ថ្ងៃសៅរ៍ ទី២៧ ខែកក្កដា ឆ្នាំ២០២៤

ភាពយន្ត 'Wish' រំឭកអតីតកាល និងបច្ចុប្បន្ននៃពិភពវេទមន្តរបស់ Disney

២៧ ​វិច្ឆិកា ២០២៣ | កម្សាន្ដ

ដើម្បីអបអរខួបគម្រប់ ១០០ឆ្នាំរបស់ខ្លួន ក្រុមហ៊ុន Disney បានបញ្ចេញភាពយន្តគំនូរជីវចលថ្មីមានចំណងជើងថា “Wish” ដែលនឹងរំឭកទាំងអតីតកាល និងបច្ចុប្បន្ននៃពិភពវេទមន្តរបស់ចក្រវាល Disney។

 

 


“Wish” ភាពយន្តគំនូរជីវចលបែបវេទមន្តថ្មីគឺជាស្នាដៃថ្មីចុងក្រោយរបស់ផលិតករ និងប្រធានផ្នែកច្នៃប្រឌិតគំនូរជីវចលរបស់ Disney គឺអ្នកស្រី Jennifer Lee (ជេនីហ្វើ លី) ដែលជាអ្នកនិពន្ធនិងដឹកនាំភាពយន្តដ៏ល្បីល្បាញ “Frozen”។

 

 


ចូលរួមបញ្ចូលសំឡេងដោយតារាសម្ដែង Ariana DeBose (អារីអាណា ដេបូស) ជាតួឯកស្រីឈ្មោះ Asha (អាស្ហា) និងតារាសម្ដែង Chris Pine (គ្រីស ផាញ) ជាតួអង្គស្ដេចនៃអាណាចក្រ Rosas (រ៉ូសា) ភាពយន្តនេះមានសាច់រឿងរៀបរាប់ពីក្មេងស្រីឈ្មោះ Asha ដែលបានបួងសួងជាមួយផ្កាយសំណាងសុំឱ្យមានថាមពលវេទមន្តដើម្បីជួយសង្គ្រោះអាណាចក្ររបស់ខ្លួនពីកណ្ដាប់ដៃស្ដេចដ៏អាក្រក់។

 

 


ចេញបញ្ចាំងនៅចុងខែវិច្ឆិកា ភាពយន្តនេះគឺជាចំណងដៃពិសេសសម្រាប់ខួប ១០០ឆ្នាំរបស់ក្រុមហ៊ុន Walt Disney Studios ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩២៣ នៅទីក្រុងហូលីវូដ រដ្ឋកាលីហ្វ័រញ៉ា ដោយបងប្អូនប្រុស Walt និង Roy O. Disney និងបានក្លាយជាស្ទូឌីយោគំនូរជីវចលធំនិងចំណាស់ជាងគេបំផុតរបស់ពិភពលោក។

 

 

 

ភាពយន្តរបស់ Disney ភាគច្រើនមានសាច់រឿងផ្អែកលើរឿងព្រេងបុរាណ ឬរឿងនិទានប្រជាប្រិយ លាយឡំមនោសញ្ចេតនា ការលេងសើច ភាពសោកសៅ ការផ្សងព្រេង និងស្វែងរកខ្លួនឯង ៕
 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024