ថ្ងៃអាទិត្យ ទី២២ ខែមិថុនា ឆ្នាំ២០២៥

 ដាវីកា ដកខ្លួនពីបេក្ខភាព Miss Universe Cambodia មកទទួលមកុដ Miss Fabulous Cambodia 2023 ជំនួស កក្កដា សុភ័ណ្ឌ ត្រូវបានដកតំណែង !

២២ មិថុនា ២០២៣ | កម្សាន្ដ

 

 

ទោះបីជាធ្លាប់បរាជ័យនៅក្នុងការប្រកួតបវរកញ្ញាអស់ជាច្រើនលើកមកហើយក្តី តារាភេទទី៣ ដាវីកា មិនដែលចុះចាញ់ក្នុងជីវិតឡើយ ផ្ទុយទៅវិញនាងនៅតែប្រឹងបន្តក្នុងការប្រកួតរហូតត្រូវបានជ្រើសរើសតំណាងឱ្យ កម្ពុជា ទៅចូលរួមកម្មវិធី Miss Fabulous  2023 នៅប្រទេស ថៃ ជំនួសកញ្ញា កក្កដា សុភ័ណ្ឌ ត្រូវបានគេដកតំណែង។ 

 

 

បន្ទាប់ពី កក្កដា សុភ័ណ្ឌ ត្រូវបានដកតំណែងពីកម្មវិធី Miss Fabulous Cambodia 2023 ស្រាប់តែពេលនេះកញ្ញា ដាវីកា ត្រូវបានប្រកាសតែងតាំងជា Miss Fabulous Cambodia 2023 ជំនួសវិញដោយនាងត្រៀមខ្លួននឹងចេញទៅប្រកួតនៅប្រទេស ថៃ ក្នុងអំឡុងចុងខែ តុលា ខាងមុខ ។ ដាវីកា ទទួលតំណែងនេះទាំងក្តីរីករាយ ស្របពេលដែលនាងសម្រេចចិត្តដកខ្លួនចេញពីបេក្ខភាព Miss Universe Cambodia 2023 ដើម្បីតាមរកក្តីស្រមៃខ្លួន ។ 

 


បវរកញ្ញាភេទទី៣រូបនេះ ធ្លាប់ឆ្លងកាត់ការប្រកួតច្រើនលើកច្រើនសារមកហើយនៅក្នុងវិស័យបវរកញ្ញា។ ប៉ុន្តែនាងពុំទាន់ទទួលបានជោគជ័យក្នុងកម្មវិធីណាមួយនៅឡើយទេ ហើយនៅឆ្នាំ ២០២៣ នេះ នាងក៏សម្រេចចិត្តដាក់ពាក្យចូលរួមប្រកួតក្នុងកម្មវិធី Miss Universe Cambodia 2023 រួមជាមិត្តភក្តិផ្សេងទៀត ។ 

 

 

ស្ថិតក្នុងអំឡុងកំពុងប្រកួតនេះ ដាវីកា ស្រាប់តែបានដកខ្លួនចេញពីកម្មវិធី ដើម្បីទទួលតំណែង Miss Fabulous Cambodia 2023 វិញ ដែលធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងវិស័យបវរកញ្ញា ពីព្រោះថា តំណែងនេះ គឺ កក្កដា សុភ័ណ្ឌ គ្រងបានត្រឹមតែជាង ១០ ថ្ងៃប៉ុណ្ណោះ ។

 

 

ចំពោះរឿងនេះ ដាវីកា សុំមិននិយាយអ្វីទាំងអស់ នាងដឹងត្រឹមថា ពេលនេះនាងក្លាយទៅជា Miss Fabulous Cambodia 2023 ហើយ ដូច្នេះនាងត្រូវពង្រឹងសមត្ថភាពខ្លួនឱ្យខ្លាំងក្លាឡើង មុននឹងចេញទៅប្រកួតនៅប្រទេស ថៃ ។ស្របពេលដែលទទួលតំណែង Miss Fabulous Cambodia 2023 ដាវីកា ក៏មិនបោះបង់ក្តីស្រមៃមួយចំនួនទៀតរបស់ខ្លួនចោលឡើយ ពេលដែលចប់ពីការងារនេះ នាងនឹងបន្តប្រកួតនៅក្នុងកម្មវិធីផ្សេងៗទៀត ។  

 

 

ដាវីកា មានស្រុកកំណើតនៅខេត្ត សៀមរាប ឆ្នាំនេះមានវ័យ ២៣ ឆ្នាំ នាងមិនត្រឹមតែស្រស់ស្អាតប៉ុណ្ណោះទេ ថែមទាំងអាចនិយាយបានភាសា អង់គ្លេស ថៃ និងភាសា បារំាង ។ នាងបានឆ្លងកាត់ជីវិតលំបាក និងភាពជូរចត់ខ្លាំងក្នុងជីវិតយ៉ាងច្រើន ទំរាំអាចឈរជើងក្នុងវិស័យនេះបាន ។ ដាវីដា បានត្រៀមខ្លួនរួចជាស្រេចដើម្បីចេញទៅប្រកួតនៅលើឆាកអន្តរជាតិដែលនឹងរៀបចំឡើងនៅបំណាច់ខែ តុលា ឆ្នាំ ២០២៣ នៅប្រទេស ថៃ ៕  

 

 

អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ហ៊ុន សុជាតា 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025