ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បន្ថែមប្រាក់ឧបត្ថមសម្រាប់ក្រុមជម្រើសជាតិបាល់ទះបុរសកម្ពុជា

២២ ឧសភា ២០២៣ | កីឡា

 


(ភ្នំពេញ)៖ នាល្ងាចថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២៣ ក្រុមហ៊ុន ខ្មែរប៊ែវើរីជីស បានរៀបចំពិធីសំណេះសំណាលរវាងអ្នកគាំទ្រនឹងបានតម្លើងប្រាក់ឧបត្ថមរហូតដល់២ម៉ឺនដុល្លាសម្រាប់ក្រុមជម្រើសជាតិបាល់ទះបុរស កម្ពុជា ក្នុងសាល ដែលដណ្តើមបានមេដាយប្រាក់ ពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម កាលពីពេលថ្មីៗនេះ ។ពិធីសំណេះសំណាលរវាងអ្នកគាំទ្រនិងក្រុមជម្រើសជាតិកីឡាករបាល់ទះដ៏រីករាយនេះបានរៀបចំឡើងនៅក្នុងផ្សារទំនើបយក្ស ជីបម៉ុង ២៧១ មេហ្គាម៉ល រួមជាមួយវត្តមានរបស់លោកឧកញ៉ា លាង ម៉េង ថ្នាក់ដឹកនាំកំពូលនៃក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស និងលោក អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធបាល់ទះកម្ពុជា ។

 


ក្នុងឱកាសដ៏សប្បាយរីករាយនោះលោក អាំង សិរីពិសិដ្ឋ បានធ្វើការអរគុណដល់បងប្អូនកីឡាករនិងគ្រូបង្វឹកនៃសហព័ន្ធបាល់ទះទាំងអស់ ជាពិសេសអ្នកគាំទ្រកម្ពុជាយ៉ាងច្រើនដែលមិនបោះបង់ការគាំទ្របើទោះបីជាក្រុមកម្ពុជាដណ្តើមបានមេដាយប្រាក់ក៏ពិតមែន ។ អគ្គលេខាធិការខាងលើកឡើងថា ការគាំទ្ររបស់បងប្អូនប្រជាពលរដ្ឋនេះហើយគឺជាកម្លាំងចិត្តដែលជួយអោយក្រុមកីឡាកររបស់យើងកាន់តែមានទឹកចិត្តក្នុងការប្រកួត ។ ហើយខ្ញុំជឿជាក់ថាតាមរយៈសន្ទុះនៃការកើនឡើងសមត្ថភាព ពីមួយកម្រិតទៅមួយកម្រិត ក្រុមជម្រើសជាតិកម្ពុជា និងអាចប្រជែងបានមេដាយមាសសម្រាប់ការប្រកួតស៊ីហ្គេមលើកក្រោយមិនមែនមេដាយប្រាក់ទៀតនោះទេ ។ នេះជាការបញ្ជាក់បន្ថែមរបស់លោក អាំង សេរីពិសិដ្ឋ ។

 


ជាមួយគ្នានោះលោកឧកញ៉ា លាង ម៉េង ក៏បានមានប្រសាសន៍ដែលថា ដោយសារតែការស្រលាញ់ ចង់លើកស្ទួយវិស័យកីឡាបាល់ទះកម្ពុជាយើងអោយមានការរីកចម្រើនដូចបណ្តាលប្រទេសដែលមានភាពជឿនលឿន ។ លោកឧកញ៉ាបន្តថា ដោយមើលឃើញថាវិស័យបាល់ទះនៅតាមបណ្តាលប្រទេសជិតខាងមានការអភិវឌ្ឃខ្លាំងខណៈដែលកម្ពុជាក៏កំពុងស្ទុះទៅរកភាពខ្លាំងនាពេលអនាគត់ផងនោះ ។


លោកឧកញ៉ា លាង ម៉េង លើកឡើងថាធម្មតាការប្រកួតប្រជែងប្រសិនបើយើងយកឈ្នះតែក្រុមដែលអន់ៗនោះសមត្ថភាពយើងក៏មិនមានការរីកចម្រើនអ្វីដែលតែបើយើងប្រកួតប្រជែងជាមួយអ្នកខ្លាំងនោះសមត្ថភាពយើងក៏រឹតតែខ្លាំង ។ ហើយខ្ញុំសង្ឃឹមថាលើកនេះយើងដណ្តើមបានមេដាយប្រាក់លើកក្រោយយើងនឹងអាចដណ្តើមបានមេដាយមាសខ្ញុំនឹងតម្តើងប្រាក់ឧបត្ថមរហូតដល់៥ម៉ឺនដុល្លា ។សូមបញ្ជាក់ថាបន្ទាប់ពីពិធីសំណេះសំណាលអ្នកគាំទ្រទាំងអស់ក៏បានធ្វើការថតរូបជាមួយក្រុមកីឡាករជម្រើសជាតិបាល់ទះដើម្បីទុកជាអនុស្សាវរីយ៍ថែមទៀតផង ។

 


អត្ថបទដោយ៖ សារ៉ាន ទីងី

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024