ថ្ងៃសៅរ៍ ទី២៧ ខែកក្កដា ឆ្នាំ២០២៤

ផ្លែល្ពៅឡេហ្គោដ៏ធំបំផុតក្នុងពិភពលោកបានតាំងបង្ហាញសម្រាប់ពិធីបុណ្យហាលូវីននៅប្រទេសដាណឺម៉ាក

២៤ ​វិច្ឆិកា ២០២៣ | ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុន ឡេហ្គោឡេន (Legoland) នៅក្នុងប្រទេសដាណឺម៉ាកបានរៀបចំពិធីបុណ្យហាឡូវីន (Halloween) ដ៏គួរឱ្យខ្លាចបំផុតប្រចាំឆ្នាំនេះជាមួយនឹងការដាក់តាំងបង្ហាញផ្លែល្ពៅសិប្បនិមិត្តដ៏ធំបំផុតមួយអមទៅដោយរូបផ្លែល្ពៅតូចៗប្រមាណ១២,០០០ផងដែរ។

 

 

 

 

ឥដ្ឋឡេហ្គោ (Lego) រាប់ពាន់ដុំត្រូវបានគេយកទៅប្រើសម្រាប់បង្កើតចេញជារូបផ្លែល្ពៅ រូបពីងពាង រូបកណ្តុរ និងរូបផ្សិតព្រមទាំងរូបផ្លែល្ពៅឡេហ្គោ Lego ដ៏ធំបំផុតមិនធ្លាប់ឃើញពីមុនមកផងដែរនៅក្នុងពិធីបុណ្យហាឡូវីននៅក្នុងប្រទេសដាណឺម៉ាក។

 


រូបផ្លែល្ពៅខ្នាតយក្សដែលបំបែកកំណត់ត្រាពិភពលោកនេះមានទទឹងប្រវែង២ម៉ែត្រ១តឹក និងបណ្ដោយ២ម៉ែត្រកន្លះព្រមទាំងកម្ពស់១ម៉ែត្រកន្លះដោយបានចំណាយពេល៣សប្តាហ៍ទើបសាងសង់វាហើយដោយប្រើឥដ្ឋចំនួន១០ម៉ឺនដុំសម្រាប់រូបផ្លែល្ពៅយក្សមួយនេះ។

 

 

 

 

អ្នកដែលចូលទស្សនាទីនោះត្រូវបានគេអញ្ជើញឱ្យសាងសង់រូបល្ពៅផ្ទាល់របស់ខ្លួន ហើយបន្ទាប់មកត្រូវបានដាក់តាំងបង្ហាញរូបល្ពៅទាំងនោះសម្រាប់រយៈពេលនៃរដូវកាលបុណ្យហាឡូវីនដែលទើបតែបិទបញ្ចប់នៅថ្ងៃទី៥ ខែវិច្ឆិកាកន្លងទៅនេះ។

 

ឥដ្ឋផ្លាស្ទិចទាំងនេះត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៣២នៅទីក្រុងប៊ីលូន (Billund) ដែលជាកន្លែងឧទ្យានកម្សាន្ត ឡេហ្គោឡេន បានបើកដំណើរការមុនគេបង្អស់របស់ពិភពលោកនៅឆ្នាំ១៩៦៨ដែលទទួលបានការទាក់ទាញអ្នកទស្សនាច្រើនជាងគេបំផុតទី៣នៅក្នុងប្រទេសដាណឺម៉ាក។

 


អ្នកទស្សនាសួនកម្សាន្ត ឡេហ្គោឡេន ម្នាក់មកពីប្រទេសអាល្លឺម៉ង់ឈ្មោះ ខាស្ទីន ហ្វ្រេស (CARSTEN FREHSE) បាននិយាយថា រូបល្ពៅ រូបពីងពាង និងរូបខ្មោចជាច្រើនបានដាក់តាំងនៅទីនោះដែលមើលទៅគួរឱ្យទាក់ទាញខ្លាំងណាស់ ហើយថាវាល្អសម្រាប់មនុស្សពេញវ័យប៉ុន្តែវាអាចគួរឱ្យខ្លាចសម្រាប់កុមារបន្តិចហើយប៉ុន្តែក៏មិនគួរឱ្យខ្លាចពេកនោះទេ៕ 

 

 

 

 

ប្រែសម្រួល៖ លោក ប៉ិច ស៊ីនួន

 


 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024