ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤

តម្លៃប្រេងឆៅសកល ហាក់កើនឡើងបន្តិច ដោយសារតម្រូវការកើនឡើង

២៣ ឧសភា ២០២៣ | សេដ្ឋកិច្ច

 

តម្លៃប្រេងឆៅសកល បានកើនឡើងបន្តិច ខណៈដែលអ្នកវិនិយោគ រំពឹងថា ទីផ្សារកាន់តែតឹងតែង ដោយសារការកើនឡើងនៃ តម្រូវការប្រេងសាំងតាមរដូវ និងការកាត់បន្ថយការផ្គត់ផ្គង់ពី អ្នកផលិត OPEC+។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានធំៗនៅថ្ងៃនេះ។

 


ប្រភពដដែលបានគូសបញ្ជាក់ថា ប្រេង West Texas Intermediate សម្រាប់ការចែកចាយខែមិថុនា បានកើនឡើង ១% មកនៅ ៧២ដុល្លារក្នុងមួយបារ៉ែល នៅលើផ្សារហ៊ុន New York Mercantile Exchange ខណៈប្រេងឆៅ Brent សម្រាប់ចែកចាយនៅខែកក្កដា បានកើនឡើងចំនួន ១% មកនៅតម្លៃជិត ៧៦ដុល្លារក្នុងមួយបារ៉ែល។

 


ទោះជាយ៉ាងណាក៏ដោយ តម្លៃប្រេង ស្ថិតនៅក្នុងការត្រួតពិនិត្យ និងតាមដានធៀបនឹង ប្រាក់ដុល្លារដ៏រឹងមាំ ហើយទីផ្សារ ក៏កំពុងរង់ចាំព័ត៌មានស្តីពី ការពិភាក្សាអំពីពិដានបំណុលរបស់សហរដ្ឋអាមេរិកផងដែរ។

 


ទោះយ៉ាងណា ទីភ្នាក់ងារថាមពលអន្តរជាតិ បានព្រមានអំពីកង្វះខាតប្រេង ដែលកំពុងកើនឡើងនៅក្នុងឆមាសទី ២ នៃឆ្នាំនេះ នៅពេលដែលតម្រូវការប្រេង ត្រូវបានគេរំពឹងថា នឹងកើនលើសការផ្គត់ផ្គង់ជិត ២លានបារ៉ែលក្នុងមួយថ្ងៃ។


អ្នកជំនាញ បានលើកឡើងថា អាស៊ី នឹងដឹកនាំកំណើនតម្រូវការប្រេងប្រហែល ២លានបារ៉ែលក្នុងមួយថ្ងៃ នៅក្នុងឆមាសទី ២ នៃឆ្នាំនេះ ដោយការកើនឡើងនេះ អាចនាំឱ្យមានការខ្វះខាតការផ្គត់ផ្គង់ប្រេង និងជំរុញឱ្យតម្លៃកើនឡើង។


ជាមួយគ្នានេះ ស្ថាប័ន JP Morgan បានបញ្ជាក់ថា ការនាំចេញប្រេងឆៅ និងផលិតផលប្រេងសរុបពី OPEC+ បានធ្លាក់ចុះចំនួន ១លាន ៧សែន បារ៉ែលក្នុងមួយថ្ងៃ គិតត្រឹមថ្ងៃទី ១៦ ខែឧសភា ដោយបន្ថែមថា ការនាំចេញប្រេងរបស់រុស្ស៊ី ទំនងជានឹងធ្លាក់ចុះនៅចុងខែឧសភានេះដែរ។


សូមជម្រាបថា ប្រាក់ដុល្លារកាន់តែរឹងមាំ អាចដាក់បន្ទុកលើតម្រូវការប្រេង ដោយធ្វើឱ្យប្រេងឥន្ធនៈកាន់តែថ្លៃ សម្រាប់អ្នកកាន់រូបិយប័ណ្ណផ្សេងទៀត ខណៈអត្រាការប្រាក់នៅអាមេរិក កាន់តែខ្ពស់ ជំរុញការចំណាយលើការខ្ចី ដែលអាចធ្វើឲ្យសេដ្ឋកិច្ចធ្លាក់ចុះ និងកាត់បន្ថយតម្រូវការប្រេង៕

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024