ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

ការវិនិយោគនៅក្នុងប្រទេសថៃ កើនឡើង ៧៧% ក្នុងត្រីមាសទី១ 

២៣ ឧសភា ២០២៣ | សេដ្ឋកិច្ច

 

ក្រុមប្រឹក្សាវិនិយោគថៃ បានបង្ហាញថា នៅក្នុងត្រីមាសទី១ តម្លៃនៃការវិនិយោគនៅក្នុងប្រទេសថៃ បានកើនឡើង ៧៧% ដល់ ៥ពាន់ ៤រយលានដុល្លារអាមេរិក ដោយមានសំណើគម្រោងជិត ៤០០សំណើ និងកូរ៉េខាងត្បូង គឺជាអ្នកវិនិយោគបរទេសកំពូល។ នេះបើយោងតាម សារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃនេះ។ប្រភពដដែលបានគូសបញ្ជាក់ថា ការវិនិយោគពីបរទេសមានចំនួនជាង ៤ពាន់ ៤រយលានដុល្លារអាមេរិក នៃការវិនិយោគសរុប កើនឡើង ១១៥% ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន។

 


អគ្គលេខាធិការនៃ ក្រុមប្រឹក្សាវិនិយោគថៃ បានបញ្ជាក់ថា វិនិយោគិនកូរ៉េខាងត្បូង បានជាប់ចំណាត់ថ្នាក់លេខ ១ ជាមួយនឹងការវិនិយោគមានតម្លៃ ៩រយលានដុល្លារអាមេរិក ដោយផ្អែកលើគម្រោងវិនិយោគដែលបានដាក់ជូន ក្រុមប្រឹក្សាវិនិយោគថៃ សម្រាប់កញ្ចប់លើកទឹកចិត្តផ្នែកពន្ធ និងការវិនិយោគក្នុងអំឡុងពេល ៣ខែដំបូងនៃឆ្នាំ ២០២៣។ចំណាត់ថ្នាក់ទីពីរគឺ សិង្ហបុរី តាមពីក្រោយដោយ ប្រទេសចិន និងជប៉ុន។

 


ថ្នាក់ដឹកនាំរូបនេះ បានចាត់ទុកការកើនឡើងនៃតម្លៃវិនិយោគ គឺដោយសារការថមថយចុះនៃជំងឺរាតត្បាត ដែលបណ្តាលឱ្យរាជរដ្ឋាភិបាលបើកប្រទេសឡើងវិញយ៉ាងពេញលេញ ដើម្បីស្វាគមន៍អ្នកជំនួញបរទេសត្រឡប់មកវិញ។ជាមួយគ្នានេះ ក្រុមហ៊ុននៅក្រៅប្រទេសជាច្រើន ក៏បានសម្រេចចិត្តផ្លាស់ប្តូរទីតាំងផលិតកម្មរបស់ពួកគេ ទៅកាន់ប្រទេសថៃ ដើម្បីជៀសវាងផលប៉ះពាល់នៃជម្លោះភូមិសាស្ត្រនយោបាយ។

 


ការវិនិយោគក្នុងវិស័យអេឡិចត្រូនិក ក៏បានបន្តកើនឡើង ដោយសារតែការលើកទឹកចិត្តវិនិយោគដ៏ទាក់ទាញ និងការជំរុញការវិនិយោគរបស់ ក្រុមប្រឹក្សាវិនិយោគថៃ ក្រោមយុទ្ធសាស្ត្ររយៈពេល ៥ឆ្នាំរបស់ខ្លួន។តម្លៃនៃការវិនិយោគលើឧបករណ៍អគ្គិសនី និងឧបករណ៍អេឡិចត្រូនិក មានចំនួន ២ពាន់ ៧រយលានដុល្លារអាមេរិក ដែលជាចំនួនធំបំផុតក្នុងចំណោមឧស្សាហកម្មគោលដៅ។


សូមជម្រាបថា ក្រោមយុទ្ធសាស្ត្រដែលត្រូវអនុវត្តពីឆ្នាំ ២០២៣ ដល់ឆ្នាំ ២០២៧ ក្រុមប្រឹក្សាវិនិយោគថៃ នឹងគាំទ្រដល់ការវិនិយោគក្នុងវិស័យបច្ចេកវិទ្យាខ្ពស់ ឧស្សាហកម្មបៃតង និងឆ្លាតវៃ ក៏ដូចជាអាជីវកម្មដែលជំរុញដោយការច្នៃប្រឌិត ដែលទាំងអស់នេះត្រូវបានគេជឿថា នឹងនាំទៅរកសេដ្ឋកិច្ចថ្មី និងបង្កើនការប្រកួតប្រជែង៕

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024