការងាររបស់ខ្លួន។ 

 


ការរៀបចំយន្តការ និងវាយតំលៃអង្គភាពផ្តល់សេវាសាធារណៈ គឺជាការផ្តល់ឱកាសទៅដល់នាយក នាយិកា ក៏ដូចជា មន្រ្តីរាជការស៊ីវិល ព្រមទាំងអង្គភាព ដែលបានខិតខំប្រឹងប្រែង លះបង់ តស៊ូ ពុះពារ ដើម្បីអភិវឌ្ឍន៍ទៅលើអ្វី ដែលជាសមត្ថភាពនៅក្នុងការផ្តល់សេវាសាធារណៈ នៅក្នុងអង្គភាពរបស់ខ្លួន។

 

 

នេះបើតាមការលើកឡើងរបស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ កាលពីររសៀលថ្ងៃទី២១កុម្ភៈ ឆ្នាំ២០២៤ ម្សិលមិញនេះ នៅក្នុងសិក្ខាសាលាចែករំលែកបទពិសោធន៍ នៃការគ្រប់គ្រងនិងការផ្តល់សេវាសាធារណៈនៃអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល នៅសាលមហោស្រពនៃមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

 

 

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បន្ថែមថា ប្រសិនបើមិនមានវេទិការ នៃការផ្តល់ការវាយតំលៃនេះទេ  នាយក នាយិកា ក៏ដូចជាមន្រ្តី រាជការស៊ីវិល ព្រមទាំងអង្គភាពទាំងអស់ មិនអាចបង្ហាញនូវសមត្ថភាព និងការខិតខំប្រឹងប្រែង ទៅលើកិច្ចការងាររបស់ពួកគេនោះទេ ។

 

 

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បន្តទៀតថា ចលនាប្រឡងប្រណាំងតាមរយៈការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូនេះ ក៏បានឆ្លើយតបយ៉ាងល្អប្រសើរទៅនឹងវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈដែលដាក់ចេញដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជាពិសេស វិធានការគន្លឹះទី២ ក្នុងការពង្រឹងសមត្ថភាព និងសមិទ្ធកម្មស្ថាប័ន  ក៏ដូចជាវិធានការគន្លឹះទី៣ ក្នុងការអនុវត្តប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្ម ដែលជាវិធានការគន្លឹះចំពោះមុខ ក្នុងការឈានឆ្ពោះទៅ សម្រេចបាននូវស្នូលនៃយុទ្ធសាស្រ្តបញ្ចកោណ ដែលផ្តោតលើការកែទម្រង់ ការពង្រឹងអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋ ឱ្យក្លាយជារដ្ឋបាលសាធារណៈទំនើបប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ។

 

 

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏លើកទឹកចិត្តដល់បណ្តាអង្គភាពទាំងអស់ ទាំងក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ដែលបាន ឬមិនបានចូលរួមក្នុងដំណើរការនៃការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូ ឬមិនទទួលបានចំណាត់ថ្នាក់ល្អ សូមបន្តកិច្ចខិតខំប្រឹងប្រែង ប្រើប្រាស់ធនធាន និងសមត្ថភាពឱ្យអស់សក្តានុពលប្រកបដោយនវានុវត្តន៍ ព្រមជាមួយនឹងការប្រឹងប្រែងរួមគ្នារវាងថ្នាក់ដឹកនាំ និងមន្រ្តី ព្រមទាំងអាជ្ញាធរមូលដ្ឋាន សហគមន៍ និងអង្គការដៃគូអភិវឌ្ឍនានា ក្នុងគោលដៅកែលម្អ ពង្រឹង និងពង្រីកគុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ ឱ្យកាន់តែប្រសើរ ជូនប្រជាពលរដ្ឋនៅមូលដ្ឋានរបស់ខ្លួន៕
 

 

 

អត្ថបទ៖ អ៊ីសា ហាសាណះ រូបភាព៖ ហ៊ុន សុជាតា  

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025