ថ្ងៃសៅរ៍ ទី២៧ ខែកក្កដា ឆ្នាំ២០២៤

យុវជនរៀនជំនាញសេវាកម្មសម្អាងកាយ តាមរយៈកម្មវិធី ១លាន ៥សែននាក់របស់រាជរដ្ឋាភិបាល សម្តែងភាពរីករាយ ចំពោះឱកាសរៀនសូត្រនេះ

២១ កុម្ភៈ ២០២៤ | ព័ត៌មានជាតិ



យុវជនរៀនជំនាញសេវាកម្មសម្អាងកាយ សម្តែងភាពរីករាយ ដែលមានឱកាសចូលរៀន តាមរយៈយន្តការ ១លាន ៥សែននាក់ របស់រាជរដ្ឋាភិបាល ដើម្បីរួមចំណែក ធ្វើយ៉ាងណាឱ្យយុវជន មកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យមានលទ្ធភាព អាចរៀនជំនាញ ដែលខ្លួនស្រឡាញ់ ដោយសិក្សាឥតគិតថ្លៃ និងមានការងារធ្វើគ្រប់ៗគ្នា។ 

 


ចាប់តាំងពីបើកបវេសនកាល កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤កន្លងមក នូវវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសទៅដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យចំនួន ១,៥ លាននាក់ ដែលបានប្រកាសដាក់ចេញឱ្យអនុវត្តកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ដោយសម្តចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជារួចមក ជំនាញជាច្រើន ទទួលបានការចុះឈ្មោះចូលរៀនកាន់តែច្រើនពីសំណាក់ យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ខណៈពួកគេថា វាជាកម្មវិធីមួយដ៏ល្អបំផុត ដែលបានផ្តល់ឱកាសឱ្យពួកគេអាចរៀនចំណេះ ជំនាញ និងមានការងារធ្វើ។ 

 


កញ្ញា អ៊ី លក្ខិណា ជាយុវជនមួយរូបកំពុងសិក្សាជំនាញ សេវាកម្មសម្អាងកាយ នៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ សម្តែងភាពរីករាយ ដែលបានឱកាសចូលរៀនតាមរយៈកម្មវិធី ១លាន ៥សែននាក់របស់រាជរដ្ឋាភិបាលនេះ និងបានផ្តល់ឱកាសឱ្យកញ្ញារៀនបានជំនាញមួយដែលខ្លួនស្រលាញ់ដោយមិនអស់ថវិការ ព្រមទាំងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែថែមទៀត។ 

 


ជាមួយគ្នានេះ លោកស្រី ព្រំ យ៉ារូ ជាគ្រូបង្រៀនផ្នែកសេវាកម្មសម្អាងកាយនេះ ក៏បានឱ្យដឹងដែរថា ជំនាញនេះមានសំទុះកើនឡើងច្រើនចាប់តាំងពីមានការកម្មវិធី ១លាន ៥សែននាក់របស់រាជរដ្ឋាភិបាលមក។ 

 


សូមបញ្ជាក់ដែរថា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅ បានដាក់ឱ្យអនុវត្តជាផ្លូវការនូវការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ចំនួន ១លាន ៥ សែននាក់ សិក្សាដោយឥតគិតថ្លៃ និងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ ចំនួន ២៨ម៉ឺនរៀល រយៈពេល ៤ខែ។

 

 

វគ្គបណ្តុះបណ្តាលបច្ចេកទេសនិងជំនាញ វិជ្ជាជីវៈនេះ  ជាកម្មវិធីមួយ ដែលផ្តួចផ្តើមឡើងក្នុងគោលបំណង រួមចំណែក ធ្វើឱ្យប្រសើរឡើងនូវកំណើនសេដ្ឋកិច្ចកម្ពុជា គិតគូដល់ប្រជាពលរដ្ឋក្រីក្រ និងគ្រួសាររងហានិភ័យ ដោយសិក្សាឥតគិតថ្លៃ និងធ្វើយ៉ាងណាឱ្យពួកគេមានការងារធ្វើគ្រប់ៗគ្នា៕
 

 

អត្ថបទ៖ អ៊ីសា ហាសាណះ  រូបភាព៖ ហ៊ុន សុជាតា 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024