ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

ធ្វើជាគំរូដល់សិល្បករដទៃទៀត! នាយ គ្រឿន ប្រកាសឈប់ផ្សាយល្បែងតាមអនឡាញ និងស្រាបៀរអស់មួយជីវិត! 

១៣ កុម្ភៈ ២០២៤ | កម្សាន្ដ

 

ដោយអត់ទ្រាំនិងការរិះគន់ពីមហាជនមិនបាន តារាកំប្លែងនាយ គ្រឿន បានប្រកាសបញ្ចប់កុងត្រា ចោលប្រាក់រាប់ម៉ឺនដុល្លារ និងឈប់ថតផ្សាយស្រាបៀរ ក៏ដូចជាល្បែងតាមអនឡាញ ដែលជាគំរូដ៏ល្អមួយដល់សិល្បករ សិល្បការិនីដទៃទៀត ។ 

 

 

ស្របពេលទទួលការងារថ្មីៗជាបន្ទាប់ក្នុងឆ្នាំ ២០២៤ នេះ ស្រាប់តែតារាកំប្លែង នាយ គ្រឿន ត្រូវមហាជនរិះគន់យ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីចូលរួមថតផ្សព្វផ្សាយពាណិជ្ជកម្មទាក់ទងទៅនិងល្បែងអនឡាញ រហូតចុងក្រោយនេះលោក បានសម្រេចចិត្ត និងប្រកាសជាសាធារណៈថា ឈប់ថតផ្សាយល្បែងអនឡាញ និង ឈប់ថតផ្សាយស្រាបៀរអស់មួយជីវិត ដោយមិនស្តាយប្រាក់រាប់ម៉ឺនដុល្លារឡើយ ។ 

 


ការនេះបានធ្វើឱ្យមហាជនសាទរជាខ្លាំង និងចាត់ទុកតារាកំប្លែងល្បីឈ្មោះរូបនេះគឺជាគំរូដ៏ល្អមួយសម្រាប់សិល្បករ សិល្បការិនីដទៃទៀតយកគំរូតាម។នាយ គ្រឿន ជាតារាកំប្លែងល្បីឈ្មោះមួយរូបដែលបានតស៊ូក្នុងជីវិតយ៉ាងលំបាកទំរាំអាចឈរជើងនៅលើវិថីមួយនេះបាន រយៈពេលជាច្រើនឆ្នាំមកនេះលោកបានទទួលការងារជាច្រើនទាំងការងារសម្តែង ថតកំប្លែង និង ថតផ្សាយពាណិជ្ជកម្មនានា... ដែលធ្វើឱ្យជីវភាពលោកចាប់ផ្តើមធូធារឡើង រហូតមានកេរ្តិ៍ឈ្មោះល្បីល្បាញដូចសព្វថ្ងៃ ។ 

 

 

នៅក្នុងឆ្នាំ ២០២៤ នេះ នាយ គ្រឿន ទទួលគម្រោងការងារថ្មីៗជាច្រើន ជាពិសេសគឺការថតផ្សព្វផ្សាយពាណិជ្ជកម្មផ្សេងៗដោយទទួលបានតម្លៃខ្លួនខ្ពស់មិនធម្មតា ។  អ្វីដែលគួរឱ្យចាប់អារម្មណ៍ជាងនេះទៅទៀតនោះ គឺថ្មីៗនេះ នាយ គ្រឿន ទទួលរងនូវការរិះគន់ខ្លាំងពីមហាជន បន្ទាប់ពីបានថត MV ចម្រៀងមួយផ្សព្វផ្សាយពីល្បែងអនឡាញ ។  

 

 

ភ្លាមៗបន្ទាប់ពីមានការរិះគន់ពីមហាជនរឿង នាយ គ្រឿន ថតផ្សាយល្បែងតាមអនឡាញ ស្រាប់តែនាយ គ្រឿន បានចេញវិដេអូប្រកាស សូមទោសមហាជនជាសាធារណៈ ព្រមទាំងលុបចោលគម្រោងការងារទាំងអស់ជាមួយល្បែងអនឡាញ បើទោះបីជាលោកត្រូវខាតប្រាក់ចំណូលអស់រាប់ម៉ឺនដុល្លារ ក៏លោកមិនស្តោកស្តាយដែរ ។ 

 

 

ទន្ទឹមនិងការប្រកាសឈប់ថតល្បែងតាមអនឡាញនេះ នាយ គ្រឿន ក៏បានប្រកាសឈប់ថត ឬ ផ្សព្វផ្សាយពីស្រាបៀរផងដែរ ដោយលោកបាននិយាយថា ចាប់ពីពេលនេះតទៅទាំងការងារថតផ្សាយពីស្រាបៀរ និង ការងារល្បែងតាមអនឡាញ គឺលោកឈប់ថតអស់មួយជីវិត បើទោះបីជាខ្លួនត្រូវខាតបង់ប្រាក់ចំណូលច្រើនប៉ុណ្ណា ក៏លោកមិនខ្វល់ដែរ សំខាន់គឺបងប្អូនប្រជាជន ខ្មែរ សប្បាយចិត្ត  ។ក្រោយពីឃើញ នាយ គ្រឿន ប្រកាសបែបនេះ ធ្វើឱ្យមិត្តសិល្បករ ក៏ដូចជាមហាជនជាច្រើនពេញចិត្ត និងសរសើរនូវទង្វើររបស់នាយ គ្រឿន ៕ 

 



 

 

 

អត្ថបទ ៖ ម៉ា រីសា  រូបភាព ៖  ហ៊ុន សុជាតា និង ភីអិនអិន    

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024