ថ្ងៃសៅរ៍ ទី២៧ ខែកក្កដា ឆ្នាំ២០២៤

គណៈប្រតិភូសាធារណរដ្ឋកូរ៉េ កំពុងសិក្សាស្វែងយល់ពីកាលានុវត្តភាពធុរកិច្ចនៅកម្ពុជា 

២៣ ​វិច្ឆិកា ២០២៣ | សេដ្ឋកិច្ច

 

គណៈប្រតិភូសេវាពន្ធដារជាតិប្រចាំតំបន់ Jungbu និង Busan សាធារណរដ្ឋកូរ៉េ ជួបពិភាក្សាការងារជាមួយគណៈកម្មាធិការវិនិយោគកម្ពុជា ដើម្បីសិក្សាស្វែងយល់ឱ្យកាន់តែស៊ីជម្រៅអំពីរបបវិនិយោគ, កាលានុវត្តភាពធុរកិច្ច ក៏ដូចជានីតិវិធីក្នុងការបណ្តាក់ទុនវិនិយោគនៅកម្ពុជា។ក្នុងជំនួបពិភាក្សាជាមួយគណៈប្រតិភូសេវាពន្ធដារជាតិប្រចាំតំបន់ Jungbu និង Busan សាធារណរដ្ឋកូរ៉េ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា (គ.វ.ក.) បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូសេវាពន្ធដារជាតិប្រចាំតំបន់ Jungbu និង Busan ដែលដឹកនាំដោយ លោក Jaehyeon-Han អគ្គនាយកនៃការិយាល័យសេវាពន្ធដារជាតិប្រចាំតំបន់ Jungbu។

 

 


ជំនួបខាងលើមានគោលបំណងសិក្សាស្វែងយល់ឱ្យកាន់តែស៊ីជម្រៅអំពីរបបវិនិយោគ, កាលានុវត្តភាពធុរកិច្ច ក៏ដូចជានីតិវិធីក្នុងការបណ្តាក់ទុនវិនិយោគនៅកម្ពុជា។ ក្នុងឱកាសដ៏ប្រពៃនេះ ឯកឧត្តមបានជម្រាបជូនសមភាគីអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការកែលម្អបរិស្ថានវិនិយោគសំដៅបង្កើតនូវក្របខ័ណ្ឌគតិយុត្តដែលបើកចំហ, មានតម្លាភាពអាចប៉ាន់ប្រមាណទុកជាមុនបាន, ការផ្តល់កញ្ចប់លើកទឹកចិត្តដែលមានភាពឆ្លាតវៃ ព្រមទាំងការការពារ និងធានាវិនិយោគប្រកបដោយមេត្រីភាព។ 

 

 


ជាមួយគ្នានេះ ឯកឧត្តមក៏រំលេចអំពីវិស័យគន្លឹះមួយចំនួនដែលមានសក្តានុពលក្នុងការវិនិយោគនៅកម្ពុជាដើម្បីច្បាមយកប្រយោជន៍ជាអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ (CKFTA) ព្រមទាំងបរិស្ថានវិនិយោគដែលបើកចំហ និងអំណោយផល ហើយវិស័យទាំងនោះមានជាអាទិ៍ (១) កសិ-ចំណីអាហារ (២) យានយន្ត (៣) អេឡិចត្រូនិក (៤) ឌីជីថល។ បន្ថែមពីនេះ ឯកឧត្តមក៏បានជម្រាបជូនភាគីមិត្តអំពីអត្ថិភាពនៃតុកូរ៉េ (Korea Desk) ដែលជាយន្តការមួយក្នុងចំណោមយន្តការតុវិនិយោគផ្សេងៗ ដែលបាន និងកំពុងចូលរួមផ្តល់សេវាវិនិយោគប្រកបដោយភាពកក់ក្តៅ និងគួរជាទីទុកចិត្តសម្រាប់វិនិយោគិន និងធុរជន៕
 

 

អត្ថបទ៖ ម៉ៅ ចរិយា រូបភាព៖ ឯកសារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024