ថ្ងៃច័ន្ទ ទី១២ ខែឧសភា ឆ្នាំ២០២៥
ថ្ងៃច័ន្ទ ទី១២ ខែឧសភា ឆ្នាំ២០២៥
ផលិតផលក្នុងស្រុកសរុបរបស់សិង្ហបុរី ត្រូវបានគេព្យាករណ៍ថានឹងកើនឡើងរង្វង់ ១% ក្នុងឆ្នាំ ២០២៣នេះ ដោយសារតម្រូវការសកលធ្លាក់ចុះ បណ្តាលឱ្យការនាំចេញចុះខ្សោយ។ នេះបើយោងតាមការចុះផ្សាយនៅលើ សារព័ត៌មានអន្តរជាតិធំៗ នៅថ្ងៃនេះ។
ការព្យាករណ៍ដែលបានធ្វើបច្ចុប្បន្នភាព ចេញផ្សាយដោយក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី បន្តបង្ហាញថា GDP នៅត្រីមាសទី ៣ បានកើនឡើង ១% ធៀបនឹងពេលដូចគ្នា កាលពីឆ្នាំមុន។
បើគិតជារួម ដំណើរការនៃសេដ្ឋកិច្ចសិង្ហបុរី ក្នុង ៣ត្រីមាសដើមឆ្នាំ កើនឡើង ០,៧% ធ្វើឱ្យការព្យាករណ៍កំណើន GDP ឆ្នាំ ២០២៣ សម្រាប់សិង្ហបុរី ត្រូវបានរួមតូចមកនៅត្រឹមប្រហែល ១%។
សម្រាប់ឆ្នាំ ២០២៤ កំណើនផលិតផលក្នុងស្រុកសរុប ត្រូវបានព្យាករណ៍ថា នឹងចូលមកក្នុងអត្រា ១% ទៅ ៣% ខណៈដែលសេដ្ឋកិច្ចពិភពលោកសំខាន់ៗ ត្រូវបានគេរំពឹងថា នឹងកើនឡើងបន្តិចម្តងៗនៅក្នុងឆមាសទី ២ ឆ្នាំ២០២៤។
ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី បានបន្ថែមថា ដោយសារតម្រូវការខាងក្រៅធ្លាក់ចុះ វិស័យផលិតកម្ម និងពាណិជ្ជកម្មរបស់សិង្ហបុរីដូចជា វិស្វកម្មភាព និងការដឹកជញ្ជូន ទំនងជានៅខ្សោយសម្រាប់ឆ្នាំ ២០២៣ ដោយបន្ថែមថា ការងើបឡើងវិញជាបន្តបន្ទាប់នៃ ការធ្វើដំណើរតាមផ្លូវអាកាស និងទេសចរណ៍ ត្រូវបានគេរំពឹងថានឹងគាំទ្រដល់ កំណើននៃវិស័យផ្សេងៗ ដូចជា ការដឹកជញ្ជូនតាមផ្លូវអាកាស និងកន្លែងស្នាក់នៅ។
សូមបន្ថែមថា សេដ្ឋកិច្ចវិទូក្នុងវិស័យឯកជននៃប្រទេសសិង្ហបុរី បានកាត់បន្ថយការព្យាករណ៍សម្រាប់កំណើនសេដ្ឋកិច្ចរបស់ប្រទេសសិង្ហបុរី ក្នុងឆ្នាំនេះ មកត្រឹម ១% ពោលគឺធ្លាក់ចុះពីការព្យាករណ៍ កាលពីដើមខែមិថុនា ដែលមាន ១,៤%។ការធ្លាក់ចុះនៃកំណើនសកល ត្រូវបានចាត់ទុកថា ជាហានិភ័យធ្លាក់ចុះកំពូល ដោយអ្នកសេដ្ឋកិច្ចសិង្ហបុរី ក៏លើកឡើងពីសម្ពាធអតិផរណា និងការធ្លាក់ចុះនៃកំណើននៅក្នុងប្រទេសចិនផងដែរ៕
អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ