ថ្ងៃសៅរ៍ ទី២៧ ខែកក្កដា ឆ្នាំ២០២៤

បង្ហាញតារាចម្រៀងជាប់បេក្ខភាពពានរង្វាន់តន្ត្រីអង់គ្លេសច្រើនជាងគេ

២៦ មករា ២០២៤ | កម្សាន្ដ

 

តារាចម្រៀងល្បីអង់គ្លេស Raye មានឈ្មោះប្រកួតប្រជែងពានរង្វាន់ច្រើនជាងគេក្នុងបញ្ជីបេក្ខភាពពានរង្វាន់ BRIT Awards ឆ្នាំនេះ ខណៈបេក្ខភាពលេចធ្លោដទៃទៀតមានដូចជា Dua Lipa ក្រុមចម្រៀង Rolling Stones និង Blur ជាដើម។

 

 


តារាចម្រៀងនិងអ្នកនិពន្ធចម្រៀង Raye (រ៉េ) មានឈ្មោះប្រកួតប្រជែងពានរង្វាន់ដល់ទៅ ៧ ផ្នែកក្នុងបញ្ជីបេក្ខភាពពានរង្វាន់តន្ត្រីអង់គ្លេស BRIT Awards (ប្រ៊ីដ អឹវ៉ត) ដោយមានពានរង្វាន់ធំៗដូចជាពានរង្វាន់សិល្បករប្រចាំឆ្នាំ ពានរង្វាន់អាល់ប៊ុមប្រចាំឆ្នាំ និងពានរង្វាន់បទចម្រៀងប្រចាំឆ្នាំសម្រាប់បទល្បីរបស់នាងគឺបទ “Escapism” (អឹស្កេបភីសឹម)។ 

 

 


ការមានឈ្មោះប្រកួតប្រជែងពានរង្វាន់ចំនួន ៧ផ្នែក បានធ្វើឱ្យតារាស្រីវ័យ ២៦ឆ្នាំរូបនេះអាចបំបែកកំណត់ត្រាសិល្បករទោលដែលជាប់បេក្ខភាពច្រើនបំផុតក្នុងប្រវត្តិសាស្ត្រកម្មវិធី BRIT Awards។

 


បេក្ខភាពលេចធ្លោផ្សេងៗទៀតក្នុងឆ្នាំនេះមានដូចជាតារារ៉េប Central Cee និង J Hus (សេនត្រល ស៊ី និង ជេ ហ៊ើស) មានឈ្មោះប្រកួតប្រជែងម្នាក់ ៤ ពានរង្វាន់ ខណៈតារាចម្រៀងស្រី Dua Lipa (ដួ លីប៉ា) មានឈ្មោះប្រកួតប្រជែង ៣ពានរង្វាន់ រួមមានពានរង្វាន់សិល្បករប្រចាំឆ្នាំ ពានរង្វាន់តារាប៉ុបប្រចាំឆ្នាំ និងពានរង្វាន់ចម្រៀងប្រចាំឆ្នាំសម្រាប់បទ “Dance The Night” ដែលនាងបានច្រៀងសម្រាប់ភាពយន្ត “Barbie”។

 

 


ក្រុមចម្រៀងអង់គ្លេស Blur (ប្ល៊ើ) បានជាប់ឈ្មោះប្រកួតប្រជែងពានរង្វាន់ចំនួន ៣ដូចគ្នា ស្របពេលដែលក្រុមចម្រៀងជើងចាស់ Rolling Stones ដែលទើបត្រលប់មកចេញអាល់ប៊ុមវិញកាលពីឆ្នាំមុនបន្ទាប់ពីបាត់មុខរាប់សិបឆ្នាំក៏មានឈ្មោះក្នុងបញ្ជីបេក្ខភាព BRIT Awards ឆ្នាំនេះដែរ។ចំពោះម្ចាស់ជយលាភីពិតប្រាកដនឹងត្រូវប្រកាសក្នុងកម្មវិធីប្រគល់ពានរង្វាន់ដែលនឹងប្រារព្ធឡើងនៅថ្ងៃទី២ ខែមីនា ខាងមុខនេះ ៕

 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024