ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

កម្មវិធីសិក្សា មិនយឺតយ៉ាវ ឬខកខាន ដោយសារទូទាត់នឹងវិស្សមកាលធំ

១៩ ឧសភា ២០២៣ | ព័ត៌មានជាតិ



អ្នកខ្លះបារម្ភថា ការឈប់សម្រាកពីការសិក្សា ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមថ្មីៗនេះ ធ្វើឱ្យការសិក្សាជាក់ស្តែង យឺតយ៉ាវជាងកម្មវិធី ដែលបានដាក់ចេញ ឬ ខកខានតែម្តង។ ប៉ុន្តែមន្ត្រីនាំពាក្យពន្យល់ថា ពុំមានយឺតយ៉ាវ ឬខកខានទេ ព្រោះការឈប់សម្រាកជាងកន្លះខែមកនេះ គឺជាការជំនួសវិស្សមកាលធំ ឬពេលវ៉ាកងធំ។

 


នៅពេលសួរថាតើការឈប់សម្រាកពីការសិក្សា សម្រាប់ការរៀបចំប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ហើយទើបតែបានបញ្ចប់ទៅ ដោយបន្សល់ទុកនូវភាពជោគជ័យ និងអនុស្សាវរីយដ៏អស្ចារ្យពុំអាចបរិយាយបាននេះ បាននាំឱ្យការសិក្សាជាក់ស្តែងរបស់សិស្សានុសិស្ស មានភាពយឺតយ៉ាវជាងកម្មវិធីដែលបានដាក់ចេញ ឬ ខកខានកម្មវិធីសិក្សាខ្លះ ដែរឬយ៉ាងណា ហើយបើនាំឱ្យមានភាពយឺតយ៉ាវ និង អាចចខកខាន ឬ រំលងចោលមែននោះ តើក្រសួងអប់រំមានមធ្យោបាយ ឬ ដំណោះស្រាយយ៉ាងណា ជាដំបូង ឯកឧត្តម បណ្ឌិត រស់ សុវាចា អគ្គលេខាធិការ និងមន្ត្រីនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា ពុំបានឆ្លើយតបជាពាក្យសម្តីអ្វីឡើយ គ្រាន់តែបានបញ្ជូនឯកសារចំនួន ១០ ទំព័រ ដែលបរិយាយអំពីការជូនដំណឹងនានារបស់ក្រសួងអប់រំ ដូចជាកាលបរិច្ឆេទ នៃការប្រឡងផ្សេងៗ ហើយក្នុងនោះឯកឧត្តមបណ្ឌិត រស់ សុវាចា ក៏បានគូសសម្គាល់នូវបន្ទាត់សំណេរថា វិស្សមកាលធំ ពីថ្ងៃទី២០ ខែមេសា ដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ ។

 


បន្ទាប់មកទើបឯកឧត្តមបណ្ឌិតអគ្គលេខាធិការ រស់ វាចា បានផ្តល់ចម្លើយជាសំណេរមួយកថាខណ្ឌយ៉ាងខ្លី តាមរយៈតេឡេហ្ក្រាម របស់ PNN នៅថ្ងៃ១៥ រោច ខែជេស្ឋ ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា គ.ស ២០២៣ នេះថា ការដាក់វិស្សមកាលធំ គឺជាការគិតគូរគ្រប់ជ្រុងជ្រោយមួយ គឺមិនមែនជាការចៃដន្យទេ ។ កម្មវិធីសិក្សាបន្តប្រព្រឹត្តិទៅតាមការគ្រោងទុក ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់គ្រប់ភាគីពាក់ព័ន្ធ ក្នុងគោលដៅបន្តការអនុវត្តគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលអាចទទួលយកបាន ។

 


ការពន្យល់យ៉ាងខ្លី ប៉ុន្តែយ៉ាងចំគោលដៅ ហើយស្តាប់ទៅអាចគ្រប់គ្រាន់ និងគួរតែទទួលយកបានដោយស្ងប់ចិត្តនេះ ដោយសារមួយរយៈមកនេះ មានមតិខ្លះបានលើកឡើងជាក្តីបារម្ភថា ការឈប់សម្រាកពីការសិក្សាដោយសារកម្ពុជា ត្រូវរៀបចំប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នេះ នឹងប៉ះពាល់ដល់ការសិក្សារបស់សិស្សនុសិស្ស ពោលគឺការសិក្សាយឺតយ៉ាវជាងកម្មវិធីដែលបានដាក់ចេញ ឬ ក៏អាចខកខានកម្មវិធីសិក្សាខ្លះតែម្តង ហើយពួកគាត់បានសំណូមពរថា សិស្សានុសិស្ស មាតា បិតា អ្នកអាណាព្យាបាល លោកគ្រូ អ្នកគ្រូ និងក្រសួងអប់រំ គប្បីដាក់ចេញនូវយន្តការជាក់លាក់ ដើម្បី ពន្លឿនការសិក្សា ដែលជាការស្តារ ឬ ជំនួស ឱ្យទាន់កម្មវិធីដែលបានដាក់ចេញ ។

 


ដូច្នេះចម្លើយរបស់ឯកឧត្តមអគ្គលេខាធិការបណ្ឌិត រស់ សុវាចា ពាក់ព័ន្ធនឹងទៅវិស្សកាលធំនេះ បានសេចក្តីថា នៅពេលចូលសិក្សាឡើងវិញ ចាប់ពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ នេះតទៅ នឹងពុំមានវិស្សមកាលធំទៀតទេ សម្រាប់ឆ្នាំ២០២៣ នេះ ដ្បិតការឈប់សម្រាកអំឡុងពេលប្រកួតស៊ីហ្គែម នោះ គឺជាការជំនួសវិស្សមកាលធំ រួចហើយ ដែលក៏បានសេចក្តីថា ពុំមានភាពយឺតយ៉ាវ ឬ ការខកខានចំពោះកម្មវិធីសិក្សាដែលក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញហើយនោះទេ ៕
 

 

 

អត្ថបទ៖ ខឿន សាឃាង    រូបភាព៖ ឆិល សុភ័ស្ត 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024