ថ្ងៃសៅរ៍ ទី២៧ ខែកក្កដា ឆ្នាំ២០២៤

រូបគំនូរពីកាសូលក់បាន១៣៩លានដុល្លារ ជាស្នាដៃសិល្បៈដែលថ្លៃបំផុតប្រចាំឆ្នាំ២០២៣

២៩ ​វិច្ឆិកា ២០២៣ | ព័ត៌មានអន្តរជាតិ

 រូបគំនូរដ៏ល្បីរបស់វិចិត្រករលំដាប់ពិភពលោក ពីកាសូ (Picasso) តាំងពីឆ្នាំ១៩៣២ ដែលមានឈ្មោះថាហ្វែមអាឡាម៉ុង (Femme à la montre) ត្រូវគេដាក់លក់នៅទីក្រុងញូយ៉កបានជាង១៣៩លានដុល្លារ។ ក្រុមហ៊ុនសូតថឺប៊ី (Sotheby) ជាអ្នករ៉ាប់រងដាក់លក់គំនូរ១ផ្ទាំងនេះ។ តម្លៃប៉ុណ្ណេះអាចចាត់ទុកថាជាស្នាដៃសិល្បៈដ៏មានតម្លៃបំផុតប្រចាំឆ្នាំ២០២៣។
 

 

 

 

 

នេះជាស្នាដៃឆ្នើមដែលដាក់លក់នៅទីក្រុងញូយ៉ក និងជាឱកាសហក់ឡើងវិញនៃទីផ្សារស្នាដៃសិល្បៈ។ ផ្ទាំងគំនូរនេះក៏ជាផ្នែកមួយនៃការដាក់លក់សមូហកម្មល្បីៗរបស់លោកស្រីអេមីលី.ហ៊្វីសសឺ.ឡានដូ (Emily Fisher Landau) ជាអ្នកធ្វើសប្បុរធម៌។

 

កាលពីពេលដាក់លក់ដេញថ្លៃនៅវគ្គមុន រូបគំនូរនេះមានគេហ៊ានឲ្យថ្លៃ១២១លានដុល្លារមិនទាន់កាត់ថ្លៃពន្ធ និងកម្រៃជើងសារ។ តម្លៃដល់ខ្ទង់រយលានដុល្លារនេះធ្វើឲ្យស្នាដៃរបស់វិចិត្រករពីកាសូ១ផ្ទាំងនេះឈរនៅលំដាប់ទី២។ ពោលគឺរូបគំនូរនេះតម្លៃក្រោមរូបគំនូរឈ្មោះឡេហ្វែម.ដាល់ហ្សេ (Les femmes d’Alger) ដែលមានគេហ៊ានឲ្យថ្លៃ១៧៩,៣លានដុល្លារកាលពីឆ្នាំ២០១៥។ លោកពីកាសូគូររូបហ្វែមអាឡាម៉ុង (Femme à la montre) នៅអំឡុងពេលសំខាន់នៃអាជីពរបស់លោក។

 

 

 

 

 

ឆ្នាំ១៩៣២ នៅវ័យ៥០ឆ្នាំ លោកពីកាសូទទួលបានកិត្តិស័ព្ទល្បីរន្ទឺនៅលើឆាកអន្តរជាតិ។ លោកស្រីហ៊្វីសសឺ.ឡានដូបានទិញស្នាដៃគំនូររបស់លោកពីកាសូនៅវិចិត្រសាលនៃទីក្រុងញូយ៉កកាលពីឆ្នាំ១៩៦៨ និងរក្សាទុកនៅក្នុងគេហដ្ឋានរបស់លោកស្រី។

 

រូបគំនូរ២ផ្ទាំងទៀតរបស់លោកពីកាសូត្រូវមនុស្ស២នាក់ទៀតទិញយក។ អ្នកដែលដឹងអំពីប្រវត្តិសាវតារខ្លះៗនៃរូបគំនូរនេះប្រាប់ថាហ្វែមអាឡាម៉ុង ដែលមានន័យថានារីពាក់នាឡិកា ជាប្រវត្តិស្នេហាពិតរបស់លោកពីកាសូ។ លោកបានជួបនារីម្នាក់ជាលើកដំបូង។ កាលនោះ គាត់អាយុ៤៥ឆ្នាំ។

 

នារីនោះអាយុ១៧ឆ្នាំ។ គាត់ប្រាប់នារីនោះថាយើងទាំង២អាចសហការគ្នាបង្កើតសមិទ្ធផលដ៏អស្ចារ្យ។ កាលនោះ លោកពីកាសូរៀបការរួចហើយ។ ភរិយារបស់គាត់ឈ្មោះអុលហ្កា (Olga)។ រូបគំនូររបស់គាត់១ចំនួនពិពណ៌នាអំពីភរិយារបស់គាត់ពាក់នាឡិកាដៃដូចនាឡិការបស់នារីដែលគាត់បានជួប៕

 

 

 

 

 

 ប្រែសម្រួល៖ អន សំអាង

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024