ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

កម្ពុជា និងចិន នឹងពិនិត្យលទ្ធភាពចុះ MoU លើកទី៧ ដើម្បីបើកផ្លូវលើការនាំចេញអង្ករកម្ពុជាទៅទីផ្សារចិនបន្ថែម

២៤ ឧសភា ២០២៣ | សេដ្ឋកិច្ច

 

កម្ពុជា និងចិន នឹងពិនិត្យលទ្ធភាពចុះអនុស្សរណៈយោគយល់គ្នា (MOU) លើកទី៧ ដើម្បីបើកផ្លូវលើការនាំចេញអង្ករកម្ពុជា ឱ្យកាន់តែច្រើនបន្ថែមទៀតទៅកាន់ចិន ខណៈកម្ពុជាបានស្នើសុំកូតានាំចេញអង្ករពីកម្ពុជាបន្ថែម។

 


ការស្នើសុំនេះត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំផ្តោតទៅលើវឌ្ឍនភាពនៃការអនុវត្តអនុស្សរណៈយោគយល់លើកទី៦ ស្តីអំពីការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន គម្រោងចុះ MOU លើកទី៧ ស្តីអំពីការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន ធ្វើឡើងបន្ទាប់ពី MOU លើកទី៦ លើបរិមាណអង្ករចំនួន៤០ម៉ឺនតោន ដែលបានចុះហត្ថលេខាកាលពីខែវិច្ឆិកា ឆ្នាំ២០២១ ត្រូវបានអនុវត្តន៍សម្រេចបានតាមផែនការទាំងស្រុង ដែលនឹងបញ្ចប់នៅចុងខែឧសភានេះ។

 


ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ថា បន្ទាប់ពីសហព័ន្ធស្រូវអង្ករកម្ពុជា បានប្រជុំជាមួយក្រុមហ៊ុនសាជីវកម្ម សាធារណរដ្ឋប្រជាមានិតចិន (COFCO) កាលពីសប្តាហ៍មុន ដើម្បីពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តអនុស្សរណៈយោគយល់លើកទី៦ ភាគីទាំងពីរបានពិភាក្សាលើលទ្ធភាព នៃការរៀបចំអនុស្សរណៈយោគយល់លើកទី៧ ដើម្បីនាំចេញអង្ករទៅចិនឱ្យបានកាន់តែច្រើន។

 


តែយ៉ាងនេះក្តី បរិមាណអង្ករដែលត្រូវចុះ MOU លើកទី៧ខាងមុខនេះ មិនទាន់ត្រូវបានកំណត់នៅឡើយទេ ដោយភាគីទាំងពីរនឹងពិភាក្សាគ្នាបន្តទៀត។ ចំណែក ការអនុវត្តទៅលើ MOU នេះ ត្រូវបានព្រមព្រៀងគ្នារយៈពេល១៧ខែ។

 


លោកបន្តថា ក្នុងនោះដែលយើងបានស្នើសុំភាគី COFCO បន្ថែមបរិមាណដល់ការនាំចេញអង្ករពីកម្ពុជាទៅប្រទេសចិន រួមទាំងបានស្នើសុំនូវផែនការបញ្ជាទិញពីខាងភាគីចិននូវបរិមាណប្រចាំខែនីមួយៗ ដើម្បីយើងងាយស្រួលក្នុងការធ្វើផែនការត្រៀមស្តុកស្រូវជូនទៅដល់អតិថិជននៅក្នុងប្រទេសចិន។

 


ក្នុងការអនុវត្តMOUកន្លងមក ភាគីទាំងពីរបានពេញចិត្តលើវឌ្ឍនភាពនៃការរីកចម្រើនលើវិស័យស្រូវអង្ករកម្ពុជា-ចិន ដែលភាគីចិនបានទិញអង្ករពីកម្ពុជា ក្នុងរយៈពេល ១០ឆ្នាំ នេះ បានកើនឡើងពី ៦០០តោន នៅឆ្នាំ២០១១ ទៅដល់ជាង ៣០ម៉ឺនតោនក្នុងមួយឆ្នាំ ដែលស្មើនឹង១០% នៃការនាំចូលអង្ករសរុបរបស់ប្រទេសចិនក្នុងមួយឆ្នាំ។

 


គួរបញ្ជាក់ថា បើយោងតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា ត្រីមាសទី១ ឆ្នាំ២០២៣នេះ កម្ពុជាបាននាំចេញអង្ករចំនួនជាង១៧ម៉ឺនតោន ទៅកាន់៤២ទីផ្សារគោលដៅ ទទួលបានថវិកាជាង១២៦លានដុល្លារ ក្នុងនោះនាំចេញទៅចិនបរិមាណច្រើនជាងគេ ចំនួនជាង៨ម៉ឺនតោន ដែលកាន់កាប់ចំណែក ៤៨ភាគរយនៃការនាំចេញសរុប៕

 

 

អត្ថបទ៖ ចរិយា រូបភាព៖ ឯកសារ+សហព័ន្ធស្រូវអង្ករ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024