ថ្ងៃអាទិត្យ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤
ថ្ងៃអាទិត្យ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤
លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថា បច្ចេកវិទ្យាហិរញ្ញវត្ថុ FinTech ដើរតួនាទីយ៉ាងសំខាន់ ក្នុងការលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ និងប្រតិបត្តិការទូទាត់ឌីជីថលនៅកម្ពុជា ហើយដោយទទួលស្គាល់ពីសក្តានុពលនេះ ធនាគារជាតិនៃកម្ពុជា ក៏ផ្តល់នូវគោលនយោបាយអំណោយផល និងបទប្បញ្ញត្តិ ដើម្បីគាំទ្រដល់ការអនុម័ត Fintech ការច្នៃប្រឌិត និងការប្រកួតប្រជែង ដោយការសម្រេចទៅបាន វាទាមទារការប្តេជ្ញាចិត្ត និងការសហការគ្នារវាងភាគីពាក់ព័ន្ធ។
ទន្ទឹមគ្នានេះ ការអនុម័តបច្ចេកវិទ្យាក្នុងវិស័យផ្សេងៗ កំពុងពន្លឿនក៏ដោយ ក៏មានបញ្ហាប្រឈមដែល ត្រូវដោះស្រាយ ដើម្បីឱ្យ ប្រទេសកម្ពុជា ទទួលបានអត្ថប្រយោជន៍ពេញលេញនៃ ការរីកចម្រើននៃបច្ចេកវិទ្យានេះ ដោយលោកជំទាវបណ្ឌិត លើកឡើងបញ្ហាប្រឈមចំនួន ៣ រួមមាន ការយល់ដឹងមានកម្រិតនៃអក្ខរកម្មឌីជីថលដោយបុគ្គល និងអាជីវកម្ម, ការបង្កើតក្របខណ្ឌបទប្បញ្ញត្តិសមស្រប ដើម្បីឱ្យមានតុល្យភាពរវាងការច្នៃប្រឌិត និងស្ថិរភាព និងចុងក្រោយគឺ តម្រូវការសម្រាប់ការពង្រីកវិសាលភាពនៃអត្តសញ្ញាណឌីជីថលជាតិ ជាការគាំទ្រហេដ្ឋារចនាសម្ព័ន្ធក្នុងវិស័យផ្សេងៗ។
លោកជំទាវ ជា សិរី បន្តថា កិច្ចប្រជុំ CamTech ២០២៣ នឹងផ្តល់នូវវេទិការួមបញ្ចូលគ្នាមួយ សម្រាប់អ្នកបង្កើតគោលនយោបាយ និយ័តករ អាជីវកម្ម និងអ្នកបច្ចេកវិទ្យាពីផ្នែកផ្សេងៗ ដើម្បីពិភាក្សាអំពីការអភិវឌ្ឍន៍ថ្មីៗនៃ បច្ចេកវិទ្យានៅក្នុងប្រទេសកម្ពុជា និងពិភពលោក និងការកើនឡើងនូវ សារៈសំខាន់ ឱកាស និងបញ្ហាប្រឈម ក្នុងការរៀបចំសេដ្ឋកិច្ចកម្ពុជាក្នុងយុគសម័យឌីជីថល។
លោក ប៉ិល រ៉េម៉ីស៊ីសុផន ប្រធានសមាគមសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យានៃកម្ពុជា ក៏បានថ្លែងដែរថា CamTech Summit 2023 ជាកម្មវិធីលើកទី៤ និងជាពេលវេលាដ៏សំខាន់មួយសម្រាប់ប្រទេសកម្ពុជា ដែលនឹងទទួលបាននូវ ឌីជីថលភាវូបនីយកម្ម ការរួមបញ្ចូល និងកិច្ចសហប្រតិបត្តិការ ជាមួយប្រទេជិតខាងជុំវិញ តំបន់មេគង្គ អាស៊ាន និងលើសពីនេះទៅទៀត ប្រកបដោយទំនាក់ទំនង ការតភ្ជាប់ និងការច្នៃប្រឌិតជាងមុន។
សូមជម្រាបផងដែរថា ចាប់តាំងពីការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបាគង ក្នុងខែតុលា ឆ្នាំ ២០២០មក បច្ចុប្បន្ននេះ មានសមាជិកបាគងចំនួន ៧១ បានចូលរួមនៅក្នុងប្រព័ន្ធ ជាមួយនឹងអតិថិជនជាង ១០ លាននាក់ ហើយប្រតិបត្តិការសរុបមានចំនួន ៦៣លានដង៕
អត្ថបទ៖ ងួន សុភ័ត្រ្តា និងរូបភាព៖ អ៊ិន អាត