ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

សារព័ត៌មានអន្តរជាតិកោតសរសើរការតាំងចិត្តរបស់ ស៊ីន យូប៊ីន

២៣ ឧសភា ២០២៣ | កម្សាន្ដ

 

សារព័ត៌មានអន្តរជាតិធំៗបានកោតសរសើរការតាំងចិត្តរបស់តារាសម្ដែងកម្ពុជា ស៊ីន យូប៊ីន ដែលអាចបង្ហាញខ្លួនយ៉ាងលេចធ្លោនៅកម្មវិធីមហោស្រពភាពយន្តទីក្រុងកានបើទោះជាមានរបួសជើងនិងត្រូវប្រើឈើច្រត់ក៏ដោយ។

 


របួសជើងបែបណាក៏មិនអាចរារាំង ស៊ីន យូប៊ីន មិនឱ្យដើរលើកម្រាលព្រំក្រហមក្នុងមហោស្រពភាពយន្តទីក្រុងកានបានដែរ។ នេះគឺជាការលើកឡើងរបស់សារព័ត៌មានសិល្បៈ ហូលីវូដ Justjared.com (ចាស់ជែរ៉េដ ដតខំ) ចំពោះវត្តមានតារាសម្ដែងកម្ពុជា ស៊ីន យូប៊ីនក្នុងព្រឹត្តិការណ៍មហោស្រពភាពយន្តទីក្រុងកានឆ្នាំ២០២៣។

 


តារាស្រីវ័យ ២៨ ឆ្នាំរូបនេះត្រូវបានគេឃើញបង្ហាញខ្លួនលើកម្រាលព្រំនៃមហោស្រពភាពយន្តធំបំផុតប្រចាំឆ្នាំ ដោយមានឈើច្រត់ជំនួយ សម្រាប់ការសម្ពោធភាពយន្តចំនួន ៣រឿងកាលពីចុងសប្ដាហ៍កន្លងទៅ។ក្នុងឈុតដំបូង យូប៊ីនបានជ្រើសរើសរ៉ូបពណ៌ទឹកសមុទ្រពីម៉ាក Sima Couture (ស៊ីម៉ា ខូតឆួ) ដ៏ស្រស់ស្អាតសម្រាប់កម្មវិធីសម្ពោធភាពយន្តជប៉ុន “Monster”។ 

 


សម្រាប់ថ្ងៃទី២ ក្នុងពិធីសម្ពោធភាពយន្តអាល្លឺម៉ង់ “The Zone Of Interest” (ដឹ ហ្សូន អហ្វ អ៊ិនធើរ៉េស) ឈុតដែល យូប៊ីន ស្លៀកបង្ហាញបានទទួលការចាប់អារម្មណ៍កាន់តែច្រើនដោយនាងបានជ្រើសរើសដើរជើងទរទេ ដើម្បីជាការគោរពដល់វប្បធម៌ខ្មែរ ខណៈរ៉ូបរបស់នាងមានបង្កប់ពណ៌ទង់ជាតិកម្ពុជា លម្អដោយគ្រឿងអលង្កានាគរាជពណ៌មាស តំណាងឱ្យដើមកំណើតជនជាតិខ្មែរដែលមានប្រវត្តិនិងមានពូជពង្សជាអំបូរនាគ។

 


សម្រាប់ថ្ងៃទី៣ ក្នុងពិធីសម្ពោធភាពយន្តអង់គ្លេស “Firebrand “ (ហ្វាយអ៊ើប្រេន) ស៊ីន យូប៊ីន បានស្លៀករ៉ូបផ្កាពណ៌ខៀវដ៏ស្រស់ស្អាតពីប្រេន Michael Cinco (ម៉ាយឃើល ស៊ិនកូ)។

 


ផ្ដល់សម្ភាសជាមួយទស្សនាវដ្ដីអន្តរជាតិ Harper's Bazaar (ហាភើ បាហ្សា) កាលពីពេលថ្មីៗ តួឯកស្រីភាពយន្តភាគ “រឿងស្នេហ៍គូដណ្ដឹង” និយាយថា កញ្ញាប្តេជ្ញានឹងធ្វើឱ្យវប្បធម៌កម្ពុជាត្រូវបានទទួលស្គាល់យ៉ាងសក្ដិសម តាមរយៈការផ្សព្វផ្សាយទៅកាន់ពិភពលោក ហើយកញ្ញាសង្ឃឹមថាការងាររបស់ខ្លួននឹងអាចជំរុញចិត្តភ្ញៀវទេសចរមកទស្សនាប្រទេសកម្ពុជា សិក្សាពីបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែប និងធ្វើជាសាក្សីចំពោះភាពស្រស់ស្អាតដ៏អស្ចារ្យដែលប្រទេសកម្ពុជាផ្តល់ជូន ៕
 

 

ប្រែសម្រួល៖ វ៉ាន់ថន
 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024