ថ្ងៃពុធ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥
ថ្ងៃពុធ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥
អង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច ហៅកាត់ថា O.E.C.D បានព្យាករថាកំណើនសេដ្ឋកិច្ចសកល អាចសម្រេចបានក្នុងកម្រិតមធ្យម ២,៩% នៅឆ្នាំនេះ ហើយថមថយទៅរក ២,៧% នៅឆ្នាំ ២០២៤ មុនពេលកើនឡើងនៅឆ្នាំ ២០២៥ ដល់ ៣%។ នេះបើយោងតាមការចេញផ្សាយ ដោយ សារព័ត៌មានអន្តរជាតិធំៗ នៅថ្ងៃនេះ។
អង្គការខាងលើ បានបង្ហាញថា សេដ្ឋកិច្ចពិភពលោក នឹងថយចុះបន្តិចនៅឆ្នាំក្រោយ ប៉ុន្តែហានិភ័យនៃការធ្លាក់ចុះដ៏លំបាកនេះ បានថមថយហើយ បើទោះបីជាមាន កម្រិតបំណុលខ្ពស់ និងភាពមិនច្បាស់លាស់លើអត្រាការប្រាក់ក៏ដោយ។
អង្គការ OECD បានព្យាករថា កំណើនសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកនឹងធ្លាក់ចុះពី ២,៤% នៅឆ្នាំនេះទៅ ១,៥% នៅឆ្នាំក្រោយ ខណៈហានិភ័យនៃវិបត្តិសេដ្ឋកិច្ចនៅតែមាន ដោយសារទីផ្សារលំនៅដ្ឋានចុះទន់ខ្សោយ តម្លៃប្រេងខ្ពស់ និងការផ្តល់ប្រាក់កម្ចីយឺត។
សេដ្ឋកិច្ចរបស់ប្រទេសចិន ក៏ត្រូវបានគេរំពឹងថានឹងធ្លាក់ចុះផងដែរ ខណៈពេលដែលវាជួបជាមួយនឹងបញ្ហាអចលនទ្រព្យដែលកំពុងធ្លាក់ចុះ ហើយអ្នកប្រើប្រាស់ សន្សំកាន់តែច្រើន នៅពេលប្រឈមមុខនឹងភាពមិនច្បាស់លាស់។
ជាមួយគ្នានេះ កំណើនរបស់ចិន ត្រូវបានគេមើលឃើញថា នឹងធ្លាក់ចុះពី ៥,២% នៅឆ្នាំនេះ ទៅ ៤,៧% នៅក្នុងឆ្នាំ ២០២៤ មុនពេលធ្លាក់ចុះបន្ថែមទៀតនៅឆ្នាំ ២០២៥ ដល់ ៤,២% តាមការព្យាករណ៍របស់ OECD។
ជាចុងក្រោយ OECD បានព្រមានថា ដោយសារតែកម្រិតខ្ពស់នៃហិរញ្ញប្បទានធនាគារនៅក្នុងតំបន់អឺរ៉ូ ផលប៉ះពាល់ពេញលេញនៃការដំឡើងអត្រាការប្រាក់ នៅតែមិនច្បាស់លាស់ ហើយអាចដាក់បន្ទុកលើកំណើនសេដ្ឋកិច្ចសកល ច្រើនជាងការរំពឹងទុក៕
អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ