ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

ភាពយន្ត “Transformers” ថ្មីសម្ពោធបញ្ចាំងទ្រង់ទ្រាយធំនៅសិង្ហបុរី

២៩ ឧសភា ២០២៣ | កម្សាន្ដ

 

ភាពយន្តទី៧ នៃស៊េរីភាពយន្តមនុស្សយន្តដ៏ល្បីល្បាញ “Transformers” បានធ្វើពិធីសម្ពោធបញ្ចាំងយ៉ាងអធិកអធមនៅប្រទេសសិង្ហបុរី ដោយមានវត្តមានចូលរួមពីតួអង្គសំខាន់ៗ អ្នកដឹកនាំ និងផលិតករផងដែរ។

 


តួសម្តែង និងក្រុមផលិតភាពយន្ត "Transformers: Rise of the Beasts" (ត្រេនស្វមមើ វគ្គ រ៉ាយស៍ អហ្វ ដឹ ប៊ីស) បានចូលរួមការសម្ពោធបញ្ចាំងភាពយន្តថ្មីនេះជាលើកដំបូង ក្នុងកម្មវិធីដែលបានរៀបចំនៅប្រទេសសិង្ហបុរីកាលពីចុងសប្ដាហ៍កន្លងទៅ។

 


ផ្អែកតាមការឱ្យដឹងពីអ្នកដឹកនាំរឿង Steven Caple, Jr. (ស្តេវិន ខេផល ជូនៀ) ខ្សែភាពយន្តទីប្រាំពីរនៃសែស្រឡាយភាពយន្ត "Transformers" នេះ មានសាច់រឿងថ្មីដាច់ដោយឡែក ដោយមិនមែនជាវគ្គបន្តពីភាពយន្តមុនៗ ឬមានតួអង្គពាក់ព័ន្ធពីភាពយន្តមុនៗនោះឡើយ។

 


តួសម្តែងថ្មីៗសម្រាប់ភាពយន្តថ្មីនេះរួមមានតារាសម្ដែង Anthony Ramos (អេនថូនី រ៉ាម៉ុស) ជាតួឯកប្រុស តារាសម្ដែង Dominique Fishback (ដូមីនីក ហ្វីសបេក) ជាតួឯកស្រី។

 


ព្រឹត្តិការណ៍ World Premier ដែលជាការសម្ពោធបញ្ចាំងលើកដំបូងត្រូវបានប្រារព្ធឡើងនៅបរិវេណខាងក្រៅតំបន់ទេសចរណ៍សំខាន់របស់ប្រទេសសិង្ហបុរី Marina Bay Sands (ម៉ារីណា បេ សេន) ដោយមានការតាំងបង្ហាញរូបសំណាកតួអង្គមនុស្សយន្ត Transformer “Mirage” (មីរ៉ាច) ដ៏ធំ។

 


ភាពយន្តថ្មីនេះ ក៏មានការចូលរួមបញ្ចូលសំឡេងពីតារាល្បីៗមួយចំនួន រួមមានតារាស្រី Michelle Yeoh (មីឈែល យ៉ូ), តារាសម្ដែង Pete Davidson (ភីត ដេវីនស៊ុន), តារាសម្ដែង Ron Perlman (រ៉ុន ផើលម៉េន) និងតារាសម្ដែង Peter Dinklage (ភីតធើ ឌីងឡេក) ជាដើម។

 


ភាពយន្ត 'Transformers: Rise of the Beasts' (ត្រេនហ្វមមើ រ៉ាយស៍ អហ្វ ដឺ ប៊ីស) នឹងចាក់បញ្ចាំងតាមរោងភាពយន្តទូទាំងពិភពលោកចាប់ពីថ្ងៃទី៩ ខែមិថុនា ខាងមុខ ដោយភាពយន្តវគ្គថ្មីមួយទៀតគ្រោងចាក់បញ្ចាំងខែកក្កដា ឆ្នាំ២០២៤៕

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024