ថ្ងៃច័ន្ទ ទី២១ ខែមេសា ឆ្នាំ២០២៥
ថ្ងៃច័ន្ទ ទី២១ ខែមេសា ឆ្នាំ២០២៥
តារាចម្រៀងរូបសង្ហា ណាន វីសារ បង្ហើបស្នាដៃចម្រៀងថ្មីៗត្រៀមទម្លាក់លើទីផ្សារនាពេលឆាប់ៗ ដើម្បីពង្រឹងទីផ្សារ និងប្រជាប្រិយភាពរបស់ខ្លួនកាន់តែខ្លាំងថែមទៀត។ប្រជាប្រិយភាពរបស់តារាចម្រៀង ណាន វីសារ កើនឡើងស្រឺតៗ ក្រោយចប់ការប្រឡងចម្រៀងលំដាប់ពិភពលោក។
កំលោះមានមន្តស្នេហ៍រូបនេះ បានបញ្ចេញស្នាដៃចម្រៀងថ្មីៗជាបន្តបន្ទាប់ ហើយថ្មីៗនេះ វីសារ បានបង្ហើបប្រាប់ឱ្យ PNN ដឹងថា លោកមានស្នាដៃបទចម្រៀងថ្មីៗជាច្រើនត្រៀមទម្លាក់លើទីផ្សារនាពេលឆាប់ៗ ដើម្បីបម្រើអារម្មណ៍ប្រិយមិត្តទស្សនិកជន ពិសេសហ្វេនៗរបស់លោក។ភ្ជាប់ជាមួយបទចម្រៀងថ្មីៗ ម្ចាស់បទ «កាន់ដៃរួមគ្នា» ក៏នឹងគាស់រំឮកស្ទីល៍ចាស់ៗរបស់លោកត្រឡប់មកវិញផងដែរ ឱ្យអ្នកគាំទ្រប្លែកភ្នែកតែម្តង។
ថ្មីៗនេះ តារាចម្រៀង ណាន វីសារ ធ្វើតាមសន្យាជាមួយហ្វេនៗ ដោយលោកបានទម្លាក់ចម្រៀង Cover «ព្រឹកសុំ១ យប់សុំ១» ជាបទល្បីរបស់តារាចម្រៀងយ៉េៗ កញ្ញា រ៉ាប៊ី។ វីសារ លើកឡើងថា លោកជាតារាចម្រៀងប្រុសតែម្នាក់គត់ដែល រ៉ាប៊ី បើកដៃឱ្យ cover បទចម្រៀងរបស់នាង ព្រោះកន្លងមកតារាចម្រៀងស្រីល្បីឈ្មោះរូបនេះកម្រឱ្យតារាចម្រៀងប្រុសណា cover បទចម្រៀងនាងខ្លាំងណាស់។
ការបើកភ្លើងខៀវឱ្យលោក cover បទ «ព្រឹកសុំ១ យប់សុំ១» នេះ ក៏ដោយសារហេតុផលទាំងនេះ។តារាចម្រៀងកំពុងមានប្រជាប្រិយភាពរូបនេះសង្ឃឹមថា ពុកម៉ែបងប្អូន នឹងពេញចិត្តស្នាដៃបទចម្រៀងថ្មីៗរបស់លោក ហើយកុំភ្លេចរង់ចាំមើលស្ទីល៍ថ្មីៗដែលនឹងទម្លាក់លើទីផ្សារនាពេលឆាប់ៗនេះ៕
អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច និងហ្វេសប៊ុក