ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

សម្តេចតេជោ៖ ក្រោមគំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» បាននាំឲ្យមានសមិទ្ធផល និងការវិនិយោគជាច្រើននៅកម្ពុជា

២៣ ឧសភា ២០២៣ | សេដ្ឋកិច្ច

 

សម្តេចតេជោ បានមានប្រសាសន៍ថា ក្រោមគំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» បាននាំឲ្យមានសមិទ្ធផល និងការវិនិយោគជាច្រើននៅកម្ពុជា តែយ៉ាងណាជញ្ជីងពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងចិន នៅមិនទាន់ស្មើគ្នានៅឡើយ ដោយទំនិញចិននាំចូលកម្ពុជាមានទំហំធំជាង ហើយភាគច្រើនជាវត្ថុធាតុដើម ។

 

 

ក្នុងកម្មវិធីសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិត និងសម្ពោធដាក់ឱ្យដំណើរការរោងចក្រផលិតសំបកកង់ ដើម្បីអបអរសាទរខួបលើកទី១០ នៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយ ផ្លូវមួយ នៅតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គូសបញ្ជាក់ថា មានលក្ខខណ្ឌចំនួន៣ ដែលនាំឱ្យកម្ពុជា ក្លាយជាសមាជិកគំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» របស់ចិន រួមមាន៖ ការរក្សាបានសន្តិភាព និងអភិវឌ្ឍន៍, មិនប្រឆាំងប្រទេសដទៃ និងគោរពមជ្ឈភាពរបស់អាស៊ាន ហើយគំនិតផ្តួចផ្តើមនេះ បានផ្តល់ផលប្រយោជន៍សម្រាប់ប្រជាពលរដ្ឋកម្ពុជា។

 

 

ជាក់ស្តែងដូចជាពហុកីឡដ្ឋានជាតិមរតកតេជោ ដែលទើបទទួលភ្ញៀវស៉ីហ្គេម និងបិទបញ្ចប់ដោយជោគជ័យនាពេលថ្មីៗកន្លងទៅនេះ។ ក្រៅពីនេះ នៅមានផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ, ព្រលានយន្តហោះអន្តរជាតិសៀមរាប, គម្រោងតភ្ជាប់ខ្សែកាប្លិ៍អ៉ីនធើណិតក្រោមបាតសមុទ្រ ហុងកុង-ព្រះសីហនុ រួមទាំងបណ្តាគម្រោងអភិវឌ្ឍន៍ផ្លូវថ្នល់ ស្ពាន មន្ទីរពេទ្យ ជាច្រើនទៀតផងដែរ។

 


សម្តេចតេជោ ហ៊ុន សែន បន្តថា មិនមែនតែកម្ពុជាទេ ដែលទទួលបានផលប្រយោជន៍ពីគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវនេះ បណ្តាប្រទេសអាស៊ានដទៃទៀត ក៏កំពុងទទួលបានផលប្រយោជន៍ផងដែរ ដូចជាវត្តមាននៃផ្លូវរថភ្លើង, ផ្លូវ Highway តភ្ជាប់រវាងចិន និងប្រទេសអាស៊ាន ជាដើម។

 


បើមើលពីផ្នែកកសិកម្មវិញ ជាលទ្ធផលនៃគំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» នេះ បានធ្វើអោយការនាំចេញផលិតផលកសិកម្មកម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន ក្នុងរយៈពេល៣ឆ្នាំ ៦ខែ គិតចាប់ពីឆ្នាំ២០១៩ រហូតដល់ ៦ខែ ដើមឆ្នាំ២០២២ កន្លងមកនេះ សម្រេចបានទំហំជាង ២.៤ លានតោន ដែលក្នុងនោះ មានផ្លែចេកស្រស់ អង្ករ ចំណិតដំឡូងមីក្រៀម ម្សៅដំឡូងមី ដំណាប់ស្វាយ ជ័រកៅស៊ូ កាកសំណល់ដំឡូងមី ផ្លែស្វាយស្រស់ គ្រាប់ស្វាយចន្ទីកែច្នៃ ម្សៅកាកាវ និងផលិតផលកសិកម្មចំនួន២៤មុខផ្សេងទៀត ដែលមានតម្លៃជតិ២ពាន់លានដុល្លារអាមេរិក។

 


គួរបញ្ជាក់ថា បើយោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញថាប្រទេសចិន បានបន្តឈរលើកំពូលតារាងជាប្រទេសដែលមានទំហំពាណិជ្ជកម្មទ្វេភាគីជាមួយកម្ពុជាច្រើនជាងគេក្នុងឆ្នាំ ២០២២ ដោយសម្រេចបានជាង ១១ ពាន់លានដុល្លារកើនជាង ៤ ភាគរយបើធៀបឆ្នាំ ២០២១ ៕
 

 

 

អត្ថបទ៖ ម៉ៅ ចរិយា រូបភាព៖ ឯកសារ+ក្រុមការងារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024