ថ្ងៃសៅរ៍ ទី២៧ ខែកក្កដា ឆ្នាំ២០២៤

តម្រូវការប្រេងឆៅរបស់ចិន អាចនឹងកើនឡើង ៤% ក្នុងឆមាសទី១ ឆ្នាំ២០២៤

២៤ ​វិច្ឆិកា ២០២៣ | សេដ្ឋកិច្ច

 

កំណើនតម្រូវការប្រេងឆៅរបស់ប្រទេសចិន ទំនងជាកើនឡើង ៤% ក្នុងឆមាសទី ១ ឆ្នាំ ២០២៤ ដោយមានការប្រើប្រាស់ឡើងវិញពី វិស័យអាកាសចរណ៍ និងគីមីឥន្ធនៈ ខណៈការប្រើប្រាស់ប្រេងម៉ាស៊ូតចុះខ្សោយ ដោយសារការប៉ះទង្គិចផ្នែកអចលនទ្រព្យ។ នេះបើយោងតាមការចុះផ្សាយនៅថ្ងៃនេះដោយ សារព័ត៌មានអន្តរជាតិធំៗ។

 

 

កំណើនតម្រូវការប្រេងឆៅ គឺនៅយឺតនៅឡើយ សម្រាប់ចិន ដែលជាអ្នកនាំចូលប្រេងដ៏ធំបំផុតរបស់ពិភពលោក ដោយសារតែ ទស្សនវិស័យមិនច្បាស់លាស់ សម្រាប់សេដ្ឋកិច្ចចិន និងវិស័យទេសចរណ៍ កំពុងត្រលប់មករកសភាពដើម បន្ទាប់ពីកូវីដ១៩។

 


អង្គការនៃប្រទេសនាំចេញប្រេង បានព្យាករណ៍ពីតម្រូវការរបស់ចិន ជាមធ្យម ១៦លាន ៤សែនបារ៉ែលក្នុងមួយថ្ងៃ ក្នុងឆមាសទី ១ ឆ្នាំ ២០២៤ កើនឡើង ៣% លើកម្រិត 2023 ខណៈដែលទីភ្នាក់ងារថាមពលអន្តរជាតិ ព្យាករណ៍ថា តម្រូវការជាមធ្យមរបស់ចិន គឺ ១៧លានបារ៉ែល បង្ហាញពីកំណើន ៤%។

 


ទោះបីជាសេដ្ឋកិច្ចរបស់ប្រទេសចិន មានការស្ទុះងើបឡើងវិញនៅឆ្នាំនេះក៏ដោយ ក៏ការប្រើប្រាស់ប្រេងនៅតែស្ថិតក្នុងដំណើរឆ្ពោះទៅរកកម្រិតខ្ពស់បំផុត បន្ទាប់ពី ត្រូវបានកាត់បន្ថយនៅចន្លោះឆ្នាំ ២០២០-២០២២ ដោយការទប់ស្កាត់យ៉ាងតឹងរ៉ឹងនៃកូវីដ១៩។អង្គការនៃប្រទេសនាំចេញប្រេង និង ទីភ្នាក់ងារថាមពលអន្តរជាតិ រំពឹងថា តម្រូវការប្រេងរបស់ប្រទេសចិន នឹងបង្ហាញពីកំណើននៅឆ្នាំ ២០២៣ គឺ ៧% និង ១២% រៀងគ្នា។

 


ជាចុងក្រោយ អង្គការ OPEC បានច្រានចោលការភ័យខ្លាចថា កំណើនតម្រូវការប្រេងនៅក្នុងប្រទេសចិន កំពុងធ្លាក់ចុះ ហើយបើតាមការព្យាករណ៍របស់អង្គការ OPEC បង្ហាញថា ប្រទេសចិន មានចំនួន ២៤% នៃកំណើនតម្រូវការប្រេងពិភពលោក នៅក្នុងឆមាសទី ១ ឆ្នាំ ២០២៤៕

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024