ថ្ងៃច័ន្ទ ទី២១ ខែមេសា ឆ្នាំ២០២៥
ថ្ងៃច័ន្ទ ទី២១ ខែមេសា ឆ្នាំ២០២៥
មួយថ្ងៃមុនថ្ងៃបុណ្យនៃក្ដីស្រលាញ់ ១៤កុម្ភៈ ប្រេនសម្លៀកបំពាក់ Carolina Herrera បានបង្ហាញម៉ូដសម្លៀកបំពាក់ថ្មីៗបែបផ្កាចម្រុះក្នុងព្រឹត្តិការណ៍បង្ហាញម៉ូដរដូវស្លឹកឈើជ្រុះនិងរដូវរងា New York Fashion Week។
ប្រេនសម្លៀកបំពាក់ប្រណិត Carolina Herrera (ខារ៉ូលីណា ហ៊ើរើរ៉ា) បានបង្ហាញម៉ូដសម្លៀកបំពាក់ថ្មីៗបែបផ្កាចម្រុះក្នុងព្រឹត្តិការណ៍បង្ហាញម៉ូដរដូវស្លឹកឈើជ្រុះនិងរដូវរងា New York Fashion Week មុនថ្ងៃបុណ្យនៃក្ដីស្រលាញ់ឈានចូលមកដល់។
នាយកច្នៃម៉ូដរបស់ប្រេនសម្លៀកបំពាក់ពីប្រទេសវ៉េណេហ្ស៊ុយអេឡាមួយនេះគឺ លោក Wes Gordon (វ៉េស ហ្កដន់) បាននិយាយថា សម្រាប់ការបង្ហាញម៉ូដនៅក្រុងញូវយ៉ករដូវកាលនេះ លោកចង់បង្ហាញពីការប្រើសម្រស់ជាថាមពល ជាអំណាច ខណៈគ្រប់ម៉ូដដែលយកមកបង្ហាញគឺសុទ្ធតែអាចបន្ថែមនូវអំណាចនិងថាមពលសម្រាប់អ្នកស្លៀក។
ឆ្នាំ២០២៤នេះគឺជាឆ្នាំទីប្រាំមួយដែលលោក Gordon បានដឹកនាំការបង្ហាញម៉ូដនៅញូវយ៉ក ខណៈ Collection នៅឆ្នាំនេះត្រូវបានបំពេញដោយរូបភាពទាក់ទាញដែលមានទាំងសម្លៀកបំពាក់បែបលាតៗបង្ហាញពីភាពច្បាស់លាស់ និងការផ្តោតអារម្មណ៍របស់ស្ត្រីសម័យទំនើប ព្រមទាំងម៉ូដសម្លៀកបំពាក់បែបស្មុគស្មាញ និងរូបផ្កា ដែលបង្ហាញពីភាពស្រស់ស្អាតនៃធម្មជាតិ។
កម្មវិធី New York Fashion Week នឹងត្រូវបញ្ចប់នៅថ្ងៃទី១៤ ខែកុម្ភៈនេះបន្ទាប់ពីដំណើរការរយៈពេលមួយសប្ដាហ៍ពេញ ដោយក្រៅពីការបង្ហាញម៉ូដរបស់ប្រេន Carolina Herrera (ខារ៉ូលីណា ហ៊ើរើរ៉ា) ព្រឹត្តិការណ៍នេះមានការចូលរួមបង្ហាញម៉ូដពីប្រេនល្បីៗជិត ៥០ ដូចជា Michael Kors, Tommy Hilfiger និង Brandon Maxwell ជាដើម ៕
ប្រែសម្រួល៖ វ៉ាន់ថន