ថ្ងៃអង្គារ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤

វិស័យកាត់ដេរវៀតណាម ដាក់គោលដៅនាំចេញ ៤៤ពាន់លានដុល្លារ នៅឆ្នាំ ២០២៤

៣០ ​វិច្ឆិកា ២០២៣ | សេដ្ឋកិច្ច

 

សមាគមវាយនភណ្ឌ និងសំលៀកបំពាក់វៀតណាម បានកំណត់គោលដៅរកប្រាក់ចំណូលបាន ៤៤ពាន់លានដុល្លារអាមេរិក ពីការនាំចេញវាយនភណ្ឌ និងសំលៀកបំពាក់នៅឆ្នាំ ២០២៤ បន្ទាប់ពី ការផ្លាស់ប្តូរជាវិជ្ជមាន កើតឡើងនៅត្រីមាសចុងក្រោយឆ្នាំនេះ។ នេះបើយោងតាមការចុះផ្សាយដោយ សារព័ត៌មានក្នុងស្រុកវៀតណាម នៅថ្ងៃនេះ។

 

 

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននាពេលថ្មីៗនេះ ប្រធានសមាគមវាយនភណ្ឌ និងសំលៀកបំពាក់វៀតណាម បានលើកឡើងថា នៅឆ្នាំនេះ ចំណូលពីការនាំចេញ ត្រូវបានប៉ាន់ប្រមាណថា ឈានដល់កម្រិត ៤០ពាន់លានដុល្លារអាមេរិក ធ្លាក់ចុះប្រហែល ៩% តិចជាងឆ្នាំមុន។

 


ទោះបីជា ទិដ្ឋភាពសេដ្ឋកិច្ចសកលអាប់អួរ ដោយសារផលប៉ះពាល់ជាសាកលនៃជំងឺរាតត្បាតកូវីដ១៩ សមិទ្ធិផលនៃការនាំចេញរបស់វៀតណាម ត្រូវបានចាត់ទុកជា ការខិតខំប្រឹងប្រែងដ៏អស្ចារ្យរបស់សហគមន៍ធុរកិច្ច ដោយនៅឆ្នាំ ២០២៣ ផលិតផលវាយនភណ្ឌ និងកាត់ដេរវៀតណាម បានឈានទៅដល់ប្រទេស និងដែនដីចំនួន ១០៤។យោងតាម សមាគមវាយនភណ្ឌ និងសំលៀកបំពាក់វៀតណាម សហរដ្ឋអាមេរិក នៅតែជាប្រទេសនាំចូលធំបំផុតនៃផលិតផលវាយនភណ្ឌ និងសំលៀកបំពាក់របស់វៀតណាម ជាមួយនឹងចំណូលជាង ១១ ពាន់លានដុល្លារ គិតត្រឹមចុងខែកញ្ញា។

 


តួលេខនេះ ត្រូវបានតាមពីក្រោយដោយ ប្រទេសជប៉ុន ដែលមានទំហំទឹកប្រាក់ប្រហែល ៣ពាន់លានដុល្លារ សាធារណរដ្ឋកូរ៉េជាង ២,៤ពាន់លានដុល្លារ និងសហភាពអឺរ៉ុប ២,៩ពាន់លានដុល្លារ។ក្នុងចំណោមទីផ្សារសំខាន់ៗ ការនាំចេញរបស់វៀតណាម ទៅកាន់សហភាពអឺរ៉ុប គឺបរាជ័យក្នុងការបំពេញតាមការរំពឹងទុក ជាមួយនឹងប្រាក់ចំណូល ធ្លាក់ចុះ ១៣% ក្នុងរយៈពេល ៣ត្រីមាសដំបូង។

 


វៀតណាម នឹងត្រូវផ្តោតលើការអភិវឌ្ឍន៍ឧស្សាហកម្មច្នៃម៉ូដ បង្កើតម៉ាកយីហោក្នុងស្រុក ហើយបន្ទាប់មកធ្វើឱ្យ ពួកគេ ត្រូវបានស្គាល់ទូទាំងពិភពលោក។សូមជម្រាបថា សមាគមវាយនភណ្ឌ និងកាត់ដេរវៀតណាម បានព្យាករថា វិស័យវាយនភណ្ឌ កាត់ដេរ និងស្បែកជើងរបស់វៀតណាម មានបំណងសម្រេចបានតម្លៃនាំចេញសរុប ៨០ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ ២០២៥ និង ១០៨ពាន់លានដុល្លារអាមេរិក នៅឆ្នាំ ២០៣០៕
 

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024