ថ្ងៃសៅរ៍ ទី២៧ ខែកក្កដា ឆ្នាំ២០២៤

អ្នកគាំទ្ររឿង “Frozen” រំភើបចិត្តខណៈសួនកម្សាន្តរឿងនេះបើកនៅហុងកុង

២៧ ​វិច្ឆិកា ២០២៣ | កម្សាន្ដ

អ្នកគាំទ្រភាពយន្ត "Frozen" រាប់រយនាក់មកពីជុំវិញពិភពលោកមានអារម្មណ៍រីករាយជាខ្លាំងខណៈបានចូលរួមសម្ពោធសួនកម្សាន្តថ្មីរបស់ Disney ដែលតុបតែងដូចអាណាចក្រក្នុងភាពយន្ត Frozen នៅក្នុងបរិវេណ Hong Kong Disney Resort។

 


អ្នកទស្សនាជាច្រើននាក់បានតម្រង់ជួរគ្នាតាំងពីព្រលឹមនៅច្រកចូលដែនដី "Frozen" ដោយមានក្រុមការងារតុបតែងខ្លួនជាព្រះនាង Elsa និងព្រះនាង Anna បានស្វាគមន៍ពួកគេជាភ្ញៀវសាធារណៈដំបូងមកកាន់ទីនេះ។

 

 

ភ្ញៀវទេសចរមកពីជុំវិញពិភពលោក រួមទាំងសហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េ ជាច្រើនរូបក៏បានស្លៀកពាក់ឈុតតួអង្គក្នុង "Frozen" និងគ្រឿងតុបតែងកាយផ្សេងៗផងដែរ។

 


ក្នុងពិធីសម្ពោធនៅចុងខែវិច្ឆិកានេះ នាយកគ្រប់គ្រង Hong Kong Disneyland Resort លោក Michael Moriarty (ម៉ាយឃើល ម៉ូរីអាធី) បានប្រៀបប្រដូចទីកម្សាន្តថ្មីដែលមានឈ្មោះថា "World of Frozen" នេះជាគ្រាប់ពេជ្ររបស់ Disneyland ដោយរំពឹងថានឹងអាចជាចំណុចទាក់ទាញភ្ញៀវទេសចរមកកាន់សួនកម្សាន្តបានច្រើនឡើងវិញបន្ទាប់ពីការរាតត្បាតជំងឺកូវីដ១៩។

 


សួនកម្សាន្ត "World of Frozen" ត្រូវបានតុបតែងបែបអាណាចក្រ Arendelle (អារេនឌេល) ដែលជាស្រុកកំណើតរបស់ព្រះនាង Anna និង Elsa ពីខ្សែភាពយន្ត "Frozen" ជាគំនូរជីវចលល្បីល្បាញប្រចាំប្រវត្តិសាស្ត្ររបស់ Disney ដែលអាចរកចំណូលបានជាង ១ពាន់លានដុល្លារពីការបញ្ចាំងទូទាំងពិភពលោក។

 


ភាពទាក់ទាញខ្លះៗក្នុងសួនកម្សាន្តនេះរួមមានដូចជាការជិះទូកអមដោយតន្ត្រី និងឈុតឆាកពីខ្សែភាពយន្តនៅក្នុងវិមានទឹកកក ក៏ដូចជារទេះភ្លើងលើអាកាសជាដើម ៕
 

 

ប្រែសម្រួល៖ វ៉ាន់ថន

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024