ថ្ងៃអាទិត្យ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤
ថ្ងៃអាទិត្យ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤
ជាផ្នែកមួយ នៃការលើកកម្ពស់សមភាពយែនឌ័រ នៅថ្ងៃនេះ ក្រសួងសង្គមកិច្ច បានរៀបចំសិក្ខាសាលាមួយ ស្តីអំពី ការលើកកម្ពស់ភាពជាអ្នកដឹកនាំស្ត្រី សិល្បះនៃការប្រាស្រ័យទាក់ទងប្រកបដោយឥទ្ធិពល។
«សូមយកចំណេះដឹងជាបទពិសោធ និងដំណោះស្រាយល្អៗនាថ្ងៃនេះ ចែករំលែកនៅតាមអង្គភាពរៀងខ្លួនឱ្យមានប្រសិទ្ធភាពខ្ពស់ បន្តបញ្រ្ជាបយេនឌ័រក្នុងដំណើរការតាក់តែង និងអនុវត្តគោលនយោបាយកម្មវិធី និងផែនការយុទ្ធសាស្រ្តក្នុងវិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ប្រើប្រាស់នូវចំណេះដឹងដែលទទួលបានក្នុងថ្ងៃនេះ សម្រាប់អនុវត្តការងារប្រចាំថ្ងៃប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល បន្តពង្រឹងសមត្ថភាព ប្រសិទ្ធភាព និងគុណតម្លៃក្នុងការដឹកនាំខ្លួនឯង និងបន្តដឹកនាំក្នុងក្រុម និងអង្គភាព ពង្រឹងបន្ថែម និងលើកទឹកចិត្តក្នុងការធ្វើការជាក្រុម សាមគ្គីភាព បង្កើននូវទំនាក់ទំនងល្អ បង្កើតបរិយាកាសការងារល្អក្នុងអង្គភាព និងស្ថាប័ន បន្តស្វែងរកឱកាស ចាប់យកឱកាស និងប្រើប្រាស់ឱកាស សម្រាប់បង្កើននូវសមត្ថភាព សុច្ចរិតភាព សេចក្តីថ្លៃថ្នូរ និងគុណតម្លៃគ្រប់គ្រាន់ស្របនឹងប្រទេសជាតិ សង្គមជាតិ បាន និងកំពុងអភិវឌ្ឍ»។
នេះគឺជាប្រសាសន៍របស់លោកជំទាប ញ៉េប សុភាព រដ្ឋលេខាធិការ តំណាងឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នាឱកាសអញ្ជើញជាអធិបតី នៃ សិក្ខាសាលាស្តីពី ការលើកកម្ពស់ភាពជាអ្នកដឹកនាំស្ត្រី៖ សិល្បៈ នៃការប្រាស្រ័យទាក់ទងប្រកបដោយឥទ្ធិពល នាថ្ងៃអង្គារ ២កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ ។
លោកជំទាវ រដ្ឋលេខាធិការ ញ៉េប សុភាព បន្តថា ផ្អែកតាមកម្មវិធីនយោបាយនីតិកាលទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាលកម្ពុជា បានកំណត់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្រ្តី និងក្មេងស្រីនៅគ្រប់វិស័យ ជាអាទិភាព តាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលថា យើងនឹងពង្រឹងភាពជាពលរដ្ឋក្នុងសង្គម ដែលមានអរិយធម៌ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន ដែលក្នុងនោះ ស្រ្តីគឺជាស្នូល ដោយដាក់ចេញជាយុទ្ធសាស្រ្តគឺការលើកកម្ពស់តួនាទីស្រ្តីតាមរយៈការបង្កើនសមាមាត្រ និងការពង្រឹងសមត្ថភាពស្រ្តី ក្នុងជួរថ្នាក់ដឹកនាំទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ទាំងកម្រិតនយោបាយ និងកម្រិតជំនាញ ។
បន្តលើកកម្ពស់សមធម៌យេនឌ័រ ជំរុញភាពអង់អាចរបស់ស្រ្តីក្នុងសេដ្ឋកិច្ចដោយជំរុញការបណ្តុះបណ្តាលបំពាក់បំប៉នជំនាញបច្ចេកទេស និង ផ្តល់កាលានុវត្តភាពដល់ស្រ្តី ក្នុងការពង្រីកមុខរបរ បង្កើនចំណូល និងកសាងសហគ្រិនភាព បង្កើនឱកាសរៀនសូត្រសម្រាប់ស្រ្តី និងក្មេងស្រី ជាពិសេសនៅកម្រិតមធ្យមសិក្សាទុតិយភូមិ និងឧត្តមសិក្សា ។ ការលើកកម្ពស់សមត្ថភាព និងការចូលរួមរបស់ស្ត្រីគ្រប់វិស័យ ជាពិសេសការជំរុញលើកទឹកចិត្តស្ត្រីជាថ្នាក់ដឹកនាំក្នុងវិស័យសាធារណៈ និងនយោបាយ ព្រមទាំងការបង្កើនកាលានុវត្តភាពនានាដល់ស្ត្រី ពិតជាមានសារៈសំខាន់ និងចាំបាច់បំផុតក្នុងគោលដៅអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចប្រកបដោយចីរភាព ។
សិក្ខាសាលានេះ មានគោលបំណងលើកកម្ពស់ការយល់ដឹង និងការផ្លាស់ប្តូរឥរិយាបថរបស់សាធារណៈជន ទាំងបុរស និងស្រ្តីជាថ្នាក់ដឹកនាំ រួមទាំងមន្ត្រីរាជការអំពីការលើកកម្ពស់ចំណេះដឹងថ្នាក់ដឹកនាំជានារី ក្នុងការធ្វើសេចក្តីសម្រេច ក៏ដូចជាការលើកកម្ពស់សមភាពយេនឌ័រ និងបង្ហាញពីភាពអង់អាចដល់ស្រ្តី និងការពង្រឹងសមត្ថភាពដល់ស្រ្តីជាអ្នកដឹកនាំ។ចំណែកលោកជំទាវ គ្រី ណាលីស រដ្ឋលេខាធិការ តំណាងក្រសួងកិច្ចនារី បានមានប្រសាសន៍ថា សិក្ខាសាលានៅថ្ងៃនេះគឺជាការបង្ហាញអំពីការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ចំពោះស្ត្រី ហើយប្រធានបទ នៃសិក្ខាសាលានេះ ក៏ស្របទៅនឹងឧស្សាហកម្ម ៤.០ នាសតវត្សរ៍ទី២១ នេះដែរ៕
អត្ថបទ៖ ខឿន សាឃាង រូបភាព៖ ហ៊ុន សុជាតា